ចំនួនអ្នកមានទ្រព្យសម្បត្តិកើនឡើងកាន់តែច្រើន និងកាន់តែមានខ្លាំងជាប្រវត្តិសាស្ត្រនៅលើពិភពលោក

7News

ចំនួនអ្នកមានទ្រព្យសម្បត្តិកើនឡើងកាន់តែច្រើន និងកាន់តែមានខ្លាំងជាប្រវត្តិសាស្ត្រនៅលើពិភពលោក

ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥៖

ចំនួនអ្នកមានកើនឡើងកាន់តែច្រើន និងកាន់តែមានខ្លាំងជាប្រវត្តិសាស្ត្រនៅលើពិភពលោក។ នេះបើតាមការសិក្សាអន្តរជាតិរបស់ការិយាល័យប្រឹក្សាបារាំងចេញផ្សាយនៅថ្ងៃពុធទី៤ មិថុនា ២០២៥។ កំណើនទ្រព្យសម្បត្តិ និងចំនួនអ្នកមានបានមកពីផលចំណេញផ្នែកទីផ្សារភាគហ៊ុន និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

តាមការសិក្សាអន្តរជាតិរបស់ការិយាល័យជំនាញប្រឹក្សាបារាំង Capgmini ក្នុង៧១ប្រទេសនៅលើពិភពលោក ចំនួនអ្នកមាន និងទ្រព្យសម្បត្តិរបស់អ្នកមានបានកើនឡើងខ្ពស់ខ្លាំងជាប្រវត្តិសាស្ត្រ។ ជាមួយនឹងអត្រាកំណើន ២,៦% នៅក្នុងឆ្នាំ២០២៤ ពិភពលោកមានអ្នកមានដល់ ២៣លាន ៤សែននាក់ ក្នុងនោះ ក្រុមអ្នកមានខ្លាំងជាងគេដែលមានលុយចាប់ពី ៣០លានដុល្លារឡើងទៅបានកើន ៦,២% ក្នុងមួយឆ្នាំ។ ចំណែកទ្រព្យសម្បត្តិរបស់ក្រុមអ្នកមានខ្លាំងជាងគេមានសរុប ៩ម៉ឺន៥រយពាន់លានដុល្លារ ពោលកើន ៤,២% បើប្រៀបទៅនឹងឆ្នាំ ២០២៤។ នេះគឺជាឯតទគ្គកម្មពីរថ្មីនៃចំនួនអ្នកមាន រាប់ទាំងចំនួនមនុស្ស និងចំនួនទឹកប្រាក់ គិតតាំងពីការិយាល័យជំនាញបារាំងចាប់សិក្សា និងផ្សព្វផ្សាយរបាយការណ៍អ្នកមានជារៀងរាល់ឆ្នាំកាលពីឆ្នាំ ១៩៩៧។

សម្រាប់ការិយាល័យជាអ្នកដឹកនាំសិក្សា និងចេញរបាយការណ៍ដែលមានឈ្មោះថា World Wealth Report អ្នកមានដែលមានលុយសុទ្ធលើសពី ១ លានដុល្លារ ដោយមិនរាប់ថ្លៃផ្ទះដែលជាលំនៅដ្ឋានអចិន្ត្រៃយ៍ត្រូវបានចាត់ទុកថាជាអ្នកមានហើយ។ ប្រទេសដែលមានកំណើនចំនួនអ្នកមានច្រើនជាងគេ គឺសហរដ្ឋអាមេរិកជាមួយនឹងកំណើន ៧,៦%។ នៅឆ្នាំ២០២៤ អាមេរិករាប់ឃើញអ្នកមានថ្មីបន្ថែមចំនួន ៥៦២ ០០០នាក់ដែលសរុបទាំងអស់មាន ៧លាន៩សែននាក់។ កំណើនទ្រព្យសម្បត្តិរបស់ពួកគេបានពីតម្លៃភាគហ៊ុនឡើងថ្លៃ កំណើនសេដ្ឋកិច្ចស្ទុះខ្លាំងជាងការព្រាងទុក និងពីវិស័យបច្ចេកវិទ្យាសិប្បនិម្មិត។

នៅអាស៊ីប៉ាស៊ីហ្វិក កំណើនចំនួនអ្នកមានមិនសូវខ្លាំងដូចអាមេរិកទេ គឺកើនត្រឹមតែ ២,៧% និងមិនស្មើគ្នាពីប្រទេសមួយទៅប្រទេសមួយទេ។ ឧទាហរណ៍ ចិនធ្លាក់ចុះ១% ខណៈជប៉ុន និងឥណ្ឌាកើន ៥,៦%។ ផ្ទុយទៅវិញនៅអឺរ៉ុប ចំនួនមហាសេដ្ឋីមានប្រាក់វាល់លានបានថយចុះអស់២,១%។ បារាំងបាត់អ្នកមានអស់ ២១ ០០០នាក់។ តែទ្រព្យសម្បត្តិបានទៅផ្តុំច្រើនខ្លាំងលើអ្នកមានខ្លាំង ព្រោះសម្បត្តិពួកគេបានកើន៣,៥%។ ការសិក្សាបារាំងដដែលបានគូសបញ្ជាក់ទៀតថា នៅ ២ទសវត្សរ៍ខាងមុខ នឹងមានការប្តូរផ្លាស់ផ្ទេរមរតកប្តូរជំនាន់លេចមុខអ្នកមានជំនាន់ថ្មី។ ទន្ទឹមនឹងកំណើនអ្នកមាន អ្នកក្រក៏មានចំនួនច្រើនឡើងៗ។ គម្លាត និងវិសមភាពយ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះបានក្លាយជាតស៊ូមតិ ចោទសួររកមធ្យោបាយចែករំលែកទ្រព្យសម្បត្តិរបស់អ្នកមានខ្លាំង តាមរយៈការបង់ពន្ធ៕

Nº.0741

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top