នៅកូរ៉េខាងត្បូង រងគ្រោះដោយសារទឹកជំនន់បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោច៣នាក់

7News

នៅកូរ៉េខាងត្បូង រងគ្រោះដោយសារទឹកជំនន់បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោច៣នាក់

ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥៖

នៅតំបន់ភាគខាងលិចកូរ៉េខាងត្បូង ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក ក្នុងកម្រិតមួយដែលគេមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ។ ផ្អែកតាមអាជ្ញាធរកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧កក្កដា ជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាមិនធ្លាប់មាននេះ បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាង ហោច៣នាក់ និងច្រើនពាន់នាក់ត្រូវជម្លៀសទៅរកទីកន្លែងមានសុវត្ថិភាព។

ជារៀងរាល់ឆ្នាំនៅរវាងខែកក្កដា-សីហា តែងតែមានភ្លៀងធ្លាក់ខ្លាំងនៅកូរ៉េខាងត្បូង។ តែឆ្នាំនេះ ព្យុះភ្លៀងបានធ្លាក់យ៉ាងគំហុក ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោង បណ្តាលឲ្យមានទឹកជំនន់លិចលង់មួយរំពេច នៅឯខេត្ត Chungcheong ខាងត្បូង ស្ថិតនៅភាគខាងលិចប្រទេស។ យោងតាមអាជ្ញាធរឧតុនិយមកូរ៉េខាងត្បូង កម្រិតទឹកភ្លៀងបានធ្លាក់ ចំនួន១១៤,៩មីលីម៉ែត្រ ក្នុងមួយម៉ោង នៅតំបន់ទីក្រុង Seosan ដែលនេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានទេ បើរាប់ចាប់តាំងពីឆ្នាំ១៩០៤មក។

គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា មានមនុស្សយ៉ាងហោច៣នាក់បានស្លាប់ ដោយគ្រោះមហន្តរាយធម្មជាតិនេះ។

បុរសម្នាក់ស្លាប់នៅ តំបន់Osan ចំងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល បន្ទាប់ពីជញ្ជាំងទប់ផ្លូវកំពស់១០ម៉ែត្រ បានបាក់សង្កត់លើរថយន្តដែលខ្លួនកំពុងបើក។ ចំណែកមនុស្ស២នាក់ទៀត មានម្នាក់ស្លាប់ដោយទឹកហូរកួច និងម្នាក់ទៀតស្លាប់ដោយជាប់ក្នុងបន្ទប់ក្រោមដីក្នុងផ្ទះ។ ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានចេញបញ្ជាឲ្យជម្លៀសមនុស្សជាង១០០០នាក់ ចេញពីផ្ទះសម្បែង ដើម្បីទៅរកកន្លែងមានសុវត្ថិភាព។ សាលារៀនច្រើនកន្លែង នៅភាគខាងលិចប្រទេស ត្រូវបិទទ្វារ ដើម្បីរក្សាសុវត្ថិភាពសិស្សានុសិស្ស។

Nº.0859

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top