កម្ពុជាត្រៀមបណ្តេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសអនឡាញចេញពីប្រទេស
សមត្ថកិច្ច កម្ពុជា អះអាង ថា នឹង បណ្តេញ ជន បរទេស ដែល ឃាត់ ខ្លួន បាន រាប់ រយ នាក់ ពាក់ ព័ន្ធ នឹង បទ ល្មើស អន ឡាញ នៅ កម្ពុជា នាពេល កន្លង ទៅ ថ្មី ៗ នេះ ។ ចំណែក ម្ចាស់ទី តាំង ប្រព្រឹត្តិ បទ ល្មើស នឹង ត្រូវ បញ្ជូន ទៅកាន់ តុលា ការ ។ សារព័ត៌ មាន ចិន ស៊ីស៊ីថាមន៍ បានឲ្យ ដឹង ថា ការ ចុះបង្ក្រាប កាល ពី ថ្ងៃ ទី ៦ ខែ វិច្ឆិកា គឺ មានការ ឃាត់ ខ្លួន ជន សង្ស័យ ដល់ ទៅ ៦០៦នាក់ ក្នុង នោះមាន ស្រ្តី ៤៥នាក់។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនស្រង់សំដីមកផ្សាយថា ជនបរទេសដែលបានឃាត់ខ្លួននឹងត្រៀមបណ្ដេញចេញពីប្រទេសកម្ពុជា។ ចំណែកអ្នកជាប់ពាក់ព័ន្ធនឹងការដឹកនាំបទល្មើស និងម្ចាស់ទីតាំងនឹងត្រូវប្រឈមមុខនឹងនីតិវិធីច្បាប់។ គួរបញ្ជាក់ថាកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជាបានឆ្មក់ចូលទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺនែតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញដោយមានសេចក្តីរាយការណ៍ដំបូងៗថា មានជនបរទេសជាង២០០នាក់ដែលមកពីប្រទេសចិន ប៉ាគីស្ថាន នេប៉ាល់ និងថៃត្រូវបានឃាត់ខ្លួន។
តែក្រោយមក សារព័ត៌មានចិន ស៊ីស៊ីថាមន៍ជាភាសាចិនបានរាយការណ៍ដោយទទួលព័ត៌មានពីសមត្ថកិច្ចកម្ពុជាថា ការឆ្មក់ចូលទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺនែតក្នុងខណ្ឌមានជ័យកាលពីថ្ងៃទី៦ ខែវិច្ឆិកា គឺបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦០៦នាក់ ក្នុងនោះមានស្រ្តី ៤៥នាក់។ តាមសារព័ត៌មានចិនដដែលនេះ ការវាយឆ្មក់ចូលបង្ក្រាបនេះដោយសារសមត្ថកិច្ចកម្ពុជាទទួលបានបណ្តឹងពីជនរងគ្រោះដែលអះអាងថា ពួកគេត្រូវបានឃុំខ្លួនដោយបង្ខំនៅក្នុងទីតាំងអគារខុនដូនោះ។
នៅល្ងាចថ្ងៃអង្គារ ទី១២ វិច្ឆិកានេះ វិទ្យុបារាំងអន្តរជាតិ RFI មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានទេជុំវិញចំនួនជនបរទេសដែលត្រូវបានឃាត់ខ្លួន និងត្រៀមបណ្តេញចេញពីកម្ពុជា។ គួររម្លឹកថាកាលពីខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជាក៏បានចុះបង្ក្រាបទីតាំងមជ្ឈមណ្ឌលអគារពាណិជ្ជកម្មមួយកន្លែងស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺដោយរកឃើញមនុស្សជាង ១ពាន់នាក់ដែលភាគច្រើនជាជនជាតិចិន និងជនបរទេសចម្រុះជាតិសាសន៍ផ្សេងទៀតពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ។
N.0063