អារ៉ាប៊ីសាអូឌីត៖មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមថ្កោលទោសអំពើប្រល័យពូជសាសន៍នៅតំបន់ហ្កាហ្សា
នៅថ្ងៃចន្ទ ទី១១ វិច្ឆិកា ប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ និងអង្គការនៃកិច្ចសហប្រតិបត្តិការអ៊ីស្លាមដោយមាន ៧០ប្រទេសសមាជិកចូលរួម។ កម្មវត្ថុនៃកិច្ចប្រជុំកំពូលបានផ្តោតសំខាន់លើបញ្ហាសង្រ្គាមនៅតំបន់ហ្កាហ្សា និងនៅលីបង់ដែលប្រទេសអ៊ីស្រាអែលកំពុងបន្តវាយប្រហារលើក្រុមហាម៉ាសប៉ាឡេស្ទីន និងក្រុមហេសបូឡាលីបង់។ នៅក្នុងកិច្ចប្រជុំកំពូល មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមបានថ្កោលទោសលើអំពើប្រល័យពូជសាសន៍ដែលកំពុងកើតមាននៅតំបន់ហ្កាហ្សា។
ខណៈពេលបើកកិច្ចប្រជុំកំពូលដែលផ្តោតលើសំណុំរឿងសង្គ្រាមនៅតំបន់ហ្កាហ្សា និងនៅលីបង់ រាជទាយាទអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ បេន សាលម៉ានបានមានបន្ទូលដោយប្រើពាក្យ “អំពើប្រល័យពូជសាសន៍” ដែលសំដៅទៅប្រតិបតិ្តយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ចំណែកមេដឹកនាំក្រុមប្រទេសអារ៉ាប់ និងប្រទេសអ៊ីស្លាមបានប្រកាសរួមគ្នាថ្កោលទោសលើអំពើប្រល័យពូជសាសន៍ និងអំពើព្រៃផ្សៃរបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្កាហ្សាដែនដីប៉ាឡេស្ទីន។ ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំទាំងអស់ក៏បានលើកឡើងពីការធ្វើទារុណកម្ម ការសម្លាប់ ការបាត់ខ្លួន និងសកម្មភាពបោសសម្អាតជាតិសាសន៍ពីសំណាក់ទាហានអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយនៃកិច្ចប្រជុំកំពូល។
ព្រះអង្គម្ចាស់បេន សាលម៉ានដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក៏បានអំពាវនាវឲ្យអ៊ីស្រាអែលគោរពអធិបតេយ្យភាពប្រទេសអ៊ីរ៉ង់ និងបញ្ឈប់ការវាយប្រហារលើទឹកដីអ៊ីរ៉ង់។ សមាជិកភាគច្រើននៃសម្ព័ន្ធអារ៉ាប់ និងអង្គការនៃសហប្រតិបតិ្តការអ៊ីស្លាមបានប្រកាន់ជំហររួមគ្នាយ៉ាងមុតមាំចំពោះសេចក្តីថ្លែងការណ៍នេះ។ តាមរាជទាយាទអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ជាបងប្អូននឹងអារ៉ាប៊ីសាអូឌីតដែលបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងមហាអំណាចទាំងពីរនៅតំបន់មជ្ឈិមបូព៌ា។ គួររម្លឹកថា បន្ទាប់ពីបានផ្តាច់ការទូតរវាងគ្នាអស់ជាង ៧ឆ្នាំ អ៊ឺរ៉ង់ដែលជាប្រទេសកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត ហើយអារ៉ាប៊ីសាអូឌីតដែលជាប្រទេសកាន់សាសនាអ៊ីស្លាមនិកាយស៊ុយនីតបានប្រកាសចងសម្ព័ន្ធភាពការទូតនឹងគ្នាឡើងវិញកាលពីខែមីនា ឆ្នាំ២០២៣ ក្រោមការផ្សះផ្សារបស់ចិន។