គ្មានការព្រមព្រៀងអ្វីទាំងអស់ក្នុងកិច្ចចរចារ រវាងអ៊ុយក្រែន និង​រុស្ស៊ី នៅតួកគី​

7News

គ្មានការព្រមព្រៀងអ្វីទាំងអស់ក្នុងកិច្ចចរចារ រវាងអ៊ុយក្រែន និង​រុស្ស៊ី នៅតួកគី​

ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥៖

កិច្ចចរចា​សន្តិភាព​ដោយ​ផ្ទាល់​ជាលើក​ដំបូង រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ដោយ​មាន​តួកគី​ជា​អន្តរការី​ បាន​បិទ​បញ្ចប់ នៅ​រសៀល​ថ្ងៃ​សុក្រទី​១៦​ឧសភា។ ​គ្មាន​​ការ​ទម្លាយ​ឱ្យ​ដឹង​អំពី​ខ្លឹម​សារ​នៃ​ការ​ជជែក​គ្នា​ទេ ប៉ុន្តែ​​អ្នក​ទទួល​ខុស​ត្រូវ​អ៊ុយក្រែន​បាន​ចោទ​ថា​រុស្ស៊ី​បាន​ទាម​ទារ​នូវ​អ្វីដែល​មិន​អាច​ទទួល​បាន ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យកិច្ចចរចា​​បរាជ័យ។

នៅ​ទី​បំផុត ​ភាគី​រុស្ស៊ី និង​ភាគី​អ៊ុយក្រែនដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ ព្រម​ចូល​អង្គុយជជែក​​​​ទល់​មុខ​គ្នា​​​ នៅរសៀល​​ថ្ងៃសុក្រ​ទី​១៦​ឧសភា វេលា​ម៉ោង​១៥​និង​២០នាទី នៅទីក្រុង​អ៊ីស្តង់ប៊ូល ដោយ​មាន​រដ្ឋមន្ត្រីក្រសួងការបរទេស​តួកគី​ជាអ្នក​សម្រប​សម្រួល។ ​បើ​តាម​ប្រមុខ​ការ​ទូត​តួកគី នៅ​ពេលផ្តើម​​បើក​កិច្ចចរចា ដែល​ប្រព្រឹត្ត​ទៅ​អស់​​រយៈ​ពេល​​​១ម៉ោង​និង​៤០នាទី តួកគី​បានជំរុញ​​ឱ្យ​មាន​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន យ៉ាង​ឆាប់ៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និងប្រែក្លាយ​ការ​​ចរចា​ថ្ងៃ​នេះ​ជា​មូលដ្ឋាន​សម្រាប់​នាំឱ្យ​មាន​ជំនួប​ដោយ​ផ្ទាល់​រវាង​ប្រធានាធិបតី​រុស្ស៊ី​និង​សមភាគី​អ៊ុយក្រែន។

ប៉ុន្តែ​គ្មាន​ទេ​ការ​បង្ហើប​បង្ហាញ​ឱ្យ​ដឹង​អំពី​ខ្លឹមសារ​នៃ​កិច្ចសន្ទនានោះ។ ក្រោយ​កិច្ចពិភាក្សា​ចប់ អ្នក​ទទួល​ខុស​ត្រូវ​អ៊ុយក្រែន បាន​ប្រកាស​ចោទ​ប្រកាន់​ភាគី​រុស្ស៊ី​ថា​ទាមទារ​នូវ​អ្វី​ដែល​មិន​អាច​ទៅ​រួច ក្នុង​បំណង​ធ្វើ​យ៉ាងណា​ឱ្យ​ការ​ចរចា​បរាជ័យ។ ម៉ូស្គូ​បាន​ទាមទារ​ឱ្យ​កៀវ​បោះបង់​គំនិត​ចង់​ទារ​យក​ទឹក​ដី​ដែល​យោធារុស្ស៊ីទន្ទាន​បាន និង​ដក​កងទ័ព​​ចេញ​ពីតំបន់​ ​ក្រោមការ​ត្រួត​ត្រា​របស់រុស្ស៊ី ទើប​អាច​ចាប់​ផ្តើម​និយាយ​អំពី​បទ​ឈប់​បាញ់។ ម្យ៉ាង​វិញ​ទៀត សម្រាប់​ភាគី​អ៊ុយក្រែន តំណាង​រុស្ស៊ី​ជា​ក្រុម​គ្មាន​សមត្ថភាព សិទ្ធិ​​សម្រេច​អ្វី​ទាំង​អស់។

សូម​រំឭក​ថា កិច្ចចរចា​ដោយផ្ទាល់​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន គ្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៥​ឧសភា តាម​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ពូទីន ដែល​ដល់​ថ្ងៃ​ ស្រាប់​តែ​មិន​មក។ ​អវត្តមានហើយ​ ប្រធានាធិបតី​រុស្ស៊ីបញ្ជូន​តំណាងកំរិត​ទាប​មក​ចរចា​ទៀត។ ខក​ចិត្ត​ខ្លាំង លោកហ្សេឡេនស្គីនិង​រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក ដែលមក​ដល់តួកគី​​​​ទៅ​ហើយ បាន​ត្រឹម​ជួប​ជាមួយ​ប្រធានាធិបតី​ អ៊ែរដូហ្កាន។

នៅ​ចំពោះ​មុខ​បរាជ័យ​នេះ​ លោកប្រធានាធិបតី​អ៊ុយក្រែន ហ្សេឡេនស្គី បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ និង​ដាក់​​ទណ្ឌកម្ម​​​រុស្ស៊ី ព្រោះ​ រុស្ស៊ី​បញ្ជូន​តំណាង​មក​​បង្គប់​កិច្ច​ ទើប​ការចរចា​មិន​បាន​ផល។ នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ ប្រធានាធិបតី​អ៊ុយក្រែន ត្រូវ​ជួប​ប្រជុំ នៅ​ប្រទេស​អាល់បានី ​ជាមួយ​ប្រធានាធិបតី​បារាំង​ នាយករដ្ឋមន្ត្រី​អង់គ្លេស​ និង​អាល្លឹម៉ង់ ព្រមទាំង​ប្រធានាធិបតី​អាមេរិក តាម​ទូរស័ព្ទ ដើម្បី​​ដាក់​សម្ពាធលើ​រុស្ស៊ី។​ សម្រាប់​ប្រធានាធិបតី​បារាំង រុស្ស៊ី​របស់​លោក​ពូទីន គ្មាន​ឆន្ទៈ​ស្វែង​រក​បទ​ឈប់​បាញ់ជាមួយអ៊ុយក្រែន​ទេ ដូច្នេះ​សម្ព័ន្ធមិត្ត​ត្រូវ​តែ​រក​វិធី​បង្ខំ​ឱ្យ​រុស្ស៊ី​ព្រម។ ម្សិលមិញ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ត្រាំ ប្រកាស​ត្រៀម​ទៅ​ជួប​លោក​ពូទីន ដោយ​យល់​ថាជា​ជំនួប​ចាំបាច់​ សម្រាប់​ដោះស្រាយ​ជម្លោះ។

ចំពោះ​​រុស្ស៊ីវិញ តំណាង​ប្រតិភូប្រកាស​ពេញ​ចិត្ត​នឹង​កិច្ចចរចា​ដោយ​ផ្ទាល់​ជាមួយ​ភាគី​អ៊ុយក្រែនណាស់ ហើយ​ត្រៀម​ជា​ស្រេច​បន្ត​ទំនាក់ទំនង​បែបនេះ​ទៀត៕

Nº.0685

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top