ជនសង្ស័យពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាង១ពាន់នាក់ត្រូវបានចាប់ខ្លួនក្នុងខែមករា
ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥៖
ត្រឹមរយៈពេល១ខែដើមឆ្នាំ២០២៥ មនុស្សចំនួន១ ៣១១នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ នេះបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចេញផ្សាយនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមសមត្ថកិច្ច គ្រឿងញៀនចំនួន៤២៣.៣គីឡូក្រាមត្រូវបានរឹបអូសពីជនសង្ស័យដែលបានចុះប្រតិបត្តិការបង្ក្រាបរយៈពេលពេញមួយខែមករា។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យជាង១ពាន់នាក់ មាន៥៦% គឺជាអ្នកជួញដូរ កាន់កាប់ និងចែកចាយគ្រឿងញៀនខុសច្បាប់ ខណៈ៤៤% គឺជាអ្នកប្រើប្រាស់គ្រឿងញៀន ដែលបង្ក្រាបបានសរុប ៥៣៩ករណី ។
ចំណែក គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានទាំងជាង៤២៣គីឡូក្រាមនោះ គឺភាគច្រើនជាប្រភេទ កេតាមីន (Ketamine) មេតំហ្វេតាមីនគ្រីស្តាល់( Crystal Methamphetamine) មេតំហ្វេតាមីនគ្រាប់(Methamphetamine pills) អេកស្តាស៊ី(Ecstasy) ហេរ៉ូអ៊ីន(Heroin) និងកូកាអ៊ីន(Cocaine)។នៅចំពោះមុខបញ្ហាគ្រឿងញៀននេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអះអាងពីការប្តេជ្ញាបង្កើនសមត្ថភាពស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងយកចិត្តទុកដាក់ និងឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចបរវធិបតី ហ៊ុន ម៉ាណែតបានប្រកាសឱ្យរៀបចំធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយព្រមានថា ត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានករណីលើកលែង ប្រសិនបើរកឃើញមន្ត្រីណាមួយបានប្រើប្រាស់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។
ក្រោយវិធានការបានដាក់ចេញរយៈពេល៥ខែ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរកឃើញមន្ត្រីរាជការចំនួន៩៧នាក់ តេស្តឃើញមានសារធាតុញៀន។
គួររម្លឹកថា ក្នុងឆ្នាំ២០២៤ នាយកដ្ឋាននគរបាលប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួនសរុប២៧ ០៦៨នាក់ ក្នុងនោះមានជនបរទេសចំនួន១ ០៤៥ នាក់ដែលមាន១៦សញ្ជាតិ។ រីឯគ្រឿងញៀនដែលសមត្ថកិច្ចបានរឹបអូសវិញ គឺមានចំនួនសរុប១៤.៩តោន។
យោងតាមរដ្ឋធម្មនុញ្ញ កម្ពុជាពុំមានទោសប្រហារជីវិតដល់បុគ្គលណាមួយដែលជាប់ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀន និងគ្រឿងញៀនដូចបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងនៅលើពិភពលោកនោះទេ។ តែថា ច្បាប់កម្ពុជាក្នុងមាត្រា៤០បានចែងយ៉ាងច្បាស់ថា ប្រសិនបើបុគ្គលណាជួញដូរសារធាតុញៀនលើសពី៨០ក្រាមឡើងទៅ នឹងត្រូវប្រឈមជាប់ពន្ធនាគារពីចន្លោះ២០ឆ្នាំទៅ ៣០ឆ្នាំ ឬអស់មួយជីវិត ហើយប្រឈមនឹងពិន័យជាទឹកប្រាក់ចំនួន៤០លាន ដល់១០០លានរៀល៕
Nº.0415