លោកដូណាល់ ត្រាំ ទៅទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីត ដើម្បីសម្រេចបានការវិនិយោគ ១០០០ពាន់លានដុល្លារ

7News

លោកដូណាល់ ត្រាំ ទៅទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីត ដើម្បីសម្រេចបានការវិនិយោគ ១០០០ពាន់លានដុល្លារ

ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥៖

លោក ដូណាល់ ត្រាំ បាន ចាប់ផ្តើមទស្សនកិច្ចនៅតំបន់ ដើមបូព៌ា ដោយ បានធ្វើដំណើរទៅដល់ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ទី ១៣ឧសភា។ ដោយ ភាពស្និទ្ធស្នាលក្អាកក្អាយ ជាមួយ នឹង លោក ព្រះអង្គមហាម៉េដបេនសាល់ម៉ាន់ លោក ដូណាល់ ត្រាំ សង្ឃឹមថានឹងបានទទួល ការ បោះទុកវិនិយោគដ៏ច្រើនសន្ធឹកនៅសហរដ្ឋអាមេរិក ពីសំណាក់អារ៉ាប៊ីអាសអូឌីត ។

លោកដូណាល់ ត្រាំ ត្រូវបាន អារ៉ាប៊ីសាអូឌីត ទទួលស្វាគមន៍ យ៉ាងសម្បើមអស្ចារ្យ កាលពីព្រឹកថ្ងៃអង្គារទី ១៣ឧសភា។ យន្តហោះចម្បាំង F-15 របស់អារ៉ាប៊ីសាអូឌីត បានហោះមកអមការពារយន្តហោះ Air force 1 របស់លោក ដូណាល់ ត្រាំ មុននឹងចុះចត នៅ រដ្ឋធានីរីយ៉ាត ដែល ព្រះអង្គម្ចាស់រាជទាហាន ម៉ូហាម៉េដ បេនសាល់ម៉ាន់ មករងចាំទទួលដោយ ផ្ទាល់តែម្តង ។

ក្រៅពីសមាជិកសំខាន់ៗនៃរដ្ឋបាលលោក លោកដូណាល់ ត្រាំ ត្រូវ អមដំណើរដោយ អគ្គនាយកក្រុមហ៊ុនអាមេរិកធំៗជាច្រើននាក់ ក្នុងនោះគឺមានលោក អ៊ីឡុ ន ម៉ឺស្ក៍ ទីប្រឹក្សា ពិសេសរបស់ លោក។ ជាទស្សនកិច្ចដែល ផ្តោតអាទិភាពទៅលើវិស័យសេដ្ឋកិច្ច និងការវិនិយោគ ដោយ រាប់ទាំងវិស័យ ការពារជាតិ អាកាសចរណ៍ ថាមពល និង បញ្ញាសិប្បនិម្មិតជាដើម។ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីត ត្រូវបានចុះហត្ថលេខា ដោយ លោកដូណាល់ ត្រាំ ព្រះអង្គម្ចាស់បេនសាល់ ម៉ាន់ ។


សូមបញ្ជាក់ថា កាលពីខែ មករា ព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់ម៉ាន់ ធ្លាប់បានលើកឡើងអារ៉ាប៊ីសាអូឌីត សន្យា ចំណាយ ប្រាក់វិនិយោគនៅសហរដ្ឋអាមេរិក ប្រមាណ ៦០០ពាន់លាន ដុល្លារ ។ ក៏ប៉ុន្តែ លោកដូណាល់ ត្រាំ ដែលគ្រប់គ្នាដឹងថាចូលចិត្តអួតពីសមត្ថភាពដ៏ប៉ិនប្រសព្វក្នុងការចរចា នោះ បាន ទាមទារ ឲ្យអារ៉ាប៊ីអូឌីត ត្រូវសន្យាវិនិយោគ ឲ្យ បានដល់ ១០០០ពាន់លានដុល្លារ ។

ក្រៅពី ការចរចារឿងលុយរឿងកាក់ តាមការរំពឹងទុក លោកដូណាល់ ត្រាំ ប្រាកដជានឹងលើកឡើងអំពីសំណុំរឿងការបរទេស ផងដែរ នៅក្នុងទស្សនកិច្ច នេះ ដើម្បី ប្រាប់ទៅកាន់ពិភពលោកថា រឿងចរចាការទូតក៏លោក ពូកែណាស់ដែរ ។ សំណុំរឿងតំបន់ហ្កាហ្សា មិនបានទៅណាឆ្ងាយ ពីទស្សនកិច្ចនេះឡើយ។ ផ្អែកតាមលោក Steve Witkoff ប្រេសិតពិសេស របស់ លោកដូណាល់ ត្រាំ ប្រចាំតំបន់ដើមបូព៌ា បានបង្ហោះសារតាមបណ្តាញសង្គមX ថា នៅរីយ៉ាត លោក ជួបជាមួយចំណាប់ខ្មាំងជនជាតិអាមេរិក ដើមកំណើតជ្វីហ្វម្នាក់ ឈ្មោះ Edan Alexander ដែលទើបតែត្រូវបាន ក្រុមហាម៉ាសដោះលែងពីតំបន់ហ្កាហ្សាកាលពីថ្ងៃទី ១២ឧសភា។ វ៉ាស៊ីនតោនបានអះអាងថា ចំណាប់ខ្មាំងរូបនេះត្រូវបានដោះលែង ក៏ដោយសារតែមានអន្តរាគមន៍ ពិសេសនិងដោយ ផ្ទាល់ ពីសំណាក់សហរដ្ឋអាមេរិក តែម្តង ។

ដោយឡែក ទាក់ទិននឹង គម្រោង បញ្ចុះបញ្ចូល ឲ្យ អារ៉ាប៊ីសាអូឌីត ព្រមភ្ជាប់ទំនាក់ទំនងល្អជាផ្លូវការ ជាមួយអ៊ីស្រាអែលវិញ គឺមិនស្ថិតនៅក្នុង កម្មវិធីទស្សនកិច្ចនេះទេ ដោយសារតែស្ថានការណ៍ សង្គ្រាមកាន់តែដុនដាបនៅតំបន់ហ្កាហ្សា ។ ទោះជាយ៉ាងនេះក្តី រីយ៉ាតបានអះអាងថា អ្វីៗអាចមានដំណោះស្រាយ ប្រសិន បើមានការប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ។

គួរកត់សំគាល់ថា នយោបាយការទូតរបស់ លោកដូណាល់ ត្រាំ គឺមានភាពសកម្ម លឿនរហ័សគ្រប់មុំ ហើយ ធ្វើឲ្យ គ្រប់គ្នាពិបាកស្មានដឹងខ្លាំងណាស់។ បន្ទាប់ពីបាន ចាប់ផ្តើមចរចាជាមួយអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែរ រដ្ឋបាល លោកដូណាល់ ត្រាំ ទើបតែបានចុះហត្ថលេខា ឈប់ប្រយុទ្ធ ជាមួយក្រុមហ៊ូទីយេម៉ែនថែមទៀតផង។ បន្ថែមពីនេះ ទស្សនកិច្ចរបស់លោកត្រាំ នៅតាមប្រទេសអារ៉ាប់ឈូងសមុទ្រក្នុងពេលនេះ បានធ្វើ ឲ្យអ៊ីស្រាអែល ភ័យបារម្ភ ថាខ្លួននឹងលែងជាអាទិភាពទៀតហើយ ក្នុងក្រសែភ្នែកលោកដូណាល់ ត្រាំ។

ដូចគ្នាដែរ ក្រុមប្រទេសអារ៉ាប់តំបន់ឈូងសមុទ្រ កំពុងតែស្ទាបស្ទង់និងតាមដានយ៉ាងប្រុងប្រយ័ត្ន ព្រោះថាគេពិបាកយល់ នូវ កម្មវត្ថុ រយៈ ពេលយូរអង្វែងដែលលោកដូណាល់ ត្រាំ បានសំឡឹងទុក។ តែទន្ទឹមនឹងនេះ ក្រុមប្រទេសអារ៉ាប់ស្គាល់ពីចំណុចខ្សោយ លោកដូណាល់ ត្រាំ ដែលចូលចិត្ត ឲ្យគេបញ្ជោរសរសើរ ។ ចេញពី អារ៉ាប៊ីសាអូឌីត លោកដូណាល់ ត្រាំ និងធ្វើដំណើរទៅកាតា និងអេមៀរ៉ាតអារ៉ាប់រួម ។ មុនចេញដំណើរពីវ៉ាស៊ីនតោន មក លោកដូណាល់ ត្រាំ បានធ្វើឲ្យផ្ទុះការរិះគន់មួយរួចទៅហើយ បន្ទាប់ពីលោក បានប្រកាសយល់ព្រម ទទួលអំណោយ ពិសេស ពីគ្រួសាររាជវង្សកាតា គឺ យន្តហោះ Boeing 747 ដ៏ប្រណិត មួយគ្រឿង៕

Nº.0676




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top