តៃវ៉ាន់៖ ប្រកាសជោគជ័យក្នុងការសាកល្បងនាវាមុជទឹកជាលើកដំបូង
ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥៖
នៅថ្ងៃពុធ ទី១៨ មិថុនា អាជ្ញាធរតៃវ៉ាន់បានប្រកាសអំពីការសាកល្បងនាវាមុជទឹក ១ គ្រឿងដែលជាសមិទ្ធផលស្នាដៃផលិតក្នុងស្រុករបស់ខ្លួន និងដែលត្រូវសាកល្បងបណ្តែតខ្លួនលើសមុទ្រតៃវ៉ាន់ជាលើកដំបូង។ ការបង្ហាញនាវាមុជទឹក « Made in Taiwan » ដែលមានគោលដៅបម្រើឲ្យវិស័យកងទ័ពពេលនេះ គឺជាការបង្ហាញសាច់ដុំយោធាដាក់ចិនដីគោក និងដើម្បីបង្ការទប់នឹងការវាយប្រហារពីក្រុងប៉េកាំងជាយថាហេតុ។
រដ្ឋអំណាចក្រុងតៃប៉ិ បានប្រកាសជោគជ័យក្នុងការសាកល្បងនាវាមុជទឹកជាលើកដំបូងដែលផលិតដោយក្រុមហ៊ុនតៃវ៉ាន់ CSBC Corporation។ នាវាមុជទឹក « Made in Taiwan » បានត្រូវគេប្រសិទ្ធនាមថា ហៃឃុន (海鯤) ជាភាសាចិនដែលសំដៅដល់សត្វសមុទ្រម្យ៉ាងក្នុងរឿងទេវកថា។ តាមពិត គម្រោងផលិតនាវាមុជទឹកមួយនេះជាគំនិតផ្តួចផ្តើមរបស់លោកស្រីអតីតប្រធានាធិបតី សៃ អ៊ីងវេនកាលពីឆ្នាំ ២០១៦ ហើយ ៤ឆ្នាំក្រោយមក ក្រុមហ៊ុនតៃវ៉ាន់បានចាប់ផ្តើមសាងសង់ និងបានដាក់បង្ហាញគំរូជាសាធារណៈលើកទី១ ក្នុងឆ្នាំ២០២៣។ នាវាមុជទឹក ហៃឃុន ១ គ្រឿងអាចមានតម្លៃ ១,៥ ពាន់លានដុល្លារ មានប្រវែងប្រមាណ ៨០ ម៉ែត្រ និងមានទម្ងន់ចន្លោះពី ២ ៥០០ តោន ទៅ ៣ ០០០ តោន។
នាវាហៃឃុននឹងត្រូវបំពាក់ប្រព័ន្ធធ្វើសឹកដែលផ្តល់ដោយក្រុមហ៊ុនសន្តិសុខរបស់អាមេរិក Lockheed Martin។ បើតាមក្រុមហ៊ុនតៃវ៉ាន់ CSBC Corporation កម្មវត្ថុនៃការដាក់សាកល្បងឲ្យនាវាមុជទឹកបណ្តែតខ្លួនលើទឹកសមុទ្រជាលើកដំបូង នៅថ្ងៃពុធ ទី១៨ មិថុនា គឺដើម្បីធ្វើតេស្ត ហើយតាមរយៈលទ្ធផលធ្វើតេស្តសាកល្បងនេះ ក្រុមហ៊ុននឹងបន្តកែច្នៃអភិវឌ្ឍន៍ចំណុចខ្វះខាតបន្ថែម និងត្រូវដាក់សាកល្បងបណ្តែតទឹក និងជ្រមុជក្នុងទឹកជាច្រើនដងទៀត។ តាមអាជ្ញាធរទ័ពជើងទឹកតៃវ៉ាន់ ការសាកល្បងអាចនឹងធ្វើជាច្រើនដងចាប់ពីពេលនេះដល់ដំណាច់ខែកញ្ញាដើម្បីធានាថា ក្រុមហ៊ុនតៃវ៉ាន់ CSBC Corporation អាចប្រគល់នាវាមុជទឹកនេះទៅឲ្យអាជ្ញាធរក្រុងតៃប៉ិនៅក្នុងខែវិច្ឆិកាខាងមុខ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតនាវាមុជទឹកតៃវ៉ាន់ CSBC Corporation ត្រូវប្រគល់នាវាមុជទឹកគំរូដូចដែលបានសាកល្បងលើកនេះចំនួន ៨ គ្រឿងទៅឲ្យអាជ្ញាធរតៃវ៉ាន់។ សព្វថ្ងៃនេះ តៃវ៉ាន់មាននាវាមុជទឹក ២ គ្រឿងតែប៉ុណ្ណោះដែលធ្វើប្រតិបត្តិការបាន។ ក្រុងតៃប៉ិទិញនាវាមុជទឹក ២គ្រឿងនេះពីប្រទេសហូឡង់កាលពីឆ្នាំ ១៩៨០។ អំឡុងពេលនោះ ប្រទេសចិនមាននាវាមុជទឹកលំដាប់ពិភពលោករួចហើយទៅហើយ និងដែលបំពាក់ដោយគ្រាប់មីស៊ីលបំពាក់គ្រាប់ក្បាលនុយក្លេអ៊ែរទៀតផង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ការសាកល្បងនាវាមុជទឹក « Made in Taiwan » ឲ្យបណ្តែតលើទឹកសមុទ្រពេលនេះក៏ជាវត្ថុបំណងរបស់ក្រុមអ្នកនយោបាយបក្សប្រឆាំងដែរ។ ពួកអ្នកនយោបាយប្រឆាំងដែលគ្រប់គ្រងសភាតៃវ៉ាន់បានបង្កកគម្រោងថវិកាមួយចំណែករបស់រដ្ឋាភិបាល និងបានជំរុញឲ្យរដ្ឋអំណាចក្រុងតៃប៉ិបង្ហាញសមិទ្ធផលនាវាមុជទឹកដែលជាការសន្យារបស់ខ្លួន៕
Nº.0787