ឥណ្ឌា៖ លោកណារិនដ្រា ម៉ូឌី បើកសម្ពោធផ្លូវដែក និងស្ពានរថភ្លើងថ្មីនៅតំបន់កាស្មៀរ

7News

ឥណ្ឌា៖ លោកណារិនដ្រា ម៉ូឌី បើកសម្ពោធផ្លូវដែក និងស្ពានរថភ្លើងថ្មីនៅតំបន់កាស្មៀរ

ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា​ ឆ្នាំ២០២៥៖

លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញជាអធិបតីបើកសម្ពោធផ្លូវដែក និងស្ពានរថភ្លើងថ្មីនៅតំបន់កាស្មៀរកាលពីថ្ងៃសុក្រទី៦ មិថុនា។ យោងតាមលោកនាយករដ្ឋមន្ត្រីឥណ្ឌា បណ្តាញខ្សែរថភ្លើងនេះនឹងចូលរួមជួយដល់ការអភិវឌ្ឍន៍តំបន់ភ្នំកាស្មៀរឲ្យរីកចម្រើន និងថា វាក៏ជាបណ្តាញដឹកជញ្ជូនដ៏ចាំបាច់ផងដែរសម្រាប់កងទ័ពឥណ្ឌាដើម្បីទៅការពារទឹកដីប្រឈមមុខនឹងប៉ាគីស្ថានដែលគ្រប់គ្រងផ្នែកម្ខាងទៀតនៃតំបន់កាស្មៀរ។

បន្ទាប់ពីមានការផ្ទុះអាវុធទ្រង់ទ្រាយធំរវាងកងទ័ពប៉ាគីស្ថាន និងឥណ្ឌានៅតំបន់កាស្មៀរ លោកណារិនដ្រា ម៉ូឌី បានបើកសម្ពោធខ្សែរថភ្លើង និងផ្លូវដែកកាលពីថ្ងៃសុក្រទី៦ មិថុនា។ ដៃកាន់ទង់ជាតិឥណ្ឌា លោកណារិនដ្រា ម៉ូឌី បានដើរឆ្លងស្ពានរថភ្លើងដែលឆ្លងកាត់ពីលើជ្រលងស្ទឹង Chanap យ៉ាងអង់អាចក្លាហាន។ មានប្រវែង ១៣១៥ម៉ែត្រ និងកំពស់ ៣៥៩ម៉ែត្រ ស្ពានផ្លូវដែកនេះបានបំបែកកំណត់ត្រាជាស្ពានរថភ្លើងខ្ពស់ជាងគេបង្អស់លើលោក។ លោកណារិនដ្រា ម៉ូឌី បានថ្លែងថា ប៉ាគីស្ថានប្រាកដជាចងចាំជាប់ក្នុងចិត្តមិនងាយភ្លេចទេនូវបរាជ័យដ៏អាម៉ាស់របស់ខ្លួន។


លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានបន្ថែមទៀតថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវដែកយុទ្ធសាស្ត្រនៅតំបន់កាស្មៀរនេះ គឺជាមោទនភាពជាតិឥណ្ឌាដែលរួបរួម ប្តេជ្ញាចិត្តបោះជំហានដើរទៅមុខ និងជានិមិត្តរូបនៃការស្ទុះបោះពួយអភិវឌ្ឍន៍រីកចម្រើនរបស់ឥណ្ឌា។ សូមបញ្ជាក់ថា តាមរយៈការបើកសម្ពោធខ្សែរថភ្លើងនេះ លោកណារិនដ្រា ម៉ូឌី បានចាប់ផ្តើមដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធតំបន់កាស្មៀរឥណ្ឌា ដែលគិតជាទឹកប្រាក់មានច្រើនពាន់លានដុល្លារ។ ខ្សែផ្លូវដែក Udhampur-Srinagar-Baramulla នេះមានចម្ងាយផ្លូវ២៧២គីឡូម៉ែត្រ ឆ្លងកាត់រូងក្រោមភ្នំ៣៦រូង និងស្ពានជ្រលងភ្នំចំនួន៩៤៣ស្ពាន។

បច្ចុប្បន្ន គេត្រូវធ្វើដំណើរតាមផ្លូវភ្នំ រហូត៧ម៉ោងយ៉ាងតិចដើម្បីចូលទៅដល់តំបន់កាស្មៀរ។ តែជាមួយខ្សែរថភ្លើងថ្មីនេះ ការធ្វើដំណើរចំណាយពេលតែ៣ម៉ោងប៉ុណ្ណោះ។ នៅលើបណ្តាញសង្គម លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានផ្សាយអួតថា នេះគឺជាស្នាដៃសាងសង់ដ៏អស្ចារ្យបំផុតរបស់ឥណ្ឌា។ ខ្សែផ្លូវដែកនេះ មានកម្មវត្ថុជំរុញសកម្មភាពធ្វើដំណើររបស់មនុស្ស និងការដឹកជញ្ជូនទំនិញចេញចូលទៅកាន់តំបន់កាស្មៀរ ហើយវាក៏ជាមធ្យោបាយ ដើម្បីធ្វើសមាហរណកម្មសង្គម និងសេដ្ឋកិច្ច សម្រាប់តំបន់ភ្នំដាច់ស្រយាលនេះ។

មិនត្រឹមតែដឹកជញ្ជូនមនុស្ស និងទំនិញ ខ្សែរថភ្លើងនេះក៏ជាមធ្យោបាយដឹកជញ្ជូនកម្លាំងទ័ពទៅកាន់តំបន់កាស្មៀរដែរ។ សូមរំឭកថា តំបន់កាស្មៀរត្រូវពុះចែកជា២ ដោយមានមួយផ្នែកតូចជារបស់ប៉ាគីស្ថាន និងមួយផ្នែកទៀតធំជារបស់ឥណ្ឌា បើទោះបីប្រជាជនរស់នៅភាគច្រើនសុទ្ធសឹងជាអ្នកកាន់សាសនសឥស្លាមក៏ដោយ។ តំបន់នេះតែងតែជាសមរភូមិប្រយុទ្ធគ្នាជារឿយៗរវាងកងទ័ពទាំង២ ដែលសុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន។ ការផ្ទុះអាវុធកាលពីដើមខែឧសភាបានបណ្តាលឲ្យស្លាប់មនុស្សជាង៧០នាក់។

ជាមួយនឹងការអភិវឌ្ឍន៍បណ្តាញគមនាគមន៍ដឹកជញ្ជូននៅតំបន់កាស្មៀរនេះ លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីហិណ្ឌូជាតិនិយម ប្រហែលជាមានបំណងធ្វើឲ្យអ្នកកាន់សាសនាហិណ្ឌូទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅតំបន់កាស្មៀរឲ្យកាន់តែច្រើន ហើយធ្វើឲ្យចំណែកនៃប្រជាជនអ្នកកាន់សាសនាឥស្លាមកាន់តែធ្លាក់ចុះ៕

Nº.0748




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top