អតីតនាយករដ្ឋមន្រ្តី បង់ក្លាដេស ប្រឈមបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។
នៅបង់ក្លាដែស មាន ភស្តុតាង ជា ច្រើន ដែល អាចបញ្ជាក់ ថា របបដឹកនាំ របស់លោកស្រីអតីត នាយករដ្ឋមន្ត្រី ឆេក ហាស៊ីណា បាន ប្រព្រឹត្តិ បទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះបើតាម ការអះអាង របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែល កំពុង តែ បើកការ ស៊ើប អង្កេត ជុំវិញ ការ បង្ក្រាបបង្ហូរឈាម បាតុករនិង ក្រុម អ្នក ប្រឆាំង រដ្ឋាភិបាល បង់ក្លាដែស ។ ការបង្ក្រាប ហិង្សានោះ បណ្តាល ឲ្យ មនុស្ស ស្លាប់ ប្រមាណ ១ ៤០០ នាក់ ។
យោង តាម សក្ខីកម្ម របស់ អតីត អ្ន កទទួល ខុសត្រូវជាន់ខ្ពស់ បង់ក្លាដែស និង ភស្តុតាង ដែល គួរឲ្យ ទុកចិត្ត បានជាច្រើន ផ្សេងៗទៀត លោក វ៉ុលក័រ តួក (Volker Türk) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អះអាងថា អតីតរដ្ឋាភិបាល របស់ លោកស្រី ឆេក ហាស៊ីណា បាន ដឹកនាំនយោបាយ ជាផ្លូវការ ក្នុងការ វាយបង្ក្រាបហិង្សាក្រុម បាតុករ និង បង្ហូរឈាម អ្នក នយោបាយ ប្រឆាំងនឹង រដ្ឋអំណាច ។ មន្ត្រីជាន់ ខ្ពស់ អង្គការ សហ ប្រជាជាតិ រូបនេះ ចាត់ទុកថា អំពើហិង្សាដ៏ ធ្ងន់ធ្ងរក្រោម ការ ដឹកនាំ របស់ លោកស្រីអតីតនាយករដ្ឋមន្ត្រី ឆេក ហាស៊ីណា ជា បទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែល ចាំបាច់ ត្រូវ បើកការ ស៊ើបអង្កេត ស៊ីជម្រៅ និង ឲ្យ បាន ឆាប់ រហ័ស បំផុត ។
គួរ រំឭក ជូនថា ក្រោម ការបង្គាប់ បញ្ជា របស់លោកស្រីអតីត នាយករដ្ឋមន្ត្រី ឆេក ហាស៊ីណា ក្រុម ទាហាន និង ប៉ូលិស បង់ក្លាដែស បាន បើកយុទ្ធនាការ វាយបង្ក្រាបយ៉ាង ហិង្សា លើក្រុម បាតុករ។ អំពើហិង្សាបង្ហូរឈាម ចន្លោះ ពី ថ្ងៃទី ១កក្កដា ដល់ ១៥សីហា ឆ្នាំ២០២៤ បាន បណ្តាល ឲ្យមនុស្ស ស្លាប់ យ៉ាងហោច ១ ៤០០ នាក់ និង មនុស្ស ច្រើន ពាន់ នាក់ ទៀត រងរបួស ។ ក្នុង ចំណោម អ្នក ស្លាប់ ក៏មាន កូនក្មេង ប្រមាណ ១៣ % ដែល បាត់ បង់ ជីវិត ដោយ ស្នាដៃ កម្លាំង សមត្ថកិច្ច ។ នេះបើតាម ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែល បាន ចេញផ្សាយរបាយការណ៍ នៅ ថ្ងៃពុធ ទី ១២ កុម្ភៈ ឆ្នាំ ២០២៥។ របាយការណ៍នេះ ក៏លើកឡើង ដែរ ថា នគរបាល បង់ក្លាដែស ស្លាប់ ចំនួន ៤៤ នាក់ និងសង្កត់ ធ្ងន់ទៀត ថា អំពើ ហិង្សា ឧក្រិដ្ឋកម្ម បំពាន សិទ្ធិមនុស្ស ក៏មាន ជាប់ពាក់ព័ន្ធ នឹងអតីត សមាជិករដ្ឋាភិបាល ក្រុមសមត្ថកិច្ច និងអ្នក ស៊ើប ការ សម្ងាត់ ហើយ និង សមាជិក គណបក្ស Ligue Awami ដែល ជាអតីត បក្សកាន់ អំណាច របស់លោកស្រី ឆេក ហាស៊ីណា។
កាន់អំណាច ផ្តាច់ ការ ចំនួន ១៥ ឆ្នាំ បច្ចុប្បន្នលោកស្រី ឆេក ហាស៊ីណា បានរត់ ភៀសខ្លួន ជ្រកកោន នៅឥណ្ឌា ក្រោយ ធ្លាក់ ចេញពី អំណាច នៅ ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២៤។ លោកស្រី ត្រូវ តុលាការ ក្នុងស្រុក ចោទប្រកាន់ ពី បទ ល្មើស ឧក្រិដ្ឋកម្ម ប្រឆាំង មនុស្ស ជាតិ ហើយ កំពុងតែ ជាប់ ដីកា តាម ចាប់ខ្លួន ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល អន្តរកាល ដឹកនាំដោយ បណ្ឌិត មូហាម៉ាដ យូនូស ជ័យលាភី រង្វាន់ ណូបែល សន្តិភាព បាន ស្នើសុំ អង្គការសហប្រជាជាតិឲ្យ ចុះទៅ ស៊ើបអង្កេត ស៊ីជម្រៅ បន្ថែមទៀត។
តប តាម សំណើនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាន បញ្ជូន ក្រុម អ្នក ជំនាញសិទ្ធិមនុស្ស គ្រូពេទ្យ និងអ្នក ជំនាញ ខាង អាវុធ ជាតិផ្ទុះ ចុះ ទៅ ស៊ើបអង្កេត នៅ បង់ក្លាដែស កាលពីខែ កញ្ញា ឆ្នាំ២០២៤។ ពេល នេះ លោកឧត្តមស្នងការអង្គការសហប្រជាជាតិ វ៉ុលក័រ តួក គូស បង្ហាញ ថា ការស្វែងរកយុត្តិធម៌ និង អ្នក ទទួល ខុសត្រូវចំពោះ ឧក្រិដ្ឋកម្ម នៅបង់ក្លាដែស ជា ដំណើរការ ផ្សះផ្សាជាតិ និងកសាង អនាគត បង់ក្លាដែស ហើយ ក៏ ដើម្បីធានាថា គ្មាន ការ ប្រព្រឹត្ត ជាន់ ឈ្លី សិទ្ធិ មនុស្ស អាច បន្ត កើតមាន ជាថ្មីទៀត ៕
Nº.0448