លោកជំទាវ ឱ វណ្ណឌីន៖ សូមកុំភ្លេចវិធានការ “៣ ការពារ និង ៣ កុំ” រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារពីវីរុសកូវីដ-១៩ បំប្លែងថ្មីជេអ៉ិន.១ (JN.1)

7News

លោកជំទាវ ឱ វណ្ណឌីន៖ សូមកុំភ្លេចវិធានការ “៣ ការពារ និង ៣ កុំ” រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារពីវីរុសកូវីដ-១៩ បំប្លែងថ្មីជេអ៉ិន.១ (JN.1)

ចេញផ្សាយនៅថ្ងទី១៨ ខែឧសភា ឆ្នាំ២០២៥៖

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា «ដោយសារស្ថានភាពកើតមានការឆ្លងឡើងវិញនូវវីរុសកូវីដ-១៩ បំប្លែងថ្មី ពិសេសពួក ជេអ៉ិន.១ (JN.1) ដែលកំពុងតែចរាចរនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅតាមតំបន់នៅលើពិភពលោក ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៍មានរួចហើយ ស្តីពី “ការបង្កើនការការពារខ្លួន ពីការឆ្លងវីរុសកូវីដ-១៩” ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ (ជូនភ្ជាប់មកជាមួយខាងក្រោមនេះស្រាប់)។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ការអារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលអាចមានផលប៉ះពាល់សុខភាពដោយសារជំងឺកូវីដ-១៩ ជាពិសេសជនដែលងាយរងគ្រោះ មានដូចជាជនវ័យចាស់ ចាស់ជរា អ្នកដែលមានជំងឺរុំារ៉ៃនិងអ្នកដែលមានកងការពារខ្សោយនៅក្នុងខ្លួនជាដើម។


ដើម្បីអាចការពារខ្លួនពីការវាយលុកក្នុងសរីរាង្គរាងកាយបុគ្គល ជាពិសេសក្រុមងាយទទួលរងគ្រោះពីជំងឺកូវីដ-១៩នេះ ដែលអាចឈានដល់ភាពធ្ងន់ធ្ងរ និងអាចស្លាប់បាត់បង់ជីវិតបានដែរនោះ ខ្ញុំសូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសគឺក្រុមងាយរងគ្រោះ ដូចបានរៀបរាប់ខាងលើ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ភីហ្វាយហ្សឺ (Pfizer) ដែលមាននៅតាមបណ្តារាជធានី-ខេត្តទាំង២៥ (នៅតាមមណ្ឌលសុខភាព ឫមន្ទីរពេទ្យរដ្ឋ) ចាប់ពីពេលនេះតទៅ ។

សូមកុំភ្លេចវិធានការ “៣ ការពារ និង ៣ កុំ” រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ទើបអាចជួយកាត់បន្ថយជាអតិប្បរិមា នូវភាពធ្ងន់ធ្ងរ នៃជំងឺ ការចូលសម្រាកពេទ្យ និងការស្លាប់ ដូចដែលយើងទាំងអស់គ្នាឆ្លងកាត់បទពិសោធន៍ទទួលបានលទ្ធផលល្អទាំងនេះនៅឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ស្រាប់ហើយ។ 

សូមជម្រាបជូនសាធារណជនថា កម្ពុជាបច្ចុប្បន្នមិនទាន់មានស្ថានភាពឆ្លងឡើងវិញ នូវវីរុសកូវីដ-១៩ នៅឡើយទេ ប៉ុន្តែការ “ការពារប្រសើរជាងព្យាបាល” ជាជម្រើសដ៏ល្អប្រសើរបំផុត សម្រាប់យើងទាំងអស់គ្នា ហើយយើងក៏កំពុងផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុននាពេលនេះផងដែរ។ 

រួមគ្នា ដើម្បីកម្ពុជា ចៀសផុតពីការលេចចេញឡើងវិញ នូវការឆ្លងបន្តគ្នានូវវីរុសកូវីដ-១៩ ដោយយើងទាំងអស់គ្នា ត្រូវតែត្រៀមខ្លួន និងការពារខ្លួនទុកជាមុន ឱ្យបានល្អប្រសើរ »៕

Nº.0686

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top