CBRE៖ កម្ពុជាអាចរងហានិភ័យមួយចំនួនដល់សេដ្ឋកិច្ច ដោយសារគោលនយោបាយរបស់លោកដូណាល់ ត្រាំ
ភ្នាក់ងារអចលនទ្រព្យកម្ពុជាដែលហៅកាត់ជាភាសាអង់គ្លេស CBRE Cambodia បានចេញរបាយការណ៍វិភាគមួយ កាលពីពេលថ្មីៗនេះ ស្តីពីឱកាស និងហានិភ័យរបស់កម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងអាណត្តិដឹកនាំថ្មីរបស់លោកដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រុមអ្នកវិភាគរបស់CBRE Cambodiaអះអាងថា គោលនយោបាយរបស់លោកត្រាំ «អាមេរិកជាអាទិភាពទី១» នឹងជះផលអវិជ្ជមានមួយចំនួនចំពោះកម្ពុជា។ ទន្ទឹមគ្នានេះ កម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ខ្លះមកវិញដែរ ដូចជាក្នុងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ច។
នៅក្នុងរបាយការណ៍វិភាគរបស់ខ្លួន ក្រុមអ្នកជំនាញរបស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodiaសម្លឹងឃើញគោលនយោបាយ «អាមេរិកជាអាទិភាពទី១»របស់លោកដូណាល់ ត្រាំ ថា អាចបង្កឲ្យមានភាពមិនប្រាកដប្រជានៅទីផ្សាររបស់កម្ពុជា។ ជាក់ស្តែង ហានិភ័យដែលកម្ពុជាត្រូវប្រឈម គឺការធ្លាក់ចុះនៃកំណើនវិនិយោគដោយផ្ទាល់ពីបរទេស ពិសេសពីប្រទេសចិន ប្រសិនបើភាពតានតឹងរបស់អាមេរិក និងចិនកើនឡើងខ្លាំង។ ភាពតានតឹងចិន អាមេរិកមិនត្រឹមប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែ ជាចំណែកមួយដែលនឹងជះឥទ្ធិពលយ៉ាងប្រាកដដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល។
នៅក្នុងរបាយការណ៍ដដែល CBRE Cambodia ក៏មិនភ្លេចបង្ហាញពីក្តីព្រួយបារម្ភ ចំពោះវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាដែលកំពុងតែដាំក្បាលចុះជាច្រើនឆ្នាំ បន្ទាប់ពីកើតមានវិបត្តិជំងឺកូវីដ-១៩។ បន្ថែមពីនេះ អ្វីដែលក្រុមអ្នកវិភាគរបស់CBRE កត់សម្គាល់មួយទៀត គឺ គោលនយោបាយ«អាមេរិកជាអាទិភាពទី១ឬ America First» អាចឈានទៅដល់ការកាត់បន្ថយជំនួយ និងការគាំទ្រដល់គំនិតផ្តួចផ្តើមពហុភាគី ដែលកម្ពុជាធ្លាប់បានទទួលប្រយោជន៍កន្លងមក។
លោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិយល់ថា កម្ពុជាអាចប្រឈមនឹងផលលំបាកក្នុងការនាំចេញទំនិញទៅសហរដ្ឋអាមេរិក និងថាកម្ពុជារឹតតែពិបាកក្នុងការទាក់ទាញអ្នកវិនិយោគពីសហរដ្ឋអាមេរិក និងអ្នកវិនិយោគអឺរុបផ្សេងទៀត។ ការបណ្តាក់ទុននៅកម្ពុជាមានតម្លៃថ្លៃ ខណៈដែលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធGSP។
ចំពោះក្រុមអ្នកវិភាគរបស់CBRE Cambodia រដ្ឋបាលរបស់លោកដូណាល់ ត្រាំមិនមែនសុទ្ធតែនាំដំណឹងអាក្រក់នោះទេ។ គោលនយោបាយរបស់លោកក្នុងការដំឡើងពន្ធខ្ពស់លើទំនិញនាំចូលមកពីប្រទេសចិននឹងអាចនាំផ្លែផ្កាមកកម្ពុជាខ្លះដែរ តួយ៉ាងការរើទីតាំងរោងចក្រឧស្សាហកម្មរបស់ចិនមកដាក់នៅទឹកដីកម្ពុជា។ ចំណែក ទីផ្សារហិរញ្ញវត្ថុវិញនឹងមានស្ថិរភាព ពីព្រោះកម្ពុជានៅបន្តអនុវត្តគោលនយោបាយប្រើប្រាស់រូបិយប័ណ្ណដុល្លារអាមេរិកដដែល។
មួយវិញទៀត និងបើតាមCBRE Cambodia គោលនយោបាយសេដ្ឋកិច្ចរបស់លោកដូណាល់ត្រាំដូចជាការបន្ធូរបន្ថយការយកពន្ធសាជីវកម្ម និងនិយតកម្ម របស់អាមេរិក នឹងជួយជំរុញ ការនាំចេញរបស់កម្ពុជាកាន់តែប្រសើរឡើង។
ឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិបទសង្គម និងនយោបាយជាសាកលបែបនេះ អ្នកជំនាញរបស់ភ្នាក់ងារ CBRE Cambodia លើកទឹកចិត្តឱ្យកម្ពុជាបន្ស៊ាំខ្លួន ហើយត្រូវពង្រឹង រៀបចំយុទ្ធសាស្ត្ររបស់ខ្លួនឱ្យជាក់លាក់ ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ចបន្ថែមទៀតទៅថ្ងៃខាងមុខ។ ភ្នាក់ងារCBRE Cambodiaនៅបានស្នើឱ្យកម្ពុជាធ្វើឱ្យប្រសើរឡើងនូវតម្លៃប្រើប្រាស់ ការដឹកជញ្ចូន ការបង្កើនផលិតភាពការងារ ប្រកបដោយប្រសិទ្ធភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការកាត់បន្ថយការិយាធិបតេយ្យ កែលម្អតម្លាភាព និងអភិបាលកិច្ច ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងពង្រើកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕