មីស៊ីល អ៊ីពែសូនិក៖ ឥណ្ឌាប្រណាំងប្រជែង មិនឲ្យចាញ់ចិន ដែលជាមហាអំណាចជិតខាង
ឥណ្ឌា បាន សាកល្បង ដោយជោគជ័យមីស៊ីល អ៊ីពែសូនិក។ មីស៊ីល ដែលលឿនជាងសំឡេង ៥ដង។ នៅក្នុង សារ បង្ហោះផ្សាយ លើ បណ្តាញ សង្គម X កាលពីថ្ងៃអាទិត្យ ទី ១៧ វិច្ឆិកា រដ្ឋមន្រ្តី ការពារ ជាតិ ឥណ្ឌា បាន និយាយ សរសើរ ស្នាដៃ សម្រេច បាន ជាប្រវត្តិសាស្រ្ត ដែលធ្វើ ឲ្យ ឥណ្ឌា អាច ចូលក្នុង ចំណោម មហាអំណាច ប្រទេស ដែល មាន សមត្ថភាព បច្ចេកវិទ្យាផលិត មីស៊ីល អ៊ីពែសូនិក។
ខណៈពេល ដែលពិភពលោកកំពុង រវល់ បារម្ភ និងតាមដាន សង្រ្គាម រុស្ស៊ី ឈ្លាន ពានអ៊ុយក្រែន និងសង្រ្គាម បង្ហូរឈាម របស់ អ៊ីស្រាអែល នៅ ហ្កាហ្សា និងលីបង់ តំបន់អាស៊ីខាងត្បូង មិនសូវ ទទួលបាន ចំណាប់ អារម្មណ៍។ ប៉ុន្តែ នៅ អាស៊ីខាងត្បូង និយាយ ឲ្យចំ គឺ ឥណ្ឌា មហាយក្ស អាស៊ីតែម្តងកំពុង ឆ្លៀតធ្វើ ទំនើបកម្ម សព្វាវុធជាប់ជាប្រចាំ។
នៅថ្ងៃ អាទិត្យ ទី ១៧វិច្ឆិកា ឥណ្ឌាបាន ប្រកាស ពីជោគជ័យ របស់ខ្លួន ក្នុងការបាញ់ សាកល្បងមីស៊ីល អ៊ីពែសូនិក។ បើតាម រដ្ឋមន្រ្តីការពារជាតិ ឥណ្ឌា មីស៊ីល អ៊ីពែសូនិក ដែល ជា ប្រភេទមីស៊ីល បាញ់ ចម្ងាយឆ្ងាយ ត្រូវ បាន គេ បាញ់ សាកល្បង ចេញពី មូលដ្ឋាន មួយ នៅលើ កោះ Abdul Kalam ភាគខាងកើត ប្រទេស ឥណ្ឌា។
រដ្ឋមន្រ្តីការពារ ឥណ្ឌា លោក Rajnath Singh បាន និយាយ សរសើរ ស្នាដៃ សម្រេចបាន ជាប្រវត្តិសាស្រ្ត របស់ ឥណ្ឌា នៅក្នុង ការអភិវឌ្ឍ កងទ័ព។ ការបាញ់ សាកល្បង ដោយ ជោគជ័យ មីស៊ីល អ៊ីពែសូនិក នឹង ធ្វើ ឲ្យ ឥណ្ឌា អាច ចូលក្នុងចំណោម ប្រទេស មហាអំណាច តែមួយចំនួន តូច ដែលមាន សមត្ថភាព ផលិត បាន មីស៊ីល អ៊ីពែសូនិក ដូចជា អាមេរិក ចិន និង រុស្ស៊ី។ ប៉ុន្តែ បើតាម ក្រុមប្រឹក្សា អាត្លង់ទិក ក្រៅតែពីមហាអំណាច ទាំងបី ខាងលើ មាន កូរ៉េខាងជើង និង ក្រុមហ៊ូទីយេម៉ែន និង អ៊ីរ៉ង់ ដែលអះអាងថា ខ្លួន មាន សមត្ថភាព ផលិត មីស៊ីល អ៊ីពែសូនិក។
ការផលិតបាន មីស៊ីល អ៊ីពែសូនិក ជា ការបោះជំហាន មួយ ដ៏ ធំរបស់ឥណ្ឌា ក្នុង វិស័យ បច្ចេកវិទ្យាយោធាឈានមុខ។ មីស៊ីល អ៊ីពែសូនិក អាច ហោះលឿនជាង សំឡេង ៥ដង។ វាអាច ហោះក្នុងកំពស់ទាប ហើយដែលគេ អាច ពិបាកនឹង ចាប់សញ្ញាបាន បើប្រៀបធៀប នឹង មីស៊ីល បាលីស្ទិក។ មួយវិញទៀត វា មិនត្រឹម រត់លឿនទៅដល់ គោលដៅ ប៉ុន្តែ វា អាច ទទួលបញ្ជា ផ្លាស់ប្តូរ គោលដៅភ្លាមៗ នៅក្នុង ពេល កំពុង ហោះនៅលើអាកាស។
ឥណ្ឌា បង្ហាញ ស្នាដៃ ផលិត បាន មីស៊ីល ដែល រត់លឿនបំផុត ដើម្បី បង្អួតមិន ឲ្យ ចាញ់ គូប្រជែង គឺ ចិន ដែល ទើប បើកពិព័រណ៌ សម្ញែង សព្វាវុធទំនើបៗ កាលពី ដើមសប្តាហ៍មុន។ នៅក្នុងពិព័រណ៌ យន្តហោះចម្បាំង ចិន នូវបាន បង្ហាញ ប្រព័ន្ធខែលមីស៊ីល HQ-19 ដែល ចិន ផលិត ឡើង ដើម្បី ស្ទាក់ បាញ់ ទម្លាក់ មីស៊ីល បាលីស្ទិក និង មីស៊ីល អ៊ីពែសូនិក។
បើតាម សេចក្តីប្រកាស របស់ រដ្ឋាភិបាល ឥណ្ឌា មីស៊ីល អ៊ីពែសូនិក នឹងត្រូវ គេ យកទៅបំពាក់ ឲ្យ កងទ័ព សម្រាប់ ការវាយប្រហារ ក្នុង ចម្ងាយ ប្រមាណ ១៥០០គីឡូម៉ែត្រ។ គេ វាយតម្លៃថា ឥណ្ឌា មាន បច្ចេកវិទ្យា ផលិត មីស៊ីល អ៊ីពែសូនិក ក៏ដោយសារ មកពី ឥណ្ឌា ពង្រឹងសម្ព័ន្ធភាព យោធា ជាមួយ មហាអំណាច យោធា ដូចជា អាមេរិក ជប៉ុន និងអូស្ត្រាលី។ លើសពីនោះ ឥណ្ឌា ជា អតិថិជន ដ៏ធំដែលទិញ សព្វាវុធ ពី រុស្ស៊ី ដូចជា ប្រព័ន្ធ ខែល មីស៊ីល S-400 បើទោះមានការគំរាមដាក់ទណ្ឌកម្ម ពី អាមេរិក ដែលជាសម្ព័ន្ធមិត្ត៕
N.0071