ក្រុមប្រទេសអឺរ៉ុបកណ្តាលនិងខាងជើងប្រជុំគ្នាបញ្ជាក់ជំហរគាំទ្រអ៊ុយក្រែន

7News

ក្រុមប្រទេសអឺរ៉ុបកណ្តាលនិងខាងជើងប្រជុំគ្នាបញ្ជាក់ជំហរគាំទ្រអ៊ុយក្រែន

ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥៖

នៅថ្ងៃចន្ទទី២មិថុនា២០២៥ ប្រមុខដឹកនាំរដ្ឋ-រដ្ឋាភិបាលនៃក្រុមប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងជើង បានមកជួបជុំគ្នានៅប្រទេសលីទុយអានី ដើម្បីជជែកអំពីអនាគតជំនួបកំពូលអង្គការអូតង់ និងដើម្បីបញ្ជាក់ជំហររួមក្នុងយុទ្ធសាស្ត្រប្រឆាំងនឹងរុស្ស៊ី។ ក្រុមប្រទេសអឺរ៉ុបកណ្តាលនិងខាងជើង មានជំហរមុតមាំខ្លាំងជាងក្រុមប្រទេសអឺរ៉ុបខាងលិចនិងខាងត្បូង ក្នុងសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ព្រោះតែប្រវត្តិសាស្ត្រនិងទីតាំងភូមិសាស្ត្រនយោបាយរបស់ពួកគេ។

ក្រុមប្រទេសនៅអឺរ៉ុបកណ្តាលចំនួន ៦ គឺ ហុងគ្រី ប៊ុលហ្ការី ប៉ូឡូញ រ៉ូមានី ស្លូវ៉ាគី និងសាធារណរដ្ឋឆែក ព្រមទាំងបីប្រទេសនៃតំបន់បាល់ទិក (អេស្តូនី លីតូនី និងលីទុយអានី) រួមទាំងដាណឺម៉ាក ហ្វាំងឡង់ ស៊ុយអែត ន័រវែស និងអ៊ីស្លង់ ក្រុម៥ប្រទេសនៅអឺរ៉ុបខាងជើង និងពិសេសប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានបើកជំនួបប្រជុំនៅទីក្រុងVilnius ប្រទេសលីទុយអានី នាថ្ងៃចន្ទទី២មិថុនា២០២៥ ដើម្បីបញ្ជាក់ជំហររួមសម្រាប់ស្នើទៅអង្គប្រជុំប្រចាំឆ្នាំរបស់អង្គការអូតង់។ ជំនួបកំពូលអូតង់ប្រចាំឆ្នាំត្រូវប្រព្រឹត្តទៅក្រុងឡាអេប្រទេសហូឡង់ នៅចុងខែមិថុនាខាងមុខ។

តើអ្វីជាជំហររបស់ក្រុមប្រទេសអឺរ៉ុបកណ្តាលនិងខាងជើង? កាលពី២០១៣ គឺនៅក្នុងក្រុងVilnius នេះតែម្តងដែលអតីតប្រធានាធិបតីអ៊ុយក្រែនសម័យនោះ បានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្ជាប់អ៊ុយក្រែននឹងសហភាពអឺរ៉ុបទេ។ តែ១២ឆ្នាំកន្លង ក្នុងវិមានដដែល ក្រុមប្រទេសអឺរ៉ុបកណ្តាលនិងខាងជើង ដែលខ្លះមានព្រំដែនជាមួយរុស្ស៊ី ខ្លះជាអតីតរដ្ឋរបស់សហភាពសូវៀត បានយល់ច្បាស់អំពីមហិច្ឆតានិងការគំរាមកំហែងថ្មីរបស់រុស្ស៊ី។ ហេតុដូច្នេះហើយបានជាពួកគេជួបប្រជុំគ្នានៅថ្ងៃនេះដើម្បីបញ្ជាក់សាមគ្គីភាពនិងផ្តល់ការគាំទ្រដល់អ៊ុយក្រែន ជាពិសេសការបន្តគាំទ្រអ៊ុយក្រែនផ្នែកយោធា។ ក្រុមប្រទេសបាល់ទិកទាំងបីបានផ្តល់គំរូល្អដោយប្រកាសចំណាយថវិកា០,២៥%នៃផលិតផលសរុបក្នុងស្រុក សម្រាប់ទ្រទ្រង់សេចក្តីត្រូវការផ្នែកយោធារបស់អ៊ុយក្រែន។

កិច្ចប្រជុំដោយបិទទ្វារ ដែលមានប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គីចូលរួមដែរ ត្រូវផ្តោតទៅលើកិច្ចចរចាសន្តិភាពអ៊ុយក្រែន។ ក្រុមប្រទេសបាល់ទិក មានជំហររួម គឺច្រានចោលសំណើដាក់អ៊ុយក្រែនឱ្យនៅអព្យាក្រិត្យ គ្មានអាវុធ ឬព្រមធ្វើសម្បទានដែនដីឱ្យរុស្ស៊ី។ ទាំងបីប្រទេសនឹងពង្រឹងជំហរអ៊ុយក្រែន ដោយបន្ថែមសម្ពាធលើរុស្ស៊ី តាមរយៈសេចក្តីថ្លែងការណ៍រួមក្រោយជំនួបប្រជុំចប់។ សេចក្តីថ្លែងការណ៍រួមនេះជាទម្រសម្រាប់បញ្ចុះបញ្ចូលឱ្យសមាជិកសហភាពអឺរ៉ុបនិងអូតង់ផ្សេងទៀតធ្វើតាម។

ចំណែកដាណឺម៉ាក ចង់ឃើញសំណើដំឡើងចំណាយយោធាអូតង់ ដល់យ៉ាងហោច៥%នៃផលិតផលសរុបក្នុងស្រុក ត្រូវលើកទៅជជែកនៅក្នុងជំនួបអង្គការអូតង់ នាចុងខែមិថុនាខាងមុខ។ សម្រាប់លោកស្រីនាយករដ្ឋមន្ត្រី ចំណាយ៣,៥%រហូតដល់ឆ្នាំ២០៣២ មិនគ្រប់គ្រាន់ទេ និងច្បាស់ជាយឺតពេល។ សមាជិកអូតង់ត្រូវបន្ថែម១,៥%ទៀតសម្រាប់ចំណាយក្នុងផ្នែកសន្តិសុខបែបទូលំទូលាយ ដូចជាការការពារព្រំដែន ប្រមូលកម្លាំងទ័ព និងការពារសន្តិសុខអ៊ីនធ័រនែតពីការវាយប្រហារផ្សេងៗ។

Nº.0735

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top