អាមេរិក៖ បេក្ខជនប្រធានាធិបតីទាំង២ ប្រឹងនៅ នាទីចុងក្រោយ

7News

ចុះផ្សាយ នៅ ថ្ងៃ៖ 03/11/2024 







 អាមេរិក៖ បេក្ខជនប្រធានាធិបតីទាំង២ ប្រឹងនៅ នាទីចុងក្រោយ

 ក្នុងការឃោសនា ដែលពេញដោយសង្គ្រាមពាក្យ សំដីបាំងតែ ២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោត ប្រធានាធិបតី អាមេរិក នឹងមកដល់ហើយ។ បេក្ខជនទាំង២ គឺលោកស្រី កាម៉ាឡា ហារីស និង លោកដូណាល់ ត្រាំ កំពុងតែប្រឹងប្រែងសំរុក នៅនាទីចុងក្រោយ នៃយុទ្ធនាការឃោសនារៀងៗខ្លួន។ ជាការឃោសនា ដ៏សែនក្តៅគគុក និងពោរពេញដោយ សង្គ្រាមពាក្យ សំដីធ្ងន់ៗរិះគន់ជេរប្រមាថគ្នា។ ពិភពលោក ទាំងមូល កំពុងសំឡឹងមើលឃើញថា ការបោះឆ្នោតនេះ សហរដ្ឋអាមេរិកហាក់ដូចជា ត្រូវ ពុះចែកជា២ ដោយ មិនអាច ផ្សះផ្សារគ្នាបាន ។ នៅថ្ងៃអាទិត្យទី ៣វិច្ឆិកា នេះ លោកដូណាល់ នឹងទៅឃោសនា សាជាថ្មី នៅរដ្ឋសំខាន់ៗមួយចំនួន ដូចជារដ្ឋភែនស៊ីលវ៉ានី រដ្ឋការ៉ូលីនខាងជើង និងរដ្ឋ ហ្សកហ្ស៊ី។ លោកដូណាល់ ត្រាំ ដែលគេស្គាល់ច្បាស់ ថាជាមនុស្ស មាត់ឆៅ បាន ឃោសនាដោយប្រើ ភាសា គ្រោធគ្រាត និងមានន័យ បំបែកបំបាក់សង្គមអាមេរិកឲ្យស្អប់ខ្ពើមគ្នា ។ បន្ទាប់ពីបានប្រើពាក្យរិះគន់ ទៅលើរូបរាងកាយ របស់ លោកស្រីកាម៉ាឡា ហារីស លោកដូណាល់ ត្រាំ បាន ថែមទាំងតិះដៀលថា លោកស្រី គឺជាមនុស្ស ល្ងីល្ងើ ខ្សោយ បញ្ញា។

ដើម្បី ទាក់ទាញ អ្នកគាំទ្រខ្លួន លោកដូណាល់ ត្រាំ បាន រៀបរាប់ថាសហរដ្ឋអាមេរិក រាល់ថ្ងៃ កំពុងតែធ្លាក់ផុង ជ្រៅចុះអន់ថយគ្រប់វិស័យ ហើយ ត្រូវពួកអន្តោប្រវេសន៍ ចូលមក រ៉ៅឆាន បង្កបញ្ហា ចលាចល ។ លោកត្រាំអះអាងថា មានតែលោក ម្នាក់គត់ ដែលអាចដោះស្រាយ បញ្ហាទាំងនេះបាន ដើម្បី ការពារប្រជាជនអាមេរិក ។ លោកបានសន្យា ថា អន្តោប្រវេសន៍ខុសច្បាប់ណា ដែលបានប្រព្រឹត្តិបទឧក្រិដ្ឋ លើទឹកដីអាមេរិក គឺ នឹងត្រូវកាត់ទោសប្រហារជីវិត។ មិនត្រឹមតែប៉ុណ្ណោះទេ លោកដូណាល់ ត្រាំ និយាយ ផ្សព្វផ្សាយ ដំណឹងគ្មានមូលដ្ឋានមួយចំនួន ថាមានការក្លែងបន្លំសន្លឹកឆ្នោត ។ ព័ត៌មានប្រឌិតទាំងនេះ ហាក់ដូចជា បានចូលជ្រាបទៅក្នុងខួរក្បាលរបស់អ្នកគាំទ្រលោក ដោយ ម្នាក់ ៗបានទន្ទេញរត់មាត់យល់ថាជាការពិត ។

ដោយឡែក លោកស្រី កាម៉ាឡា ហារីស វិញ នៅថ្ងៃអាទិត្យ នេះ លោកស្រី នឹងត្រលប់ទៅកាន់រដ្ឋមីឈីហ្គែន ដើម្បីឃោសនា អូសទាញ អ្នកបោះឆ្នោតក្នុងរដ្ឋនេះ ដែលជារដ្ឋសំបូរដោយ រោងចក្រឧស្សាហកម្ម ។ ហើយ កាលពីថ្ងៃ សៅរ៍ លោកស្រី បានលេចមុខនៅក្នុងកម្មវិធីទូរទស្សន៍ មួយឈ្មោះថា Saturday Night Live របស់បណ្តាញទូរទស្សន៍ NBC។ ក្នុងការឃោសនាកន្លងមក លោកស្រី កាម៉ាឡា ហារីស បាន ចាត់ទុកលោកដូណាល់ ត្រាំ ថាគឺជាគ្រោះថ្នាក់មក លើ លទ្ធិប្រជាធិបតេយ្យអាមេរិក ព្រោះលោកដូណាល់ ត្រាំ គឺជាមនុស្សដែលមានទំនោរផ្តាច់ការ មានទំនោរហ្វាស៊ីស្ត៍ ហើយ មានចរិកក្រេវក្រោធចូលចិត្ត សងសិក ។ លោកស្រី កាម៉ាឡ ហារីស បាន ផ្តោតការឃោសនាទៅលើ ការប្រមូលបង្រួបបង្រួម ប្រជាជនអាមេរិក ឲ្យ សាមគ្គីគ្នាកុំបែកបាក់គ្នា ដោយឈរលើសិទ្ធិសេរីភាព សមភាព ដោយ មិនរើសអើងព៌ណសំបុរជាតិសាសន៍ ។

ទន្ទឹមគ្នានេះ លោកស្រី កាម៉ាឡា ហារីស បាន យក ការតស៊ូដើម្បីសិទ្ធិស្ត្រីក្នុងការរំលូតកូន ធ្វើជា ស្នូលដ៏ធំមួយ ក្នុងការឃោសនា ប្រាប់ទៅប្រជាជនអា មេរិក ថាលោកដូណាល់ ត្រាំគឺជាគ្រោះថ្នាក់ សម្រាប់ស្ត្រី ។ យ៉ាងណាមិញ កាលពីថ្ងៃសៅរ៍ មានមនុស្សប្រមាណ ១៥០០០នាក់ បានចូលរួមដើរដង្ហែរក្បួន នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំង ទល់នឹង កម្មវិធី នយោបាយបែប ជ្រុលនិយម បំបិទសិទ្ធិសេរីភាពរបស់ស្ត្រី របស់ លោក ដូណាល់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ទី ៣វិច្ឆិកា ប្រជាជនអាមេរិក ប្រមាណ ៧៥លាននាក់ហើយ ដែលបាន បោះឆ្នោត រួចរាល់មុនថ្ងៃកំណត់ នៅតាមរដ្ឋមួយចំនួន ។ បេក្ខជនឈរឈ្មោះទាំង ២ កំពុងតែប្រឹងប្រែងឃោសនា នៅនាទីចុងក្រោយ ដើម្បី អូសទាញ សន្លឹកឆ្នោត ពីអ្នកដែលមិនទាន់សម្រេចចិត្ត ។ ផ្អែកតាមស្ទាបស្ទង់មតិ មួយចំនួន គឺលោកដូណាល់ ត្រាំ និង លោកស្រី កាម៉ាឡា ហារីស អាចបានទទួលចំនួនសន្លឹកឆ្នោត ប្រហាក់ប្រហែលគ្នា ។ បរិយាកាស ឃោសនាបោះឆ្នោត លើកនេះ គឺត្រូវបាន គេសង្កេតឃើញថា ពោរពេញដោយ សង្គ្រាមពាក្យ សំដី ការជេរប្រមាណ រិះគន់គ្នាយ៉ាងធ្ងន់ៗ។ សង្គ្រាម ពាក្យសំដី ដែលគេកំពុងតែបារម្ភថាអាចឈានទៅក្លាយជាអំពើហិង្សា ដោយ ប្រើកម្លាំង នៅក្រោយថ្ងៃបោះឆ្នោត ថ្ងៃទី៥វិច្ឆិកា ៕


N.0012

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top