WHO អាចកាត់បន្ថយថវិការបស់ខ្លួន ក្រោយការប្រកាសដកខ្លួនរបស់សហរដ្ឋអាមរិក
ចេញផ្សាយថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥៖
ប្រទេសសមាជិកនៃអង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO ពិភាក្សាគ្នាអំពីលទ្ធភាពនៃការកាត់បន្ថយថវិកាប្រមាណ ៤០០លានដុល្លារ។ នេះយោងតាមឯកសារមួយដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី០៣ កុម្ភៈ។ ការពិភាក្សាអំពីលទ្ធភាពនៃការកាត់បន្ថយថវិកានេះធ្វើឡើង ក្រោយពីសហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញអង្គការរបស់អង្គការសហប្រជាជាតិមួយនេះ។ ទន្ទឹមនឹងពិភាក្សាពីការកាត់បន្ថយថវិកា WHO ក៏បានអំពាវនាវឲ្យអាមេរិកពិចារណាឡើងវិញលើការសម្រេចចិត្តរបស់ខ្លួន។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក ពីថ្ងៃទីចន្ទ ៣ ដល់ ថ្ងៃអង្គារ ទី១១ កុម្ភៈ អគ្គនាយក លោក Tedros បានការពារការងារ និងការខិតខំប្រឹងប្រែងរបស់ WHO ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត។ កិច្ចប្រជុំប្រចាំឆ្នាំនេះផ្តោតលើបញ្ហាហិរញ្ញវត្ថុ សកម្មភាពការងារឆ្នំា២០២៦-២០២៧ និងសំណើឲ្យកាត់បន្ថយកញ្ចប់ថវិកាពី ៥ពាន់៣រយលានដុល្លារ មកត្រឹម ៤ពាន់៩រយលានដុល្លារ ដែលជាថវិកាដូចឆ្នាំ ២០២៤-២០២៥។ ទន្ទឹមគ្នានេះ អគ្គនាយករបស់ WHO រូបនេះ ក៏បានអំពាវនាវឲ្យអាមេរិកពិចារណាឡើងវិញលើការសម្រេចចិត្តដកខ្លួនចេញពី WHO និងថា WHO រីករាយនឹងទទួលយកសំណូមពរពីអាមេរិក ក៏ដូចជាពីសមាជិកផ្សេងទៀតដើម្បីជំរុញការងាររបស់អង្គការ WHO ឲ្យកាន់តែប្រសើរឡើង ក្នុងការបម្រើប្រជាជននៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា ថវិកាដែល WHO គ្រោងកាត់បន្ថយជាផ្នែកមួយនៃកញ្ចប់ថវិកាស្នើដំបូងប្រមាណ ៧ពាន់៥រយលានដុល្លារសម្រាប់សកម្មភាពការងារ ឆ្នាំ ២០២៦-២០២៧ លើការងារលុបបំបាត់ជំងឺស្វិតដៃជើង និងការងារបន្ទាន់ផ្សេងទៀត។ ដូច្នេះនៅពេលអាមេរិកដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ផលវិបាកនៅចំពោះមុខ គឺបញ្ហាហិរញ្ញវត្ថុ ព្រោះអាមេរិកជាប្រទេសឧបត្ថម្ភហិរញ្ញវត្ថុសំខាន់ និងច្រើនជាងគេ ពោលស្មើនឹង ១៨% នៃកញ្ចប់ថវិកាសរុបរបស់អង្គការសុខភាពពិភពលោក។
តែទោះបីជាខ្វះថវិកាក៏ដោយ ក៏សមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនបានបញ្ជាក់ថា អង្គការសុខភាពពិភពលោកនឹងបន្តសកម្មភាពការងាររបស់ខ្លួនដដែល។ សូមរម្លឹកថា បន្ទាប់ពីទទួលបានដំណឹងពីការដកខ្លួនរបស់អាមេរិកភ្លាម អង្គការសុខភាពពិភពលោកបានចាត់វិធានការកាត់បន្ថយចំណាយរបស់ខ្លួន។ យោងតាមច្បាប់អាមេរិក ការដកខ្លួនរបស់អាមេរិកចេញពីអង្គការសុខភាពពិភពលោក នឹងចូលជាធរមាននៅដើមឆ្នាំ២០២៦ ដោយគិតចាប់ពីថ្ងៃចេញក្រិត្យរបស់លោក ដូណាល់ត្រាំកាលពីដើមឆ្នាំ ២០២៥៕
Nº.0416