ប្រមុខ ការទូត អាមេរិកជជែកជាមួយ អឺរ៉ុបដើម្បី បញ្ចប់សង្គ្រាម អ៊ុយក្រែន
ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥៖
លោក ម៉ារកូ រ៉ូប៊ីយ៉ូ រដ្ឋមន្ត្រីការបរទេស អាមេរិក បាន បំពេញ ទស្សនកិច្ច នៅ ទីក្រុងប៉ារីស ថ្ងៃ ទី ១៧មេសា ដើម្បីពិភាក្សា ជាមួយ ប្រទេស ដឹកនាំ អឺរ៉ុប ជុំវិញ ការស្វែងរក ដំណោះស្រាយបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន។ ទាក់ទង នឹង បញ្ហា នេះ មហាអំណាច ចិន បានបដិសេធ ជាថ្មីម្តងទៀត ចំពោះ ការ ចោទប្រកាន់ របស់ អ៊ុយក្រែន ដែល ថា ចិន បាន ជួយ ផ្គត់ផ្គង់ អា វុធ ឲ្យ រុស្ស៊ី។
ក្នុង សំណុំរឿងសង្គ្រាមរុស្ស៊ី ឈា្លនពាន អ៊ុយក្រែន ប្រមុខ ការទូត អាមេរិក ម៉ារកូ រ៉ូប៊ីយ៉ូ បានប្រកាស តាម បណ្តាញ សង្គម X ថា ដំណើរ ទស្សនកិច្ច របស់ លោក នៅក្រុង ប៉ារីស មាន គោលដៅតែមួយ គត់ គឺ ស្វែងរក ដំណោះស្រាយ ដ៏ ប្រាកដប្រជា ដើម្បីបិទបញ្ចប់ សង្គ្រាម និង បញ្ឈប់ ការ បង្ហូរឈាម ដែល គ្មានន័យ ។ ចំណែក អេលីហ្សេ វិមាន ប្រធានាធិបតី បារាំង ក៏បញ្ជាក់ថា កិច្ចពិភាក្សា បាន ផ្លែផ្កាល្អណាស់ ដោយ ប្រមុខ រដ្ឋបារាំង អេម៉ានុយអែល ម៉ាក្រុង គូស បង្ហាញអំពី ការជជែកគ្នាដែល ពោរពេញដោយ ភាព វិជ្ជមាន និងកិច្ច ស្ថាបនា ដើម្បី កសាង សន្តិភាព មួយ ដ៏រឹងមាំ។
គួរ កត់សម្គាល់ថា ជា ច្រើន សប្តាហ៍ មកហើយ ដែលសហរដ្ឋអាមេរិក ក្រោមរដ្ឋបាល របស់ លោក ដូណាល់ ត្រាំ បានខំ ប្រឹង រកដំណោះស្រាយ បញ្ចប់ សង្គ្រាម អ៊ុយក្រែន ហើយ រដ្ឋាភិបាល ក្រុង វ៉ាស៊ីន តោន បាន ខិតចូល កៀក ក្រុង ម៉ូស្គូ ដោយ ផាត់ប្រទេស អឺរ៉ុប ចេញ។ លោក ដូណាល់ ត្រាំ ធ្លាប់ សន្យា ថា បញ្ចប់ សង្គ្រា មអ៊ុយក្រែន ត្រឹម តែក្នុង ពេល ២៤ម៉ោង ប្រសិន បើ លោកជាប់ឆ្នោត ធ្វើ ជាចៅហ្វាយ សេតវិមាន អាមេរិក។ ក៏ប៉ុន្តែ រយៈពេល ជាងបីខែហើយ ដែល លោក ចូល កាន់អំណាច ប្រធានាធិបតី តែ កិច្ចព្រមព្រៀង បញ្ចប់ សង្គ្រាមរុស្ស៊ី - អ៊ុយក្រែន នៅ មិនទាន់ លេច ចេញជារូបរាងទេ។ សហគមអន្តរជាតិ កំពុងតែមើលឃើញថា រុស្ស៊ី ផ្គើន អាមេរិក ដោយបន្តសម្រុកវាយ យកទឹកដីអ៊ុយក្រែន និងបាញ់ទម្លាក់យន្តហោះអាមេរិកទៀត ផង ។ ដោយឡែក បទឈប់បាញ់ នៅ សមុទ្រ ខ្មៅ ទៀត សោត ក៏ ផុយស្រួយ ទៅទៀត ដែល ប្រទេស ទាំងពីរ បាន ចោទប្រកាន់ ចង្អុរមុខគ្នាទៅវិញទៅមក ថា បំពាន បទឈប់បាញ់។
ម្ល៉ោះហើយ ទើប ពេល នេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានវាយតម្លៃថា ជំនួប ជាមួយ ប្រមុខ ទូត អាមេរិក ក្នុង ក្រុង ប៉ារីស នៅពេលនេះ ជាការ ផ្តើម នីតិ វិធី រក ដំណោះស្រាយ ឲ្យ អ៊ុយក្រែន ដែល ប្រទេស អឺរ៉ុប បាន ចូលរួម ផង។
កិច្ចពិភាក្សាថ្ងៃទី១៧មេសា ជាមួយ ថ្នាក់ដឹកនាំ បារាំង និងប្រមុខ ទូត អាមេរិក ក៏ មាន ចូលរួម ពី ប្រទេស ក្បាលម៉ាស៊ីន អឺរ៉ុប ដូចជា អាល្លឺម៉ង់ និង អង់គ្លេស ដែរ ហើយ មានវត្តមាន របស់ នាយកខុទ្ទកាល័យ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី រដ្ឋមន្ត្រីការពារជាតិ និង ប្រមុខ ការបរទេស អ៊ុយក្រែន ចូលរួម ផង។ បន្ទាប់ពី ប៉ារីស ការ ពិភាក្សា គ្នា ច្រើន ភាគី បែបនេះ នឹង ត្រូវ រៀបចំ ជាថ្មីម្តងទៀត ក្នុង ទីក្រុង ឡុងដ្រ៍ វិញម្តងនៅ សប្តាហ៍ខាងមុខ។
វិមាន ក្រេមឡាំង ប្រកាសនៅថ្ងៃសុក្រទី ១៨មេសា ថាបទបញ្ជា ហាមមិនឲ្យ វាយប្រហារ លើ ហេដ្ឋារចនា សម្ព័ន្ធថាមពល របស់ អ៊ុយក្រែន គឺ ត្រូវ ផុត ឱសានុវាទហើយ។ ដំណឹងនេះធ្លាក់មក ក្រោយ ពីសហរដ្ឋ អាមេរិ កគំរាម ដកខ្លួន ឈប់ ធ្វើជា អន្តរការី សម្រុះសម្រួល បញ្ចប់ សង្គ្រាម នៅអ៊ុយក្រែន៕
Nº.0612