ប្រធានាធិបតី ប្រេស៊ីលស្នើឲ្យ អ.ស.ប ដឹកនាំការ ចរចា រវាងអ៊ុយក្រែននិងរុស្ស៊ី

7News

ប្រធានាធិបតី ប្រេស៊ីលស្នើឲ្យ អ.ស.ប ដឹកនាំការ ចរចា រវាងអ៊ុយក្រែននិងរុស្ស៊ី

ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥៖

លោកលូឡា ប្រធានាធិបតី ប្រេស៊ីល ដែលកំពុងតែបំពេញទស្សនកិច្ច នៅ បារាំង បានថ្លែងកាលពីថ្ងៃសៅរ៍ ទី ៧ មិថុនា ម្សិលមិញថា ដល់ពេល ហើយ ដែលអង្គការសហប្រជាជាតិ ត្រូវតែដើរតួនាទី ចាំបាច់ ដើម្បី រៀបចំដឹកនាំការចរចា រវាង អ៊ុយក្រែននិងរុស្ស៊ី។ លោក ប្រធានាធិបតី ប្រេស៊ីល បាន លើកឡើងទៀតថា លោកសូម ស្នើខ្លួនដឹកនាំក្រុមប្រទេសអព្យាក្រិត្យ ដែល មិនពាក់ព័ន្ធក្នុងជម្លោះនេះ ដើម្បីនិយាយបញ្ចុះបញ្ចូលភាគីជម្លោះទាំង ២ ។

សន្និសីទកាសែតមួយនៅទីក្រុង ប៉ារីស ថ្ងៃសៅរ៍ទី ៧ មិថុនា លោក លូឡា ប្រធានាធិបតី ប្រេស៊ីល បានថ្លែងថា អង្គការ សហប្រជាជាតិអាចដើរតួនាទី ធំនាំមុខ នៅក្នុងការស្វែងរកសន្តិភាព បិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយ ជាង ៣ឆ្នាំមកហើយ ។

លោកលូឡា បាន លើកឡើងថា លោក អង់តូនីញ៉ូ ហ្គូទែរស៍ គឺជាមនុស្សល្អ ហើយលោកអាចស្នើបង្កើតក្រុមប្រទេស ដែលជាមិត្តជាមួយ លោក ប្រធានាធិបតី អ៊ុយក្រែន និង ក្រុម ដែលជាមិត្តនឹងលោក ប្រធានាធិបតីរុស្ស៊ី ដើម្បី ក្រុមប្រទេសទាំងនេះ អាចចាប់ផ្តើម ជជែក សម្របសម្រួល ស្វែងរកដំណោះស្រាយ ផ្លូវកណ្តាល ណាមួយ ។ លោកលូឡា បាន បន្ថែមទៀតថាលោកចង់ ផ្តួចផ្តើមគំនិត បង្កើតគណៈកម្មការ មួយ ប្រមូល ផ្តុំ ក្រុមប្រទេសអព្យាក្រិត្យ ដូចជាប្រេស៊ីល ដែលមិនមានពាក់ព័ន្ធអ្វីនៅក្នុងជម្លោះអ៊ុយក្រែន-រុស្ស៊ី ។

លោកប្រធានាធិបតីប្រេស៊ីល បានអះអាងថា គ្មានភាគី ណាម្នាក់អាចទទួលបាននូវអ្វីដែលខ្លួនចង់ បាន ១០០%នោះទេ។ ពោលគឺភាគីជម្លោះត្រូវតែ បន្ទន់ជំហរ ហើយយល់ព្រម ធ្វើសម្បទានដើរចូលម្នាក់ បន្តិច ទើបអាចដោះស្រាយគ្នាបាន ។ លោក លូឡា បានលើកជាឧទាហរណ៍មួយនៃភាពរឹងរូសលើគោលជំហររៀងៗខ្លួន ទាក់ទិននឹងតំបន់គ្រីម៉េ។ លោកហ្សេឡេនស្គី អះអាងថាវា គឺជាដែនដីរបស់អ៊ុយក្រែនយ៉ាងស្របច្បាប់ ហើយរុស្ស៊ីត្រូវតែដកទ័ពចេញទាំងស្រុងពីទីនេះ ។ តែលោក ពូទីនវិញ នៅតែបន្តរឹងរូស ថាមិនដកទ័ពចេញពីគ្រីម៉េជាដាច់ខាត។

គួរកត់សំគាល់ថា ខុសពីសហភាពអឺរ៉ុប ប្រេស៊ីល បានបន្តរក្សា ទំនាក់ទំនងល្អ ធម្មតា ជាមួយ រុស្ស៊ី ហើយអះអាងថា ខ្លួនមានគោលជំហរអព្យាក្រិត្យ មិនកាន់ជើងភាគីខាងណាឡើយ។ នៅខែកក្កដាខាងមុខនេះ ប្រេស៊ីលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូល Brics។ លោកលូឡា អះអាងថា លោក នឹង អញ្ជើញលោកពូទីនឲ្យចូលរួម ក្នុងនាម ជាសមាជិក ស្ថាបនិក បើទោះបីលោកពូទីនត្រូវរងនូវដីកាតាមចាប់ខ្លួន របស់ តុលាការក្រុងឡាអេក៏ដោយ ។

នៅវិមានអេលីហ្សេ កាលពីថ្ងៃព្រហស្បតិ៍ទី ៥មិថុនា ក្នុងពេលទទួលលោកលូឡា លោក ម៉ាក្រុងបានថ្លែងថា ប្រេស៊ីលពិតជាអាចដើរតួនាទីសំខាន់ នៅក្នុងការស្វែងរក ដំណោះស្រាយសន្តិភាព ។ តែទន្ទឹមនឹងនេះ លោក ម៉ាក្រុងបានគូសបញ្ជាក់ថា គេមិនអាចចាត់ទុក រុស្ស៊ីនិង អ៊ុយក្រែន ថាស្ថិតនៅលើ មូលដ្ឋានតែមួយនោះទេ ព្រោះថាក្នុងចំណោមប្រទេសទាំង២នេះ គឺមានមួយជាប្រទេសឈ្លានពានគេ និងមួយទៀតជាប្រទេសរងគ្រោះ ៕

Nº.0751




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top