ហ្កាហ្សា៖ ស្លាប់ជាង ២០នាក់ ដោយការវាយប្រហាររបស់អ៊ីស្រាអែល

7News

 ហ្កាហ្សា៖ ស្លាប់ជាង ២០នាក់ ដោយការវាយប្រហាររបស់អ៊ីស្រាអែល

នៅហ្កាហ្សា អង្គការការពារជនស៊ីវិលបានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនយ៉ាងហោច ២២នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅថ្ងៃសុក្រ ទី១៥ សីហា។ ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឲ្យប្រជាជនរាប់ម៉ឺននាក់ ត្រូវបិទខ្ទប់ទាំងស្រុង និងជួបការលំបាកជាខ្លាំង ដោយសារតែខ្វះស្បៀងអាហារ និងថ្នាំសង្កូវ។

នៅហ្កាហ្សា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅថ្ងៃសុក្រ ទី១៥ សីហា បានផ្តាច់ជីវិតប្រជាជនប៉ាឡេស្ទីនស្លូតត្រង់យ៉ាងហោច ២២នាក់។ ក្នុងចំណោមនោះ ៩នាក់ស្លាប់នៅកន្លែងចែកជំនួយមនុស្សធម៌ពីរកន្លែង នៅប៉ែកខាងជើងនិងខាងត្បូងនៃតំបន់ហ្កាហ្សា។ រីឯ ៦នាក់ រួមទាំងកុមារ ៣នាក់ ផ្សេងទៀត បានស្លាប់ក្នុងជំរុំជនភៀសខ្លួន នៅប៉ែកខាងត្បូង និងកណ្តាលតំបន់ហ្កាហ្សា។ ចំណែក ប្រជាជនប្រមាណ ៥ម៉ឺននាក់ នៅប៉ែកនិរតីនៃតំបន់ហ្កាហ្សា ត្រូវបិទខ្ទប់ទាំងស្រុង ដោយខ្វះស្បៀងអាហារ និងទឹកស្អាត ពីព្រោះក្រុមជំនួយមនុស្សធម៌មិនអាចចូលទៅតំបន់នោះបានឡើយ។ 

អង្គការដដែលនេះបានបន្តទៀតថា កងទ័ពអ៊ីស្រាអែលបានបាញ់ប្លោងគ្រាប់យ៉ាងសន្ធឹកចូលតំបន់ហ្កាហ្សា សឹងតែមិនលោះថ្ងៃ បន្ទាប់ពីការប្រកាសវាយសម្រុកចូលគ្រប់គ្រងតំបន់ហ្កាហ្សា របស់លោក នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមិន នេតាន់យ៉ាហ៊ូ កាលពីដើមខែសីហា។

ដោយឡែក បើតាមប្រភពរបស់ក្រសួងមហាផ្ទៃប៉ាឡេស្ទីន កងទ័ពអ៊ីស្រាអែលក៏បានបើកការប្រហារតាមផ្លូវគោក ចូលតំបន់នៅប៉ែកនិរតីនៃហ្កាហ្សា។ ប្រតិបត្តិការវាយវាយប្រហារនេះបានបំផ្លាញផ្ទះសម្បែងប្រជាជនរាប់សិបខ្នង និងផ្លូវថ្នល់ជាច្រើនកន្លែង។

លោកស្រីនាយករដ្ឋមន្រ្តីដាណឺម៉ាក Mette Frederiksen ដែលសព្វថ្ងៃជាប្រធានប្តូរវេនសហភាពអឺរ៉ុបបានរិះគន់លោក បេនចាមិន នេតាន់យ៉ាហ៊ូ ហើយថាលោកជាមនុស្សមានបញ្ហា។ លោកស្រីក៏បានចោទរដ្ឋាភិបាលរបស់លោក នេតាន់យ៉ាហ៊ូ ថាកំពុងតែប្រព្រឹត្តទង្វើជ្រុលហួសហេតុលើប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។ លោកស្រីបានបន្តទៀតថា ផែនការវាយចូលគ្រប់គ្រងតំបន់ហ្កាហ្សារបស់ប្រមុខដឹកនាំអ៊ីស្រាអែល បានធ្វើឲ្យស្ថានភាពមនុស្សធម៌នៅហ្កាហ្សា ធ្លាក់ចុះដុនដាប់កាន់តែខ្លាំងឡើង។ លោកស្រីនាយករដ្ឋមន្រ្តីដាណឺម៉ាកបានអំពាវនាវឲ្យប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ដាក់ទាំងសម្ពាធនយោបាយផង និងទណ្ឌកម្មសេដ្ឋកិច្ចផង លើអ៊ីស្រាអែល។ នេះបើតាមបទសម្ភាសន៍របស់លោកស្រីនាយករដ្ឋមន្រ្តី ជាមួយសារព័ត៌មានដាណឺម៉ាក Jyllands-Posten នាថ្ងៃសៅរ៍ ទី១៦ សីហា។

អង្គការមនុស្សធម៌ប្រចាំតំបន់ហ្កាហ្សាបានឲ្យដឹងថា ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលយ៉ាងសន្ធាប់នៅហ្កាហ្សា រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ បានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។ បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សចេញផ្សាយ នៅថ្ងៃទី១ សីហា យ៉ាងហោចមនុស្សប្រមាណ ១៣៧៣នាក់ បានស្លាប់ និងអ្នករបួសប្រមាណ ៥៦៩០នាក់។ ដូច្នេះ តម្រូវការស្បៀងអាហារ និងថ្នាំសង្កូវ មានចំនួនកាន់តែច្រើនឡើងៗ៕

Nº.0936

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top