របួស និងស្លាប់ ក្មេង ជា ច្រើន នាក់ ដោយការវាយប្រហារ របស់ក្រុមយោធា សឹកភូមា
ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៖
មាន ស្លាប់ យ៉ាង ហោច ណាស់ សិស្ស សាលា ២០នាក់ និង គ្រូបង្រៀន ពីរ នាក់ នៅ ក្នុង ការ វាយប្រហារលើ សាលា បឋម សិក្សា មួយ នៅក្នុង ប្រទេស ភូមា។ បើ តាម សាក្សី នេះ ជា ស្នាដៃ របស់ ក្រុម យោធា សឹក ភូមា ដែល បដិសេធ ថា ជា ការ ប្រឌិត ព័ត៌មាន។ សហភាពអឺរ៉ុប តក់ ស្លុត ខ្លាំង ណាស់ នៅ ពេលទទួល ដំណឹង ស្តីពី ការ វាយប្រហារ មរណៈ នេះ និង បាន អំពាវនាវ ឱ្យ ម្ចាស់ ទង្វើ ចេញ មុខ មក បំភ្លឺ។
ផ្លូវការ រដ្ឋាភិបាល សឹកភូមា និង ក្រុម ឧទ្ទាម ប្រដាប់ អាវុធ ជនជាតិ ភាគ តិច ស្ថិត ក្នុង ស្ថានភាព ឈប់ បាញ់ ដើម្បី សម្រួល ការ ជួយ សង្គ្រោះ ប្រជាពលរដ្ឋ ពី សោកនាដកម្ម រញ្ជួយ ដី ។ ប៉ុន្តែ នៅ ថ្ងៃ ១២ ឧសភា ម្សិលម្ង៉ៃ គ្រាប់ បែកមួយ បាន ផ្លោង មក ធ្លាក់ ចំ សាលា រៀន ក្នុង ភូមិ Oe Htein Kwin នៃ តំបន់Saigaing បណ្តាល ឱ្យ ស្លាប់ កុមារ យ៉ាង ហោច ២០នាក់ និង គ្រូប ង្រៀន ពីរ នាក់។ នេះ បើ តាម សេចក្តីជូន ដំណឹង របស់ បុគ្គលិក នៅ សាលា រៀន នោះ ព្រម ទាំង សាក្សី ជា ច្រើន ផ្សេង ទៀត។ រដ្ឋាភិបាល បង្រួប បង្រួម ជាតិភូមា ដែល ជា រដ្ឋាភិបាលស្រមោល បង្កើត ឡើង នៅ ក្រៅ ប្រទេស បាន ប្រកាស ថា ជន រងគ្រោះ ក្មេង ជាង គេ មាន អាយុ ទើប តែ ៧ ឆ្នាំ ប៉ុណ្ណោះ។ ចំណែក អគារ ថ្នាក់ រៀន ដែល ធ្លាប់ ទទួល សិស្សានុសិស្សប្រមាណ បី រយ នាក់ បាន រង ការ បំផ្លាញ យ៉ាង ដំណំ។ ដំបូលបែក បាក់ ប៉ើង បាត់ ជញ្ជាំង ធ្លុះធ្លាយ ប្រដាប់ ប្រដា សៀវភៅ ប៉ើង របាត់របាយ ខ្លះ ប្រលាក់ ប្រលូស ដោយ ឈាម។
សម្រាប់ តំណាង សហភាពអឺរ៉ុប រូបភាពដែល ទទួល បាន មក នេះ ជា មាន ទម្រង់ ជា ទង្វើ កាប់ សម្លាប់មនុស្ស នៅ ក្នុង សាលា រៀន ដ៏ គួរ ឱ្យ រន្ធត់ ! តាម រយៈ អ្នក នាំពាក្យ គណៈកម្មការ អឺរ៉ុប បាន អំពាវនាវ នៅ ថ្ងៃពុធ ទី ១៤ ឧសភា នេះ ឱ្យ ជន ឬ ក្រុម អ្នក ធ្វើ សកម្មភាព ចេញ មុខ មក បំភ្លឺ នូវ ទង្វើ របស់ ខ្លួន។ លោក អគ្គលេខា ធិការ អង្គការ សហប្រជាជាតិ អង់តូនីញ៉ូ ហ្គូទែរក៍ បាន ស្រែក អាសន្ន នៅ ចំពោះ មុខ ទម្លាប់ នៃ ការ វាយប្រហារ លើ សាលា រៀន មន្ទីរពេទ្យ និង វត្ត ។
ក៏ ប៉ុន្តែ រដ្ឋាភិបាល សឹក ភូមា ដែល ធ្លាប់ បើក ប្រតិបត្តិការ វាយប្រហារ តាម ផ្លូវ អាកាស និង ដែល ទំនង ជា បាញ់ ផ្លោង លើ សាលា រៀន នេះ បាន បដិសេធ ថា ជា ព័ត៌មាន ប្រឌិត ឡើង ទាំងស្រុង។
សូម រំឭកថា តាំងពី មេដឹកនាំ យោធា បាន ធ្វើ រដ្ឋប្រហារ ទម្លាក់ រដ្ឋាភិបាល ស៊ីវិល នៅ ឆ្នាំ ២០២១ មក ភូមា ធ្លាក់ក្នុង សង្គ្រាម ស៊ីវិលជា ថ្មី។ ក្រុម ឧទ្ទាម ប្រដាប់ អាវុធ ជន ជាតិ ភាគ តិច បាន រួម ដៃ គ្នា ប្រយុទ្ធ តតាំង នឹង រដ្ឋាភិបាលសឹក ដោយ ដណ្តើម កាន់ កាប់ ទីតាំង ជា ច្រើន ជា បន្ត បន្ទាប់។ ប្រឈម នឹង បរាជ័យ របប សឹក បានប្តូរ យុទ្ធសាស្ត្រ មក វាយប្រហារ តាម ផ្លូវអាកាស ដោយ ប្រើ សព្វាវុធ បាន មក ពី រុស្ស៊ី។ ក្រុមយោធា បាន ប្តេជ្ញា ផ្អាក ប្រតិបត្តិការ បាញ់ ពេញ មួយ ខែ ឧសភា នេះ ដើម្បី ស្តារ និង សម្រួល ការ រៀប ចំ ប្រទេសឡើង វិញ ក្រោយ គ្រោះ រញ្ជួយ ដ៏ មហា មរណៈ៕
Nº.0679