រថយន្តបុកមនុស្សនៅចិន ស្លាប់ជាង៣០នាក់ ហើយរងរបួសជាង៤០នាក់
នៅភាគខាងជើងប្រទេសចិន យ៉ាងហោចណាស់ មនុស្ស ៣៥នាក់បានស្លាប់ ព្រមទាំង ៤៣នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍រថយន្តបើក បុកហ្វូងមនុស្ស កាលពីយប់ថ្ងៃចន្ទ។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន នៅខេត្តក្វាងទុង ។
នៅខេត្តក្វាងទុង ហេតុការណ៍គ្រោះថ្នាក់ ឡាន បុកហ្វូងមនុស្សដ៏រន្ធត់ បានកើតឡើង នៅយប់ថ្ងៃចន្ទ ទី១១ វិច្ឆិកា ពីព្រោះតែ អ្នក បើកបរ បាន បើកបំ បុកចូល មជ្ឈមណ្ឌលកីឡាមួយកន្លែង នៅក្រុងជូហៃ ។ នគរបាល មូលដ្ឋាន បានរាយការណ៍ជាបន្ទាន់ ថាមាន អ្នកស្លាប់ ចំនួនជាង ៣០នាក់ និងអ្នករបួស ចំនួនជាង ៤០ នាក់។
បើយោងតាមវិដេអូនៅកន្លែង កើតហេតុ និងបើ តាមប្រភពពី ប៉ូលិសចិន ជនបង្ក មានឈ្មោះ ហ្វាង អាយុ ៦២ឆ្នាំ។ បុរសចំណាស់ នេះ បានបើករថយន្តមួយគ្រឿង ប្រភេទ SUV បំបុកចូលក្នុងមជ្ឈមណ្ឌលកីឡា សំដៅហ្វូងមនុស្សដែលកំពុងហាត់ប្រាណនៅទីនោះ។ ក្នុងនោះ មានជនជាតិជប៉ុនផងដែរ។ ក៏ប៉ុន្តែ នៅថ្ងៃទី១២វិច្ឆិកា ស្ថានទូតជប៉ុនប្រចាំប្រទេសចិន បានបញ្ជាក់ថា ពុំមានព័ត៌មានអំពីស្ថានភាពអ្នករបួស ដែល ជា ជនជាតិជប៉ុននៅឡើយទេ ។
នៅពេល កើត ហេតុភ្លាមៗនោះ ប៉ូលីសបានចាប់ ខ្លួនជនបង្ក តែមិនទាន់បានសួរចម្លើយ ពីព្រោះជនបង្ក មានរបួសធ្ងន់ធ្ងរ កំពុងតែ បាត់ បង់ ស្មារតីនៅឡើយ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។ ការស៊ើបអង្កេតជាបឋម បង្ហាញថា មូលហេតុដែលធ្វើឲ្យបុរសរូបនេះ ហ៊ានធ្វើអំពើព្រៃផ្សៃដូច្នោះ ដោយសារតែគាត់ឈ្លោះប្រកែកគ្នាជាមួយនឹងអតីត ភរិយា និងមិនសប្បាយ ចិត្តចំពោះការបែងចែកទ្រព្យសម្បត្តិ បន្ទាប់ពេលលែងលះគ្នា។
ក្រោយពីសោកនាដកម្ម នេះ ប្រធានាធិបតីចិន ស៊ី ជីនពីង បានបញ្ជា ឲ្យ ជ្រោម ជ្រែង ប្រើគ្រប់ មធ្យោបាយ ឲ្យ អស់ ពីលទ្ធភាព ដើម្បី សង្គ្រោះព្យាបាល អ្នករបួសទាំងអស់ ហើយ លោក ប្រមុខ រដ្ឋ ចិន សង្ឃឹមថា ជនល្មើស នឹង ត្រូវផ្តន្ទាទោសតាមច្បាប់។
ប៉ុន្មានខែចុងក្រោយនេះ នៅស្រុក ចិន មានករណីអំពើហិង្សាជាបន្តបន្ទាប់ ដែលបង្កឲ្យមានអ្នកស្លាប់ និងអ្នករបួសជាច្រើននាក់ រួមមាន ការវាយប្រហារដោយកាំបិត និងករណីបើករថយន្តសំដៅបុកអ្នកថ្មើរ ជើង។ ជាក់ស្តែង ខែតុលាកន្លងទៅ បុរស ម្នាក់ប្រើកាំបិត ចាក់សម្លាប់ មនុស្ស៣នាក់ និង របួស ១៥នាក់ នៅ ហាងពាណិជ្ជកម្ម ១កន្លែង ក្នុង ក្រុងសៀងហៃ។ ក្នុងខែកញ្ញា កូន សិស្ស ជនជាតិជប៉ុនម្នាក់ ក៏ ត្រូវ គេ ចាក់ស្លាប់ដែរ នៅក្នុង ក្រុង ស៊ីនជីន។ ចំណែក នៅ ខែ កក្កដា ឡាន ១ បើកបុក អ្នក ដំណើរ នៅ ភាគកណ្តាល ប្រទេស ចិន ស្លាប់ មនុស្ស ៨នាក់៕
N.0061