សង្គ្រាមឆាបឆេះកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល

7News

សង្គ្រាមឆាបឆេះកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល

ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥

កងទ័ពទាំងសងខាងបានបន្តបាញ់ប្លោងគ្រាប់មីស៊ីល និងដ្រូនទៅវិញទៅមកកាលពីយប់ថ្ងៃទី១៦ មិថុនា។ ក្រៅពីបានវាយប្រហារទៅលើស្ថានីយ៍ទូរទស្សន៍ជាតិអ៊ីរ៉ង់ អ៊ីស្រាអែលបានប្រកាសថាបានសម្លាប់អគ្គមេបញ្ជាការធំម្នាក់ទៀតរបស់អ៊ីរ៉ង់ ព្រមទាំងកម្ទេចទីតាំងស្តុកមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ជាច្រើនកន្លែង។ ចំណែកអ៊ីរ៉ង់វិញអះអាងថាបានបាញ់គ្រាប់មីស៊ីលសំដៅកម្ទេចទីតាំងយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល។ បណ្តាប្រទេសជាច្រើនបានចាប់ផ្តើមជម្លៀស រំដោះប្រជាជនរបស់គេចេញពីអ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈស្ថានការណ៍កាន់តែចលាចលខ្លាំង។

អ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ជាតិអ៊ីរ៉ង់កំពុងតែបញ្ចេញសំនួនវោហារសព្ទរិះគន់ជេរអ៊ីស្រាអែល ស្រាប់តែគ្រាប់មីស៊ីលបានធ្លាក់ចំអគារស្ថានីយ៍ក្នុងពេលកំពុងផ្សាយបន្តផ្ទាល់។ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ មិថុនា គេពិតជាបានវាយប្រហារចំទីតាំងស្ថានីយ៍ទូរទស្សន៍ជាតិអ៊ីរ៉ង់មែនដែលស្ថិតនៅក្នុងទីក្រុងតេអេរ៉ង់ និងបានអះអាងថា ស្ថានីយ៍ទូរទស្សន៍ជាតិអ៊ីរ៉ង់នោះមិនត្រឹមតែជាឧបករណ៍ឃោសនារបស់របបផ្តាច់ការអ៊ីរ៉ង់ប៉ុណ្ណោះទេ តែវាក៏ជាទីកន្លែងលាក់បំពួនបញ្ជាការដ្ឋានកងទ័ពសម្ងាត់មួយទៀតដែរ។ ព្រឹកថ្ងៃអង្គារ ទី១៧ មិថុនា អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានអះអាងថា គេបានសម្លាប់បានមេទ័ពដ៏ធំម្នាក់ទៀតកាលពីយប់ថ្ងៃចន្ទ ទី១៦ មិថុនាឈ្មោះ Ali Shadmani ដែលត្រូវគេស្គាល់ថាជាមនុស្សដ៏ស្និទ្ធបំផុតនឹងអាយ៉ាតូឡា អាលី ខាម៉េណី មេដឹកនាំសាសនាអ៊ីស្លាមអ៊ីរ៉ង់។

Ali Shadmani ទើបតែត្រូវបានអាយ៉ាតូឡាអ៊ីរ៉ង់តែងតាំងឲ្យធ្វើជាអគ្គមេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់កាលពី៤ថ្ងៃមុនប៉ុណ្ណោះដើម្បីជំនួសលោក Gholam Ali Rachid ដែលត្រូវបានអ៊ីស្រាអែលបាញ់មីស៊ីលសម្លាប់កាលយប់ថ្ងៃទី១៣ មិថុនា។ កងទ័ពអ៊ីស្រាអែលបានឲ្យដឹងទៀតថា យប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារ ទី១៧ មិថុនានេះ គេបានបាញ់កម្ទេចជើងទម្របាញ់មីស៊ីលរបស់អ៊ីរ៉ង់ អស់យ៉ាងហោច ១ភាគ៣ និងបានកម្ទេចទីតាំងស្តុកដ្រូនខ្លះផង។ អ៊ីស្រាអែលបានប្រកាសអំពាវនាវប្រាប់ឲ្យប្រជាជនអ៊ីរ៉ង់ ភៀសខ្លួនចេញពីតំបន់ភាគខាងជើង និងខាងកើតទីក្រុងតេអេរ៉ង់ ព្រោះអ៊ីស្រាអែលអាចនឹងបន្តវាយប្រហារនៅត្រង់កន្លែងនោះ។

នៅខាងអ៊ីស្រាអែលវិញ អ៊ីរ៉ង់បានបាញ់ផ្លោងគ្រាប់មីស៊ីល និងដ្រូនជាច្រើនគ្រឿង កាលពីយប់ថ្ងៃចន្ទ សំដៅមកលើទីក្រុងទែលអាវីវ និងទីក្រុងកំពង់ផែហៃហ្វា។ អ៊ីរ៉ង់អះអាងថាបានវាយប្រហារចំលើគោលដៅយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលដែលមានដូចជាទីតាំងរបស់ក្រុមស៊ើបការសម្ងាត់ម៉ូសាដជាដើម។ ដ្រូន និងមីស៊ីលបាលីស្ទិកអ៊ីរ៉ង់ខ្លះបានឆ្លងផុតសំណាញ់ខែលការពារផ្លូវអាកាសរបស់អ៊ីស្រាអែល ហើយបានធ្លាក់ចំអគារជាច្រើនកន្លែង។ អ៊ីរ៉ង់អះអាងទៀតថា នឹងបាញ់គ្រាប់មីស៊ីលមកអ៊ីស្រាអែល កាន់តែច្រើនថែមទៀត ល្គឹកណាអ៊ីស្រាអែលមិនឈប់វាយប្រហារអ៊ីរ៉ង់នោះទេ។ ព្រឹកថ្ងៃអង្គារ ទី១៧ មិថុនា អ្នករាយការណ៍ព័ត៌មានបានអះអាងថាបានឮសំឡេងផ្ទុះជាបន្តបន្ទាប់នៅទីក្រុងទែលអាវីវ និងតំបន់ជុំវិញ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារទី១៧ មិថុនា សង្គ្រាមផ្លូវអាកាសរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ បានសម្លាប់មនុស្សប្រមាណ២២៤នាក់ នៅខាងអ៊ីរ៉ង់ ចំណែកអ៊ីស្រាអែលមានស្លាប់ ២៤នាក់។ ភាពចលាចលបានចាប់ផ្តើមកើតមាន នៅអ៊ីរ៉ង់ ជាពិសេសនៅរដ្ឋធានីតេអេរ៉ង់ និងតំបន់ជុំវិញ ដែលសំបូរទៅដោយទីតាំងយោធា ទីតាំងស្តុកប្រេង និងទីតាំងធំៗផ្សេងទៀតនៃរបបផ្តាច់ការអ៊ីរ៉ង់ហើយដែលអ៊ីស្រាអែលអាចនឹងវាយប្រហារ។ ផ្អែករូបភាពជាច្រើននៅតាមបណ្តាញសង្គម គេសង្កេតឃើញមនុស្សជាច្រើនបន្តកន្ទុយគ្នាចាំចាក់សាំងរថយន្ត ដើម្បីធ្វើដំណើរចាកចេញឆ្ងាយ និងមានប្រជាជនអ៊ីរ៉ង់ខ្លះទៀតបានភៀសខ្លួនទៅប្រទេសក្បែរខាង ដូចជាតួកគីជាដើម។ ជាមួយនឹងស្ថានការណ៍កាន់តែចលាចលនេះ បណ្តាប្រទេសជាច្រើន បានអំពាវនាវឲ្យប្រជាជនគេរៀងៗខ្លួន ចាកចេញពីអ៊ីរ៉ង់ និងពីអ៊ីស្រាអែល។

ប្រទេសខ្លះបានបញ្ជូនយន្តហោះទៅដឹកប្រជាជនគេថែមទៀតផង។ នៅឯជំនួបកំពូលG7 ក្នុងប្រទេសកាណាដា ថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ បានអំពាវនាវឲ្យគូសត្រូវទាំង២ អ៊ីរ៉ង់ អ៊ីស្រាអែល ត្រូវតែអត់ធ្មត់រៀងៗខ្លួន ដើម្បីការពារអាយុជីវិតប្រជាជនស៊ីវីលទាំងសងខាង។ តែទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំG7 បានទទួលស្គាល់ថា អ៊ីស្រាអែលមានសិទ្ធិវាយប្រហារដើម្បីការពារខ្លួន ព្រោះថារបបផ្តាច់ការអ៊ីរ៉ង់ គឺជាមេបង្កបញ្ហា និងអស្ថិរភាពជាច្រើននៅតំបន់ដើមបូព៌ា។ ដោយឡែក លោកដូណាល់ ត្រាំ បានចាកចេញពីជំនួបកំពូលG7 មុនពេលកំណត់កាលពីល្ងាចថ្ងៃចន្ទ ទី១៦ មិថុនាដោយអះអាងថា លោកមានរឿងបន្ទាន់ និងធំបំផុតដែលត្រូវចាត់ចែង។

មុននឹងឡើងយន្តហោះ លោកដូណាល់ ត្រាំ បាននិយាយប្រាប់ឲ្យប្រជាជនអ៊ីរ៉ង់ត្រូវតែភៀសខ្លួនរកកន្លែងជ្រក។ លោកដូណាល់ ត្រាំបានបង្ហោះសារទៀតថា បើអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអែរជាមួយលោក ម្លេះរួចខ្លួនបាត់ទៅហើយ។ លោករដ្ឋមន្ត្រីការពារជាតិអាមេរិកវិញ បានឲ្យដឹងថានាវាចម្បាំង Nimitz កំពុងតែបើកចេញពីសមុទ្រចិនខាងត្បូង សំដៅទៅដើមបូព៌ាហើយ ដើម្បីផ្តុំកម្លាំងបន្ថែម។ ជាមួយនឹងប្រកាសទាំងនេះ ក្រសួងការបរទេសចិនបានលើកឡើងថា លោកដូណាល់ ត្រាំ កំពុងតែយកសាំងជះលើភ្លើង ឲ្យកាន់តែឆេះសន្ធោសន្ធៅហើយ៕

Nº.0784




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top