ពងមាន់ជាអាហារដ៏ល្អ ងាយរកទិញ តម្លៃធូរថ្លៃ និងងាយចម្អិនហូប ហើយជាអាហារថាមពលសំបូរប្រូតេអ៊ីនយ៉ាងច្រើនទៀតផង។
ពងមាន់មួយគ្រាប់អាចផ្តល់ថាមពលបានរហូតដល់ ៨០កាឡូរីឯណោះ។ លើសពីនេះទៅទៀត ពងមាន់សំបូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទផ្សេងទៀតដែលជាតម្រូវនៃរាងកាយជាប្រចាំ និងល្អសម្រាប់សុខភាព។
អត្ថប្រយោជន៍៤ប្រភេទនៃពងមាន់សម្រាបសុខភាព៖
១. ជាប្រភពនៃខ្លាញ់ Omega-3
ពងមាន់ត្រូវបានគេសិក្សារកឃើញថា សំបូរទៅដោយសារធាតុ Omega3 ដែលជាប្រភេទអាស៊ីតខ្លាញ់មួយដ៏ល្អ ចូលរួមចំណែកយ៉ាងសំខាន់ដល់ការកំចាត់ចោលសារធាតុខ្លាញ់ ឬកូលេស្តេរ៉ុលមិនល្អដែលមាននៅតាមបណ្តោយសរសៃឈាម។
នេះជាកត្តាមួយជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ព្រោះជំងឺទាក់ទងនឹងបេះដូង មិនថាជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលក្តី សុទ្ធសឹងបង្កមកពីមូលហេតុចំបងតែមួយគត់ គឺសារធាតុខ្លាញ់មិនល្អ។
២. ជាប្រភពនៃវីតាមីនA
ការបរិភោគស៊ុតជារៀងរាល់ថ្ងៃ នឹងបំពេញបន្ថែមវីតាមីនA ដែលជួយការពារយើងពីជំងឺភ្នែកជាច្រើនដូចជា ការឡើងបាយក្នុងប្រស្រីភ្នែក និងជំងឺខ្សោយភ្នែក ជាដើម។
ក្រៅពីនេះ វីតាមីនA ដែលទទួលបានពីពងមាន់ជាសារធាតុមិនអាចខ្វះបានសម្រាប់កោសិកាភ្នែក ក្នុងការស្រូបយកពន្លឺ និងពណ៌។
៣. ប្រភពនៃប្រូតេអ៊ីន
ពងមាន់ ស្ថិតក្នុងចំណោមអាហារសំបូរប្រូតេអ៊ីន។ សារធាតុប្រូតេអ៊ីនជាម៉ូលេគុលយ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់ការលូតលាស់ ការសាងសង់រាល់ជាលិកានិងសរីរាង្គក្នុងខ្លួន ការផលិតអរម៉ូនសំខាន់ៗដើម្បីដំណើរការធម្មតានៃរាងកាយ។
ស៊ុតមាន់មួយគ្រាប់មានសារធាតុប្រូតេអ៊ីនរហូតដល់ ៦ក្រាមឯណោះ ពោលគឺ ការហូបស៊ុតមួយគ្រាប់ ទទួលបានថាមពលរហូតដល់៧៨កាឡូរី។
៤. ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម
ពងមាន់ផ្តល់ឲ្យនូវសារធាតុ Selenium ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុនេះបានដើរតួនាទីយ៉ាងសំខាន់ដល់ការកាត់បន្ថយរ៉ាឌីកាល់សេរី និងសារធាតុពុលដល់កោសិកាផ្សេងៗទៀត។ កត្តាទាំងនេះពិតជាមានសារៈសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍កោសិកាមហារីកផងដែរ៕
N.0014