ករណីបុករះបង្កឡើងដោយលោកវរសេនីយ៍ឯក ហ៊ុន ហេង នគរបាលរាជធានី កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ
ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ឧសភានេះថា កម្លាំងនគរបាលជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បាននិងកំពុងរៀបចំកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅតុលាការហើយ។ តែទោះបីយ៉ាងណា លោកមិនទាន់បញ្ជាក់ថា ត្រូវបញ្ជូននៅថ្ងៃទី១៦ឧសភានេះ ឬថ្ងៃនៅថ្ងៃស្អែកនោះទេ។
តាមរបាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ឧសភានេះថា អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ បណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា លោកវរសេនីយ៍ឯក ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើករថយន្ដម៉ាក LEXUS RX400H បុករះម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង បណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់។
របាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបើកបររថយន្តបង្ក បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕
Nº.0680