កម្ពុជារកចំណូលបានជិត ១១៥ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅត្រីមាសទី១ ឆ្នាំ២០២៥

7News

កម្ពុជារកចំណូលបានជិត ១១៥ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅត្រីមាសទី១ ឆ្នាំ២០២៥

ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥៖

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា តម្លៃជ័រកៅស៊ូនៅត្រីមាសទី១ ដើមឆ្នាំនេះ មានតម្លៃ ១៩២៣ ដុល្លារ ក្នុង មួយ តោនឡើងថ្លៃ ៤៧៤ ដុល្លារក្នុងមួយតោន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ កម្ពុជារកចំណូលបានជិត ១១៥ (១១៤,៩) លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅត្រីមាសទី១ ឆ្នាំ ២០២៥ កើនឡើង ១៤,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបង្ហាញថា គិតចាប់ពីខែមករា-មីនា ឆ្នាំ ២០២៥ កម្ពុជានាំចេញកៅស៊ូចំនួន ៥៩ ៧៥៤ តោន ធ្លាក់ចុះ ១៣,៨% ធៀបនឹង រយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun បានលើកឡើងថា វត្តមានរោង ចក្រ ផលិតសំបកកង់រថ យន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជា កាន់តែរីក ដុះ ដាលនៅពេលអនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញ ការវិនិយោគ។

លោកស៊ីណាត អះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Sailun គ្រោងប្រើ ប្រាស់ កៅ ស៊ូ ក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពី ឆ្នាំ មុន។


លោក គឹន ឧត្តមមុនីស៊ីណាត បន្តថា ថ្មីៗនេះមានរោងចក្រមួយទៀត កំពុងតែសាងសង់ ដែល បោះទុនវិនិយោគរហូតដល់ ៥០០ លានដុល្លារ បន្ថែមទៀត និងមានរោងចក្រ ២ ទៅ៣ បន្ថែមទៀត នៅពេលដែលរោងចក្រទាំងនេះ សាង សង់ រួចរាល់ នឹងស្រូប ទាញជ័រកៅ ស៊ូបន្ថែម ទៀតដែលទាមទារឱ្យកសិករត្រូវតែដាំបន្ថែមទៀត។


លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃ កង់ ឡាននៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ រោងចក្រ ហើយនឹងបន្តកើនឡើងទៀត។


យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផល សំបងកង់ រថយន្ត មានទឹកប្រាក់ជាង ៨៧៤,៦លានដុល្លារកើនឡើងជិត១៣០ភាគរយធៀប នឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់តែជាង៣៨០,៦លានដុល្លារ ។

នៅក្នុងឆ្នាំ ២០២៤ ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំ ឱ្យកម្ពុជា រក ចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។

យោងតាមអគ្គនាយកដា្ឋនកៅស៊ូ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដី ចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ 

សម្រាប់ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារ មានចំនួនជាង ២០ ម៉ឺនហិកតា៕

Nº0.613




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top