សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី​ “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ” ។

7News

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតី​ “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ” ។

ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥៖

ពិធីនេះក៏មានការចូលរួមដោយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា "វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន នាថ្ងៃនេះ ពិតជាបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃពិធីសម្ពោធបើកឱ្យប្រើ ប្រាស់ជាផ្លូវការរួមគ្នានូវសមិទ្ធផលថ្មី-ផ្លូវជាតិទាំង៣ខ្សែ ឆ្លងកាត់ភូមិសាស្ត្រខេត្តចំនួន៥ រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប ដែលជាខ្សែផ្លូវប្រទាក់ក្រឡា និងតភ្ជាប់យ៉ាង សំខាន់ពីតំបន់មួយទៅតំបន់មួយសម្រាប់បម្រើឱ្យសកម្មភាពសេដ្ឋកិច្ចសង្គម និងទេសចរណ៍នៅកម្ពុជា"។ ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថា "ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិទាំង៣ខ្សែនាពេលនេះក៏បានបង្ហាញឱ្យ ឃើញផងដែរអំពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗរបស់ជាតិ ដែលបានកើតចេញពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ដែលតាមរយៈទំនាក់ទំនងមិត្តភាពដ៏រឹងមាំនេះបាននាំមក នូវការអភិវឌ្ឍរីកចម្រើនថ្មីៗជាច្រើនជាបន្តបន្ទាប់សម្រាប់កម្ពុជា ជាពិសេសក្នុងវិស័យសាធារណការ និងដឹកជញ្ជូន"។



ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា "ផ្លូវជាតិលេខ៣១ មានប្រវែងសរុបចំនួន ជាង៥៣គីឡូម៉ែត្រមានចំណុចចាប់ផ្តើមពីបែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៧ សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។ គម្រោងនេះបានរួមបញ្ចូល នូវការសាងសង់ផ្លូវវាងទីប្រជុំជនចំនួន ២កន្លែង ផ្លូវវាងទី១ មានប្រវែង ៤,៦គីឡូម៉ែត្រ និងផ្លូវវាំងទី២ មានប្រវែង ៤គីឡូម៉ែត្រ ស្ពានថ្មីចំនួន ១កន្លែង ប្រវែងសរុប ៦០ម៉ែត្រ និងមានទទឹងប្រវែង ១២ម៉ែត្រ និងជួសជុលស្ពានដែល មានស្រាប់ចំនួន ២កន្លែង ប្រវែងសរុប ៤០ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៩០កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង ៥ ៧០៤ម៉ែត្រ។ ចំពោះផ្លូវជាតិលេខ៣៣ មានប្រវែងសរុបចំនួនជាង៥២គីឡូម៉ែត្រ មានចំណុចចាប់ ផ្តើមពីក្រុងកំពត(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក ឬច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក ដែលជាព្រំដែនកម្ពុជា-វៀតណាម រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និង ៧សង់ទីម៉ែត្រ និងផ្លូវបេតុងសរសៃដែក កម្រាស់ ២៣សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។ គម្រោងនេះ បានរួមបញ្ចូលនូវការសាងសង់ស្ពានថ្មីចំនួន ១កន្លែង ប្រវែង ៩០ម៉ែត្រ និងមានទទឹង ១២ម៉ែត្រ ព្រមទាំងដាក់លូកាត់ទទឹងផ្លូវចំនួន ៨២កន្លែង និងលូបណ្តោយផ្លូវសរុប ប្រវែង ៩ ២៥៨ម៉ែត្រ។ ចំណែកឯផ្លូវជាតិលេខ៤១៖ មានប្រវែងសរុបចំនួនជាង៩៥គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤-ខេត្តកណ្តាល) ទៅដល់ស្រុកជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣-ខេត្តកំពត) ត្រូវបានស្ដារ និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ AC មានកម្រាស់ ៥សង់ទីម៉ែត្រ និងទទឹង ១១ម៉ែត្រ។



គម្រោងនេះបានរួមបញ្ចូលនូវ ការសាងសង់ពង្រីកស្ពានចាស់ ១កន្លែង (ស្ពានគុណគ្រូ) ប្រវែងប្រមាណ ២០០ម៉ែត្រ ព្រមទាំង ដាក់លូកាត់ទទឹងផ្លូវចំនួន ១៨៥កន្លែង និងលូបណ្តោយផ្លូវសរុបប្រវែង ៨ ២៤១ម៉ែត្រ។ គម្រោងស្ថាបនាផ្លូវជាតិទាំង ៣ខ្សែនេះ ក៏បានរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញា ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។ ផ្លូវជាតិទាំង៣ខ្សែនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយបានគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែដូចគ្នានៅក្នុងផែនការ ប៉ុន្តែតាមការ អនុវត្តគម្រោងជាក់ស្តែងគឺបានបញ្ចប់នៅដើមឆ្នាំ២០២៥នេះមុនផែនការកំណត់។ គម្រោងនេះ បាន ចំណាយថវិកាសរុបប្រមាណ ១៨៨លានដុល្លារអាម៉េរិក ក្នុងនោះ ផ្លូវជាតិលេខ៣១ ប្រមាណ ៦០លានដុល្លារអាម៉េរិក, ផ្លូវជាតិលេខ៣៣ ប្រមាណ ៦១លានដុល្លារអាម៉េរិក និងផ្លូវជាតិលេខ៤១ ប្រមាណ ៦៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ"៕

Nº0.635

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top