សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ជាច្រើនកន្លែងហើយព្យាយាម បើករថយន្ដគេចខ្លួន
ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥៖
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ជាច្រើនកន្លែងហើយព្យាយាម បើករថយន្ដគេចខ្លួន និងរកឃើញកាំបិតចុងស្រួចចំនួនពីរដើមក្នុងរថយន្ដ។
ហេតុការណ៍ នេះបង្កភ្ញាក់ផ្អើលវេលា ម៉ោង ១១យប់ ថ្ងៃ ទី ១៣ ខែឧសភា ឆ្នាំ ២០២៥ ស្ថិត តាមបណ្ដោយផ្លូវ លេខ៩០ តំបន់ អភិវឌ្ឍន៍ បឹងកក់ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុមានបុរសជនជាតិចិនម្នាក់បេីករថយន្ត ម៉ាក Tundra ពាក់ស្លាកលេខភ្នំពេញ 2AT-3207 មិនដឹងជារឿងអ្វីនោះឡើយបានរត់ចូលរថយន្តរួចបើកទៅបំបុកប៉ារាស់របស់កម្លាំងកងរាជអាវុធហត្ថ។ ភ្លាមៗ ប្រជាពលរដ្ឋបានជិះម៉ូតូប្រដេញតាមពីក្រោយរហូតទៅបុកម៉ូតូ Honda Dream ពាក់ស្លាកលេខបាត់ដំបង 1O-8721 បណ្ដាលអោយអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់រងរបួសបាក់ភ្លៅបញ្ជូនទៅមន្ទីរពេទ្យ។ បន្ទាប់ពីបុកបង្កគ្រោះថ្នាក់ចរាចរណ៍ បុរសជនជាតិចិនខាងលើបានព្យាយាមបើកគេចចេញពីតំបន់ អភិវឌ្ឍន៍ បឹងកក់ រត់គេចបន្តទៅបុករះម៉ូតូ ម៉ូតូកង់បីឥណ្ឌា និងរថយន្ត នៅក្បែរពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងមូលដ្ឋានខណ្ឌ៧មករា ទេីបឃាត់បាន ។ ស្របពេលឃាត់នោះ សមត្ថកិច្ចបានឆែកឆេររកឃេីញកាំបិតចុងស្រួច២ដើមនៅក្នុងរថយន្តបន្ថែមទៀត។ ចំណែកជនជាតិចិនដែលជាអ្នកបង្កត្រូវនគរបាលជំនាញបាននាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តម៉ូតូ និងម៉ូតូកង់បីឥណ្ឌា ទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕
Nº.0676