លោក ត្រាំ ឱ្យពេលរុស្ស៊ី ៥០ថ្ងៃក្នុងការបិទបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន

7News

លោក ត្រាំ ឱ្យពេលរុស្ស៊ី ៥០ថ្ងៃក្នុងការបិទបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន

ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥៖

នៅថ្ងៃចន្ទ ទី១៤ កក្កដាក្នុងជំនួបជាមួយប្រមុខអង្គការតូអង់នៅសេតវិមាន លោកដូណាល់ត្រាំបានសម្តែងការខកចិត្តជាថ្មីនឹងទង្វើរបស់លោកពូទីនដោយប្រកាសដាក់ឱសានវាទ ៥០ថ្ងៃ ឱ្យរុស្ស៊ីបិទបញ្ចប់សង្គ្រាម បើពុំនោះទេ រុស្ស៊ីនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិកបានប្រកាសផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្មីដល់អ៊ុយក្រែន តាមរយៈយន្តការអូតង់។

លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានប្រកាសនៅថ្ងៃចន្ទ ទី១៤ កក្កដាដាក់ទណ្ឌកម្មរុស្ស៊ីដោយព្រមានដំឡើងពន្ធយ៉ាងសម្បើម បើរុស្ស៊ីមិនព្រមបិទបញ្ចប់សង្គ្រាមឈ្លានពានអ៊ុយក្រែននៅរវាង៥០ថ្ងៃទៀត។ “នៅ៥០ថ្ងៃទៀត បើនៅតែគ្មានកិច្ចព្រមព្រៀងសន្តិភាពទេ យើងនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី។ គឺជាទណ្ឌកម្មដែលសំដៅវាយប្រហារលើដៃគូពាណិជ្ជកម្មរបស់រុស្ស៊ីដើម្បីធ្វើយ៉ាងណាឱ្យរុស្ស៊ីស្ថិតក្នុងភាពឯកានៅលើពិភពលោក។ នេះជាសេចក្តីប្រកាសរបស់លោកដូណាល់ត្រាំ នៅក្នុងជំនួបប្រជុំជាមួយប្រមុខអង្គការអូតង់នៅសេតវិមានដោយបន្ថែមទៀតថា “ពាណិជ្ជកម្មជាអាវុធដ៏ល្អបំផុតសម្រាប់ដោះស្រាយជម្លោះ។ បើគ្មានកិច្ចព្រមព្រៀងនៅ៥០ថ្ងៃខាងមុខ តម្លៃពន្ធរបស់ប្រទេសដៃគូពាណិជ្ជកម្មរុស្ស៊ីនាំចូលអាមេរិកនឹងឡើងដល់១០០%”។

តើដៃគូពាណិជ្ជកម្មរុស្ស៊ីជានរណា? បើតាមក្រសួងពន្ធដាររុស្ស៊ី ចិនជាដៃគូពាណិជ្ជកម្មដ៏ចម្បងរបស់រុស្ស៊ីជាមួយនឹងទំហំដោះដូរពាណិជ្ជកម្មដល់ទៅ៣៤% កាលពីឆ្នាំកន្លងទៅ បន្ទាប់មកគឺឥណ្ឌា តួកគី និងបេឡារុស។

ក្រៅអំពីដាក់ឱសានវាទគំរាមរុស្ស៊ីតាមរយៈការដំឡើងពន្ធគយលើប្រទេសដៃគូរុស្ស៊ី លោកដូណាល់ត្រាំបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលPatriot នឹងទៅដល់អ៊ុយក្រែននៅប៉ុន្មានថ្ងៃទៀត ហើយថា លោកកាន់តែរីករាយខ្លាំងទៀត ព្រោះសម្ព័ន្ធមិត្តអឺរ៉ុបបានត្រូវរ៉ូវគ្នា ព្រមដំឡើងថវិកាការពារជាតិដល់៥%។

ជាងនេះទៅទៀត ក្នុងកិច្ចពិភាក្សារវាងលោកត្រាំជាមួយប្រមុខអង្គការអូតង់លោក ម៉ាក រ៉ូត ស្តីពីគម្រោងធ្វើទំនើបកម្មបណ្តាញការពារជាតិអាមេរិក សម្ព័ន្ធមិត្តអឺរ៉ុបគ្រោងទិញបរិក្ខារយោធាសម្រាប់ផ្ទេរទៅឱ្យអ៊ុយក្រែនពីអាមេរិកក្នុងទំហំទឹកប្រាក់ច្រើនសិបពាន់លានដុល្លារអាមេរិក មានន័យថា អ៊ុយក្រែននឹងមានអាវុធយុទ្ធភ័ណ្ឌយ៉ាងច្រើនសម្បូរបែប មានទាំងប្រព័ន្ធការពារដែនអាកាស មីស៊ីល និងគ្រាប់គ្រប់គ្រាន់។ ប្រមុខអង្គការអូតង់បានប្រកាសថា អាល្លឺម៉ង់ អង់គ្លេស ហ្វាំងឡង់ កាណាដា ន័រវែស ស៊ុយអែត និងដាណឺម៉ាកជាតំណាងអតិថិជនធំចម្បងគេ និងចង់ឃើញអាមេរិកប្រគល់សព្វាវុធឱ្យយ៉ាងឆាប់រហ័សដើម្បីអាចបង្ខំលោកពូទីនឱ្យចរចា។

ដោយគ្មានបង្អង់ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានទូរស័ព្ទទៅថ្លែងអំណរគុណលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ដែលគាំទ្រអ៊ុយក្រែន ព្រមប្រគល់អាវុធយ៉ាងច្រើនឱ្យ និងដើម្បីពិភាក្សារកវិធីដ៏ប្រពៃការពារជីវិតជនស៊ីវិលពីការវាយប្រហាររបស់រុស្ស៊ី។ បើតាមរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីការពារប្រជាពលរដ្ឋពីគ្រាប់ភ្លៀងមីស៊ីលរុស្ស៊ី គេត្រូវការប្រព័ន្ធការពារអាកាសយ៉ាង ហោច ១០គ្រឿង។ បច្ចុប្បន្ន អ៊ុយក្រែនមានប្រព័ន្ធការពារអាកាសតែ៧ ដែលខ្លះដើរ ខ្លះអត់។ ចំណែកអឺរ៉ុបជិតខាងមានជាង៤០ និងទុកចោលអត់ប្រើ៕

Nº.0853




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top