សង្គ្រាម ពាណិជ្ជកម្ម របស់ លោកត្រាំ ជាមួយ កាណាដា ម៉ិកស៊ិក និង ចិន បាន ចាប់ ផ្តើម ជា ផ្លូវការ

7News

 សង្គ្រាម ពាណិជ្ជកម្ម របស់ លោកត្រាំ ជាមួយ កាណាដា ម៉ិកស៊ិក និង ចិន បាន ចាប់ ផ្តើម ជា ផ្លូវការ

ចេញផ្សាយថ្ងៃទី០៣ កុម្ភៈ ២០២៥៖

ពាក្យ គំរាម របស់ លោក ត្រាំ បានក្លាយ ជា សកម្មភាព ពិត។ នៅ ថ្ងៃ សៅរ៍ ទី ១កុម្ភៈ ២០២៥  លោក ប្រធានាធិបតី អាមេរិក បាន ចុះ ហត្ថលេខាជា ផ្លូវការ លើ ក្រិត្យ ដំឡើង ពន្ធគយ លើ ផលិតផល នាំចូល មក ពី ប្រទេស កាណាដា ម៉ិកស៊ិក និង ចិន។ កាណាដា សម្រេច ចាត់វិធានការ ដំឡើង ពន្ធ លើផលិតផល អាមេរិក វិញ ចាប់ ពី ថ្ងៃ ទី ៤ កុម្ភៈ ២០២៥ ទៅ។ ម៉ិកស៊ិក គ្រោង ធ្វើ ដូច កាណាដាដែរ។ ចំណែកចិន សន្យា សងសឹក វិញ ឱ្យ បាន សក្តិសម ហើយ ប្រកាស ដាក់ បណ្តឹង ប្រឆាំង នឹង សហរដ្ឋ អាមេរិក នៅ អង្គការ ពាណិជ្ជកម្ម ពិភពលោក។

ប្រធានាធិបតី អាមេរិក បាន ប្រែក្លាយ ពាក្យ គំរាម មក ជា សកម្មភាព ជាក់ស្តែង ដោយ បាន ចុះ ហត្ថលេខា ជា ផ្លូវការ លើ ក្រិត្យ ដំឡើង ពន្ធគយ ដល់ ២៥% លើ ផលិតផល នាំ ចូល មក ពី កាណាដា និង ម៉ិកស៊ិក លើកលែង តែ ផលិតផល ប្រេង ដែល មាន តម្លៃ ពន្ធត្រឹម ១០%។ ចំណែក ផលិតផល នាំ ចូល ពី ចិន នឹង ត្រូវ យកពន្ធ ១០%បន្ថែម ទៀត លើតម្លៃពន្ធ ដែលមានស្រាប់ និង ខ្ពស់ ខ្លាំងទៅ ហើយ ។ ក្រិត្យ ដំឡើង ពន្ធនេះ នឹង ចូល ជា ធរមាន នៅ ថ្ងៃ អង្គារ ទី ៤ កុម្ភៈ ២០២៥ ។

សម្រាប់ លោក ត្រាំ ការ ប្រកាស សង្គ្រាម ជាមួយ ដៃគូ ពាណិជ្ជកម្ម ដ៏ ចម្បង របស់ អាមេរិក ទាំង បី ប្រទេស ដែល តំណាង ឱ្យ ដល់ ទៅជាង ៤០% នៃ ការ នាំ ចូល សរុបក្នុង ស្រុក ក៏ ព្រោះ តែ អាមេរិកចង់ ឱ្យ កាណាដា ម៉ិកស៊ិក និង ចិន ប្រយុទ្ធ ប្រឆាំង ការ ជួញដូរ គ្រឿង ញៀន និង លំហូរ អន្តោប្រវេសន៍ មក អាមេរិក។ អន្តោប្រវេសន៍ ខុស ច្បាប់ និង គ្រឿងញៀន កំពុង គំរាមកំហែង ជីវិត ប្រជាពលរដ្ឋ អាមេរិក ដែល ប្រធានាធិបតី មាន កាតព្វកិច្ច ត្រូវ ការពារ និង ធានា សុវត្ថិភាពឱ្យ។ នេះជា ហេតុផល របស់ លោក ត្រាំ ដោយ បន្ទោសទៀត ថា ចិន ដើរតួនាទី សំខាន់ ណាស់ ក្នុងបញ្ហា គ្រឿង ញៀន។ បើ តាម លោកត្រាំ ចិន ជា អ្នក នាំ ចូល ធាតុ សកម្ម ទៅ ម៉ិកស៊ិក សម្រាប់ ផលិត គ្រឿង ញៀន សំយោគ មាន ជា អាទិ៍ ពពួក Fentanyl Methamphetamine … រួច យក មក លក់ នៅ លើ ទឹក ដី អាមេរិក។ សកម្មភាព ជួញ ដូរ គ្រឿង ញៀនសំយោគ Fentanyl ក៏ កំពុងឡើង សកម្ម ខ្លាំង ដែរ នៅ កាណាដា។ ដូច្នេះ ដរាប ណា ប្រទេស ទាំង បីមិន សហការ យ៉ាង ពេញទំហឹង ជាមួយ អាមេរិក ក្នុង ការ ប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន ទេ នោះ អាមេរិក នឹង បន្ត យក ពន្ធ គយ រហូត ជាពិសេស គឺ ម៉ិកស៊ិក តែម្តង។ ក្រៅ ពី ជា ជង្រុក គ្រឿង ញៀន ម៉ិកស៊ិកនិង កាណាដា គ្រប់ គ្រង លំហូរ អន្តោប្រវេសន៍ មក អាមេរិក មិន បាន ត្រឹម ត្រូវទេ។


ដោយ គ្មាន បង្អង់ នាយករដ្ឋមន្ត្រីកាណាដា បាន ប្រកាស ដំឡើង ពន្ធ គយ លើ ផលិតផល នាំចូល ពី អាមេរិក ២៥%ដែរ ដែលអាច ប្រមូល ថវិកា បាន ជាង១៥៥ពាន់ លាន ដុល្លារ កាណាដា និង ចាប់ អនុវត្ត ចាប់ ពី ថ្ងៃអង្គារ ទី ៤កុម្ភៈ ២០២៥ ដែរ ក្នុង កំរិត ៣០ពាន់ លាន ដុល្លារ ។ ចំណែក លោកស្រី ប្រធានាធិបតីម៉ិកស៊ិក វិញ យល់ ថា លោក ត្រាំដាក់ សម្ពាធ ធ្ងន់ ធ្ងរ ហួស ក្របខ័ណ្ឌ សេដ្ឋកិច្ច ដោយ បាន មួល បង្កាច់ រដ្ឋាភិបាល ម៉ិកស៊ិកថា បាន ចូល ដៃជាមួយ ពួក ជួញ គ្រឿង ញៀន។ ម៉ិកស៊ិក នឹង តប ត វិញ ដោយ ដំឡើង ពន្ធវិញផង និង វិធានការ ផ្សេង ផង។

នៅក្នុង សេចក្តីថ្លែងការណ៍ ក្រសួងពាណិជ្ជកម្ម ចិន បាន ប្រកាស ចាត់វិធានការ ដ៏ សក្តិសម មួយ ដើម្បីការពារ សិទ្ធិ និង ផលប្រយោជន៍ ចិន ដោយ ព្រមាន ថា សង្គ្រាម ពាណិជ្ជកម្ម គ្មាន អ្នក ឈ្នះ ទេ។ ចិននឹង ដាក់ ពាក្យ បណ្តឹង ទៅ អង្គការ ពាណិជ្ជកម្ម ពិភពលោក ប្រឆាំង នឹង ការ ដំឡើង ពន្ធគយ អាមេរិក នេះ តែម្តង។

សង្គ្រាម ពាណិជ្ជកម្ម ជាមួយ ចិន កាណាដា និង ម៉ិកស៊ិក នឹង ធ្វើ ឱ្យ អាមេរិក ខ្លួន ឯង មានវិបត្តិ អតិផរណា កាន់ តែ ខ្លាំងនៅ ក្នុង ពេល ភ្លាមៗ និង ភាព មិន ជាក់ លាក់មួយ។ បើ តាម អ្នក វិភាគ Oxford Economics កំណើន សេដ្ឋកិច្ច អាមេរិកអាច នឹង ត្រូវ ថយ ១,២% តែ ធ្ងន់ធ្ងរ ខ្លាំង គឺ ម៉ិកស៊ិក អាច នឹង ធ្លាក់ ក្នុង វិបត្តិ សេដ្ឋកិច្ច ដើរ ថយក្រោយ។ ផលិតផល សរុប ក្នុង ស្រុក កាណាដា អាច ធ្លាក់ ថយ ៣,៦%។ សម្រាប់ ចិន ហាក់ មិន សូវ ធ្ងន់ធ្ងរ ទេ សម្រាប់ ពេលនេះ ។ បើ គិត ជា ថវិកា ចិន ខាត បង់ ប្រមាណ ០,៩% នៃ ផលិតផល សរុប ក្នុង ស្រុកមែន តែ សង្គ្រាម ពាណិជ្ជកម្ម ជាមួយ អាមេរិកជា សម្ពាធដ៏ ធ្ងន់ ខ្លាំង សម្រាប់ អ្នកទទួល ខុស ត្រូវ នយោបាយ ព្រោះ សេដ្ឋកិច្ច ក្នុង ស្រុក មិន ស្វាហាប់ ស្រាប់។  

អ្វី ដែលជា កា រព្រួយ បារម្ភ ពិត សម្រាប់ ទីផ្សារ គឺ សង្គ្រាម ពាណិជ្ជកម្ម អាច អូស បន្លាយ និង រាលដាល ទៅ ដល់ អឺរ៉ុប និង ដៃគូរ ពាណិជ្ជកម្ម ផ្សេង ទៀត៕


Nº.0414


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top