វៀតណាមសន្យា ទិញ ទំនិញ កសិកម្មអាមេរិកចំនួន ២ពាន់លានដុល្លារ បន្ទាប់ពី លោកដូណាល់ ត្រាំ គំរាមដំឡើងអត្រាពន្ធ៤៦%

7News

វៀតណាមសន្យា ទិញ ទំនិញ កសិកម្មអាមេរិកចំនួន ២ពាន់លានដុល្លារ បន្ទាប់ពី លោកដូណាល់ ត្រាំ គំរាមដំឡើងអត្រាពន្ធ៤៦%

ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥៖

រដ្ឋាភិបាលវៀតណាមបាន ចុះកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិកដើម្បីទិញទំនិញ ផលិតផលកសិកម្មអាមេរិក គិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៣ឆ្នាំ។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាមនៅសហរដ្ឋអាមេរិក។ វៀតណាមកំពុងតែព្យាយាមចរចាសម្របសម្រួលជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ គំរាមដំឡើងអត្រាពន្ធ ៤៦% លើទំនិញរបស់វៀតណាម។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម Do Duc Duy បានដឹកនាំគណៈប្រតិភូទៅកាន់សហរដ្ឋអាមេរិក។ នៅលើគេហទំព័រអ៊ីនធឺនែត ក្រសួងកសិកម្មវៀតណាមបានចេញលិខិតប្រកាសឲ្យដឹងនៅថ្ងៃទី៣ ឧសភា ថា នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ វៀតណាមសន្យានឹងទិញទំនិញផលិតផលកសិកម្មរបស់អាមេរិកគិតជាទឹកប្រាក់សរុបចំនួន ២ពាន់ លាន ដុល្លារ។ លិខិតប្រកាសនេះបញ្ជាក់ថា វៀតណាមបាន ចុះហត្ថលេខាលើអនុសារណៈយល់យោគ ចំនួន៥ផ្សេងគ្នា ដែលកំណត់អំពីការទិញទំនិញកសិកម្មពីរដ្ឋ Iowa របស់សហរដ្ឋអាមេរិក គិតជាទឹកប្រាក់សរុប៨០០លានដុល្លារ។


ទំនិញដែលវៀតណាមនឹងនាំចូលពីសហរដ្ឋអាមេរិកនេះ រួមមាន ម្សៅសណ្តែកសៀង ពោត ស្រូវសាឡី សណ្តែកសៀងស្ងួត ព្រមទាំងផលិតផលមួយចំនួនទៀតដែលកែច្នៃចេញពីសារធាតុអេតាណុល។ ក្រសួងកសិកម្មវៀតណាម បានរំលឹកថា បច្ចុប្បន្ននេះ វៀតណាមនាំចូលទំនិញមកពីរដ្ឋ Iowa ក្នុងទំហំទឹកប្រាក់ប្រមាណតែ៤៤លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ គួរកត់សំគាល់ថា វៀតណាមគឺជាប្រទេសលំដាប់ទី៣ បន្ទាប់ពីចិន និងម៉ិកស៊ិកដែលសហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មច្រើនជាងគេបំផុត ពោលគឺខ្ទង់ ១២៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។

រដ្ឋបាលលោកដូណាល់ ត្រាំ បានប្រកាសគំរាមដំឡើងអត្រាពន្ធថ្មីទៅលើទំនិញវៀតណាម ចំនួន៤៦%។ គួរបញ្ជាក់ដែរថា ៨៥%នៃចំណូលដុលរបស់វៀតណាម គឺបានមកពីការនាំទំនិញចេញទៅក្រៅប្រទេសដែលក្នុងនោះ មាន ១ភាគ៣នាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ គឺក្នុងបរិបទនេះហើយបានជាគេសង្កេតឃើញថា វៀតណាមខិតខំយកចិត្តរដ្ឋបាលលោកដូណាល់ ត្រាំ ដើម្បីសុំចរចាបន្ទាបអត្រាពន្ធ។ ការជួបប្រជុំចរចារវាងតំណាងភាគីទាំង២ បានធ្វើឡើង២ដងរួចមកហើយ និងដែលភាគីវៀតណាមអះអាង កាលពីថ្ងៃទី២២ ឧសភាថា គឺទទួលបានលទ្ធផលវិជ្ជមានច្រើន។

ក្រៅតែពីការបោះដៃបន្ទន់ជង្គង់យកចិត្តអាមេរិកដើម្បីបន្ទាបតម្លៃពន្ធនាំចូល រដ្ឋាភិបាលវៀតណាមក៏បានឆក់ឱកាសដើម្បីទាក់ទាញក្រុមហ៊ុនធំៗអាមេរិកដែលមិនចង់រកស៊ីជាមួយចិនឲ្យទៅបោះទុនវិនិយោគនៅវៀតណាមជាមួយលក្ខខណ្ឌអំណោយផលជាច្រើន។ ជាក់ស្តែង កាលពីខែឧសភា លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម Nguyen Hong Dien បានធ្វើដំណើរទៅវ៉ាស៊ីនតោន ដើម្បីជួបជាមួយតំណាងក្រុមហ៊ុនអាមេរិកមួយចំនួន ដូចជា Excelerate Energy, Lockheed Martin, Space X និង Google ជាដើម។

ក្នុងឱកាសជំនួបនោះ រដ្ឋមន្ត្រីវៀតណាមបានចុះហត្ថលេខាជាមួយក្រុមហ៊ុន Westinghouse Electric ដើម្បីសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊ែរ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីខែឧសភាដែរ ក្រុមហ៊ុន Trump Organization របស់ក្រុមគ្រួសារលោក ដូណាល់ ត្រាំ ត្រូវបានវៀតណាមអនុញ្ញាតឲ្យវិនិយោគកសាងសណ្ឋាគារប្រណិតក្នុងតម្លៃទឹកប្រាក់ប្រមាណ១៥០០លានដុល្លារនៅជិតទីក្រុងហាណូយ។ ពិធីបើកសម្ពោធការដ្ឋានសាងសង់បានប្រព្រឹត្តិធ្វើទៅកាលពីឧសភាកន្លងទៅ ដោយមានវត្តមានកូនប្រុសលោកដូណាល់ ត្រាំ Eric Trump ថែមទៀតផង៕

Nº.0738

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top