ក្រសួងបរិស្ថាន៖ ធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងស្តារប្រេងដែលកំពប់ពីស៊ីទែនប្រមាណជាង៦ម៉ឺនលីត្រ នៅក្នុងភូមិទួលតាឯក ក្រុងបាត់ដំបង

7News

ក្រសួងបរិស្ថាន៖ ធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងស្តារប្រេងដែលកំពប់ពីស៊ីទែនប្រមាណជាង៦ម៉ឺនលីត្រ នៅក្នុងភូមិទួលតាឯក ក្រុងបាត់ដំបង

ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥៖

ក្រុមការងារក្រសួងបរិស្ថានកំពុងតែធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងស្តារប្រេងដែលកំពប់ពីស៊ីទែនប្រមាណជាង៦ម៉ឺន ក្នុងចំណោម៧ម៉ឺនលីត្រនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបងឱ្យបានស្អាតឡើងវិញ ដោយការដាក់របាំងពោងស្ទាក់ចាប់តំណក់ប្រេង ។

ការចុះវាយតម្លៃ និងស្តារប្រេងដែលកំពប់នេះត្រូវបានធ្វើឡើង ក្រោយពេលដែល រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ នាថ្ងៃអាទិត្យ ទី១៧ ខែសីហានេះ។

ការចុះពិនិត្យឃើញថា ប្រេងដែលកំពប់នោះបានបង្កការប៉ះពាល់ ដល់ប្រព័ន្ធរំដោះទឹក ចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកន្លែងកើតហេតុ។ លោករដ្ឋមន្រ្តីបានជំរុញឱ្យក្រុមការងារត្រូវចុះវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឱ្យបាន ច្បាស់លាស់ ដើម្បីពិនិត្យ និងដោះស្រាយការខូចខាតបរិស្ថាន និងធានាដល់ភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសការស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន មានសុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រសួងបរិស្ថានបានឱ្យដឹងថា លោករដ្ឋមន្រ្តីបានណែនាំឱ្យក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរ និងតំណាងក្រុមហ៊ុន រៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេងទៅទីតាំងផ្សេងទៀត ដោយការដាក់របាំងពោងស្ទាក់ចាប់តំណក់ប្រេង ចំនួន៣កន្លែងសំខាន់ៗ នៅតាមប្រឡាយរំដោះទឹកភ្លៀង និងធ្វើការសម្អាត ជាប្រចាំ ដើម្បីការពារការលេចចូលទៅប្រព័ន្ធលូ និងតំបន់ទឹកសាធារណៈ ក៏ដូចជាធ្វើឱ្យប្រព័ន្ធរំដោះទឹក ដែលរងប៉ះពាល់ស្អាតឡើងវិញ ។

ស៊ីទែនប្រេងដឹកតាមទូរថភ្លើងមានចំនួនបួន ដែលស៊ីនទែននីមួយៗមានប្រេងម៉ាស៊ូត ចំណុះ ៣៦ ០០០ លីត្រ។ ប៉ុន្តែប្រេងដែលបានលេចចេញមកក្រៅ ប្រហែល ៧ម៉ឺនលីត្រ ដោយក្នុងនោះប្រេងប្រហែល ១ម៉ឺនលីត្រ ត្រូវបានប្រជាជនចុះប្រមូលយក។ ក្រៅពីនេះ ប្រេងដែលលេចធ្លាយមួយចំនួនបានហូរចូលក្នុងប្រឡាយរំដោះទឹកភ្លៀង ដោយបានរាយប៉ាយចម្ងាយ៥០០ មែត្រពីទីតាំងលេចធ្លាយ  និងមួយចំនួនហូរចូលក្នុងរណ្តៅនៅម្ខាងទៀតនៃផ្លូវរថភ្លីង។ នេះបើយោងតាមក្រសួងបរិស្ថាន។

លោករដ្ឋមន្រ្តី បានណែនាំឱ្យ ក្រុមការងារប្រើប្រាស់គ្រឿងចក្រ កាយប្រមូលសំណាក ដែលដក់ជាប់ជាមួយតំណក់ប្រេងចេញពីដីប្រឡាយ និងធ្វើការស្តារប្រឡាយឱ្យស្អាត សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រើប្រាស់។ លោកក៏បានស្នើដល់អាជ្ញាធរ ឱ្យជួយណែនាំប្រជាជនដែលរស់នៅក្នុងក្បែរកន្លែងកើតហេតុ ឱ្យថែរក្សាអនាម័យនៅតាមកន្លែងរស់នៅឱ្យបានស្អាតជាប្រចាំ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកុំយកសំណល់ប្រេងលេចធ្លាយ ទៅប្រើប្រាស់ និងត្រូវធ្វើការប្រមូលទុកដាក់ ដើម្បីអាជ្ញាធរដឹកជញ្ជូនយកទៅដុត ជាមួយឡដុតសំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។

កាលពីព្រឹក ថ្ងៃទី១៦ ខែសីហានេះ រថភ្លើងដឹកប្រេងតេលាបានធ្លាក់ផ្លូវដែកទិសខាងជើង ដែលជា ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង ត្រង់ចំណុចPK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ។ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ។ ទោះយ៉ាងណាករណីនេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ក្រុមហ៊ុនរ៉ូយ៉ាល់ បានបញ្ចូនគ្រឿងចក្រស្ទួចចំនួន២គ្រឿង រថយន្តដឹកប្រេងក្រុមហ៊ុនតេឡាជាច្រើនគ្រឿងដើម្បីបូមប្រេងចេញ និងត្រៀមរថយន្តអគ្គិភ័យ ដើម្បីបង្ការហានិភ័យកើតឡើងជាយថាហេតុ។ សម ត្ថកិច្ចក៏បានហ៊ុំព័ទ្ធទីតាំងកើតហេតុ និងហាមឃាត់ពលរដ្ឋចូលដងប្រេងដែលកំពប់លើផ្លូវដែក។

Nº.0937


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top