សាលាដំបូងខេត្តកណ្តាល បានចេញបំភ្លឺពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក ឌួង ឆាយ

7News

សាលាដំបូងខេត្តកណ្តាល បានចេញបំភ្លឺពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក ឌួង ឆាយ 

ខេត្តកណ្តាល ៖ បើយោងតាមការផ្សព្វផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែល មានគណនីឈ្មោះ Doung Chay ឌួង ឆាយ ជាសំណេរ និងជាវីដេអូថា “តើភស្តុតាងប៉ុន្មានទៀតបានអស់លោក តុលាការខេត្តកណ្តាលអាចឃុំខ្លួនជនសង្ស័យបាន? ខ្ញុំនឹងឡាយនៅពេលបន្តិចទៀតនេះ” កាលពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥ ។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមបញ្ជាក់ជូនថា៖

១. ការផ្សព្វផ្សាយដែលមានខ្លឹមសារថា “សាលាដំបូងខេត្តកណ្តាលដោះលែងជនត្រូវចោទទាំង ៤ នាក់ ដោយសារឈ្មោះ ស្មាន់ វណ្ណធីតា ជាមន្ត្រីធ្វើការនៅក្រសួងយុត្តិធម៌ អាងអំណាចបញ្ជាទៅក្រឡាបញ្ជី ចៅក្រម ព្រះរាជអាជ្ញា ឱ្យដោះលែងប្តីរបស់ខ្លួន, ចៅក្រមស៊ើបសួរអនុវត្តច្បាប់មិនស្មើភាពគ្នា ដោយសារឥទ្ធិពលរបស់ ឈ្មោះ ស្មាន់ វណ្ណធីតា” គឺជាការផ្សព្វផ្សាយមិនត្រឹមត្រូវ ព្រោះចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ហួន ស៊ាវសៀន (HUAN HSIAO HSIEN) នៅពន្ធនាគារខេត្តកណ្តាល និងសម្រេចមិន ឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ អ៊ុង សាយ, ឈ្មោះ ដា ប៊ុនរ៉េត និងឈ្មោះ វ៉ា រដ្ឋា

២. ការផ្សព្វផ្សាយដែលមានខ្លឹមសារថា “ឈ្មោះ តាន់ លីម៉ី បានដាក់ពាក្យជាសាក្សី សុំចូលឆ្លើយនៅ ចំពោះមុខតុលាការនៅថ្ងៃនេះ តុលាការមិនឱ្យឈ្មោះ តាន់ លីម៉ី ចូលឆ្លើយទេ តែបានដោះលែង អ៊ុង សាយ ឱ្យនៅក្រៅឃុំ” គឺជាការផ្សព្វផ្សាយមិនត្រឹមត្រូវ ដោយហេតុថា សាលាដំបូងខេត្តកណ្តាលបានទទួលពាក្យស្នើសុំ ចូលបំភ្លឺជាសាក្សីចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ វាយត្រាចូលលេខាធិការដ្ឋាននៃសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ០០ នាទីព្រឹក។ ក្នុងកិច្ចស៊ើបសួរ, ចំណាត់ការដំបូងរបស់ ចៅក្រមស៊ើបសួរ គឺការអនុវត្តកិច្ចស៊ើបសួរចំពោះជនត្រូវចោទដែលត្រូវបានចោទប្រកាន់ និងបញ្ជូនមកចំពោះ មុខចៅក្រមស៊ើបសួរ។ ការស្តាប់ចម្លើយសាក្សី និងដើមបណ្តឹងរដ្ឋប្បវេណី គឺជាវិធានស្រាវជ្រាវដែលចៅក្រម ស៊ើបសួរនឹងអនុវត្តនាពេលក្រោយ។ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល មានការសោកស្តាយយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយខាងលើនេះ ដែលធ្វើឱ្យមានការភាន់ច្រឡំពីសាធារណជន ចំពោះចំណាត់ការនីតិវិធីនៃរឿងក្តី និងបានធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួងយុត្តិធម៌ របស់សាលាដំបូងខេត្តកណ្តាល និងមន្ត្រីអនុវត្តច្បាប់។ ដោយឡែកសាលាដំបូងខេត្តកណ្តាលនឹងពិនិត្យចាត់ការសំណុំរឿងនេះ ឱ្យមានភាពត្រឹមត្រូវ យុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ ទន្ទឹមនេះ សាលាដំបូងខេត្តកណ្តាលនឹងពិនិត្យពិចារណារាល់ការធ្វើអត្ថា ធិប្បាយទាំងឡាយណាដែលជាការមូលបង្កាច់បង្អួចការពិត ការបំភ្លើស ឬជាការទំលាក់កំហុសដោយអសុទ្ធចិត្ត ដែលធ្វើប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់សាលាដំបូងខេត្តកណ្តាល និងមន្ត្រីអនុវត្តច្បាប់ ដើម្បីចាត់វិធាន ការស្របតាមច្បាប់ និងនីតិវិធីជាធរមាន។





Nº.0449

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top