ជនសង្ស័យ៣២នាក់ ពាក់ព័ន្ធ១៣ ករណី នគរបាលព្រហ្មទណ្ឌក្រុង បង្ហាញមុខ ជាសាធារណៈ
ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥៖
ជនសង្ស័យ ៣២ នាក់ ពាក់ព័ន្ធ ១៣ ករណី រួមមាន ឆក់ , លួច , ក្លែងបន្លំឯកសារ និងអំពើលក់ដូរមនុស្ស ត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងយកមកបង្ហាញមុខឲ្យសាធារណជនបានឃើញជាផ្លូវការ។
ជាក់ស្ដែងនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន ៣២ នាក់ ជាសាធារណៈ។
បើតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការខណ្ឌទាំង ១៤ ដើម្បីស្រាវជ្រាវបង្ក្រាប ដោយរយៈពេល ០៣ ថ្ងៃ គិតពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ជាលទ្ធផលបង្ក្រាប សរុប ១៣ ករណី ឃាត់ ៣២ នាក់ (ស្រី ០៤ នាក់) ជនជាតិបរទេសចំនួន ០២ នាក់ (ចិន ០១ នាក់ និង ស៊ុយអ៊ែត ០១ នាក់) (ឆក់ ០៦ ករណី , លួច ០៧ ករណី , ហិង្សាមានស្ថានទម្ងន់ទោស ០២ ករណី , ក្លែងបន្លំឯកសាធារណៈ និងរំលោភលើទំនុកចិត្ត ០១ ករណី , គំរាមកំហែង និងសម្លាប់ ០១ ករណី, អំពើលក់ដូរមនុស្ស ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ០១ ករណី ដោយមានការចូលរួមពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល , ខណ្ឌឫស្សីកែវ , ខណ្ឌទួលគោក , ខណ្ឌ ៧ មករា , ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌចំការមន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣២ នាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់៕
Nº.0635