លោកចូ បៃដិន មានជំងឺ មហារីប្រូស្តាត ក្នុងកម្រិតមួយ ធ្ងន់ធ្ងរ
ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥៖
លោកចូ បៃដិន អតីតប្រធានាធិបតី សហរដ្ឋអាមេរិក ត្រូវបានក្រុមគ្រូពេទ្យ រកឃើញថាមាន ជំងឺមហារីក ប្រូស្តាត ក្នុងកម្រិតមួយធ្ងន់ធ្ងរ។ មានអាយុ ៨២ឆ្នាំ សុខភាពរបស់លោកចូ បៃដិន បានចុះទ្រុឌទ្រោម តាំងតែពីចុងអាណត្តិប្រធានាធិបតីរបស់លោក មុននឹងលោក បានសម្រេចចិត្ត មិនឈរឈ្មោះម្តងទៀត។ ផ្អែកតាមគ្រូពេទ្យជំនាញ ជំងឺមហារីករបស់ លោកចូ បៃដិន បានរីករាលដាលជា "ម៉េតាស្តាស ក្នុងឆ្អឹង "។
ការិយាល័យ របស់ លោក ចូ បៃដិន បាន ចេញលិខិតប្រកាសមួយ នៅថ្ងៃអាទិត្យទី ១៨ឧសភា ផ្តល់ដំណឹងថា លោក ចូ បៃដិន មានជំងឺ មហារីក ប្រូស្តាត ក្នុងកម្រិតមួយធ្ងន់ធ្ងរ។ ការពិនិត្យ សុខភាពនិងវិនិច្ឆ័យរោគ ត្រូវបាន ធ្វើ ឡើងកាលពីថ្ងៃ សុក្រសប្តាហ៍ កន្លងទៅ ដោយ ក្រុមគ្រូពេទ្យ ជំនាញ ។
ផ្អែកតាមលិខិតប្រកាសខាងលើ កម្រិត ធ្ងន់ធ្ងរនៃជំងឺមហារីករបស់ លោក ចូ បៃដិន គឺស្ថិតនៅកម្រិតទី ៩ ក្នុងចំណោមកម្រឹតទាំងអស់ ១០នៃ កម្រិត Gleason។ ក្រុមគ្រូពេទ្យ បាន រកឃើញផងដែរ ថាជំងឺមហារីកប្រូស្តាតរបស់លោក ចូ បៃដិន បានរាលដាលក្លាយជា ម៉េតាស្តាសក្នុងឆ្អឹង ថែមទៀតផង។
តែទោះជាយ៉ាងនេះក្តី ក្រុមគ្រូពេទ្យសង្កេតឃើញថា ជំងឺមហារីករបស់លោកចូ បៃដិន មានលក្ខណៈ Hormonodépendant ពោលគឺជាប្រភេទមហារីក ដែល អាស្រ័យ ទៅលើ កម្រិតអកមូនទាបឬខ្ពស់។ ប្រការនេះ គឺជាចំណុចវិជ្ជមានមួយ នៅក្នុងការព្យាបាល។ សម្រាប់ពេលនេះ ក្រុមគ្រួសារនិងលោក ចូ បៃដិនផ្ទាល់ កំពុងតែ ពិគ្រោះពិភាក្សាដើម្បីវាយតម្លៃលើ វិធីព្យាបាលមួយណា ដែលមានប្រសិទ្ធភាព ។
ភ្លាមៗក្រោយដំណឹងនេះ ត្រូវបានផ្សព្វផ្សាយ ថ្នាក់ដឹកនាំនយោបាយអាមេរិក ក៏ដូចជាថ្នាក់ដឹកនាំពិភពលោក បានបង្ហោះ សារ បន្តបន្ទាប់គ្នា ដើម្បី ផ្តល់ជាកម្លាំងចិត្ត ជូនលោក ចូ បៃដិន នៅក្នុងការប្រយុទ្ធ តស៊ូ យកឈ្នះជំងឺដ៏កំណាចនេះ ។ នៅ លើ បណ្តាញសង្គមTruth Social ដោយ លោកដូណាល់ ត្រាំ បានសរសេរថា លោកនិងភរិយាមាន ចិត្តសោកសៅណាស់ បន្ទាប់ពីដឹងដំណឹងថាលោកចូ បៃដិន មានជំងឺមហារីកធ្ងន់ធ្ងរ។ លោកនិងភរិយាសូមចូលរួមជាកម្លាំងចិត្ត ជូនដល់លោកចូ បៃដិននិងភរិយា និងសូមជូនពរឲ្យ លោកចូ បៃដិន ឆាប់ជាសះស្បើយ។
សូមបញ្ជាក់ថា ជំងឺមហារីកប្រូស្តាត គឺជាជំងឺដែលសំបូរខ្លាំងណាស់ សម្រាប់មនុស្សប្រុស ពោលគឺ ស្មើនឹង១៥%នៃជំងឺមហារីកមហារីក ទាំងអស់ ដែលមនុស្ស ប្រុសប្រឈម។ ការធ្វើរោគវិនិច្ឆ័យ ឲ្យបានទាន់ពេលវេលា មុននឹងជំងឺនេះ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ វាគឺជារឿងចាំបាច់បំផុត ។
គួររំលឹកដែរថា លោក ចូ បៃដិន ដែលបច្ចុប្បន្ន មានអាយុ ៨២ឆ្នាំ មានសុខភាពចុះទ្រុឌទ្រោមបន្តិចម្តងៗ ក្នុងអំឡុងពេលដែល លោក កាន់អំណាច ជាប្រធានាធិបតី។ កាលពីឆ្នាំ ២០២៣ លោកត្រូវបានគ្រូពេទ្យ វះកាត់ យកសាច់ដុះមួយដុំនៅម្តុះទ្រូង ហើយ បន្ទាប់ពីពិនិត្យ ក៏ឃើញថាជាប្រភេទសាច់ ដុះមហារីក។ ដោយសារតែបញ្ហាសុខភាពនេះ បានធ្វើ ឲ្យ លោកសម្រេចចិត្ត មិនឈរឈ្មោះបោះឆ្នោតមួយអាណត្តិទៀត ដោយ ទុក ឱកាសនេះជូនលោកស្រី កាម៉ាឡា ហារីស។
គួរបញ្ជាក់ដែរថា ជំងឺមហារីកធ្លាប់បាន មក ឆក់ជីវិតសាមជិកគ្រួសារលោក ចូ បៃដិន រួចមកហើយ។ នៅខែមិថុនា ឆ្នាំ២០១៥ កូនប្រុសច្បងរបស់លោក ចូ បៃដិន ឈ្មោះ Beau Biden ដែលធ្លាប់ធ្វើជា រដ្ឋអាជ្ញា តុលាការរដ្ឋដឺឡាវ៉ារ និងដែលជាកូនប្រុសសំណពវដែល លោក ចូ បៃដិនបានដាក់ក្តីសង្ឃឹមធំបំផុត បានស្លាប់ដោយជំងឺ មហារីកខួរក្បាល ក្នុងអាយុត្រឹមតែ ៤៦ឆ្នាំ ។ មរណៈភាព ដែល បាន ធ្វើ ឲ្យ លោក ចូ បៃដិន ក៏ដូចជាក្រុមគ្រួសារលោក ជួបសេចក្តីទុក្ខសោកជាពន់ពេក ។ នៅពេល ចូលកាន់អំណាចប្រធានាធិបតី លោកចូ បៃដិន បាន កំណត់យកការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ជាកម្មវត្ថុមួយដ៏សំខាន់។ រដ្ឋបាល របស់ លោក បានដាក់ចុះនូវវិធានការធំៗជាច្រើន នៅក្នុងការស្វែងរកថវិកាចាំបាច់ ជួយដល់ វិស័យស្រាវជ្រាវដើម្បីព្យាបាលជំងឺ មហារីក និងឈានទៅ កាត់បន្ថយ អត្រាស្លាប់ដោយ ជំងឺនេះ ឲ្យ បាន ៥០%ក្នុងរយៈពេល ២៥ឆ្នាំ ៕
Nº.0692