សង្គ្រាម ពាណិជ្ជកម្ម៖ ចិន និង អាមេរិក ប្រកាស ជួប ចរចា ពាណិជ្ជកម្ម នៅ ស្វ៊ីស

7News

សង្គ្រាម ពាណិជ្ជកម្ម៖ ចិន និង អាមេរិក ប្រកាស ជួប ចរចា ពាណិជ្ជកម្ម នៅ ស្វ៊ីស

ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៖

ចិន និង សហរដ្ឋ អាមេរិក បាន ប្រកាស នៅ ថ្ងៃ ពុធទី ៧ ឧសភា២០២៥ ថា នឹង ជួប ចរចា គ្នា ដោយ ផ្ទាល់ នៅ ប្រទេស ស្វ៊ីស នៅ ចុង សប្តាហ៍ នេះតែ ម្តង។ តាំងពី លោក ដូណាល់ ត្រាំ បាន ប្រកាស សង្គ្រាម ពាណិជ្ជកម្ម ដំឡើង ពន្ធគយ នាំចូល កប់ ពពក លើ ផលិតផល ចិន មក នេះជា លើក ទីមួយដែលភាគី ទាំងពីរ ព្រម និយាយ រក គ្នា ដូច្នេះ។

ឧបនាយករដ្ឋមន្ត្រី ចិន ហេ លីហ្វេង (He Lifeng) រដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុអាមេរិក Scott Bessens និងលោក Jamieson Greer តំណាង អាមេរិក ផ្នែក ពាណិជ្ជកម្ម នឹង ជួប ចរចាគ្នា ស្តីពី សំណុំរឿង ពាណិជ្ជកម្ម នៅ ក្រុង ហ្សឺណែវ ប្រទេស ស្វ៊ីស ពី ថ្ងៃ សៅរ៍ ទី ១០ ដល់ ថ្ងៃ អាទិត្យ ទី ១១ ឧសភា ចុង សប្តាហ៍ នេះ។ នេះ បើ តាម សេចក្តីថ្លែងការណ៍ របស់ ចិន និង អាមេរិក។


ដោយ អះអាង ថា ការ ចរចាត្រូវ បាន រៀប ចំ ឡើង តាម សំណើរបស់ សហរដ្ឋ អាមេរិក អ្នក នាំពាក្យ ក្រសួង ការបរទេស ចិន បាន គូសបញ្ជាក់អំពីជំហរ ឥតប្តូរ ផ្លាស់ របស់ ចិន ជុំ វិញ នយោបាយ ដំឡើង ពន្ធរបស់ អាមេរិក។ ឧបនាយករដ្ឋមន្ត្រី បាន ប្រាប់ អ្នក ទទួល ខុស ត្រូវ អាមេរិក រួច ហើយ ថា ចិន មិន បូជា ជំហរ ដើម របស់ ទេ ហើយ ការពារ យុត្តិធម៌ ជា និច្ច។ គ្រប់ការ ចរចា ត្រូវ ផ្អែក លើ គោលការណ៍ ស្មើភាព គោរព គ្នា និង ផ្តល់ ប្រយោជន៍ ដល់ គ្នា ទៅវិញ ទៅមក។ ឯ ការ ដាក់ សម្ពាធ ដាក់ គំនាប ការ បង្ខិត បង្ខំ គ្មាន ប្រសិទ្ធភាព សោះ ឡើយ ជាមួយ ចិន។ នេះ បើ តាម សំដី របស់ អ្នក នាំពាក្យ ចិន ដដែល។ នៅក្នុង សេចក្តីថ្លែងការណ៍ ចិន បាន ចុច ដោយ ចំៗ ទៀតថា ប្រសិនបើ អាមេរិក និយាយ ផ្សេង ធ្វើ ផ្សឹង ឬ សាកល្បង បង្ខំ និង ប្រើ ល្បិច ដើរ ខ្សែ លើ ក្រោម ផ្អាក ចរចា ចិន គ្មាន ថ្ងៃ ព្រម ជា ដាច់ ខាត។

នៅក្នុង សេចក្តី ថ្លែងការណ៍ របស់ អាមេរិកវិញ លោក រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ ស្កុត បេសិន ថា អន្ទះ សារ ចង់ បើក កិច្ចចរចា បែប ស្ថាបនា ដើម្បី ផ្តល់ លំនឹង ឡើង វិញ ឱ្យ ប្រព័ន្ធ សេដ្ឋកិច្ច អន្តរជាតិ និង ដើម្បី បម្រើ ប្រយោជន៍ អាមេរិក បាន ប្រសើរ ជាង មុន។ ជំនួបចរចា អាមេរិក ចិន ជា លើក ដំបូង គិត ចាប់ តាំង ពី លោក ត្រាំ ចូល កាន់ តំណែង មកនេះ នឹង នាំ ឱ្យ មាន ធូរ ស្បើយ ឈប់ ប្រឈម តាន តឹង ដាក់ គ្នា តែគ្មាន កិច្ចព្រមព្រៀងអ្វី ធំដុំ ប្រសូត ចេញ ឡើយ នៅ លើក នេះ។ នេះ បើ តាម ប្រសាសន៍ របស់ លោក Scott Bessens ដដែល។

សូម រំឭក ថា គ្រាន់ តែ ត្រលប់ មក កាន់ សេតវិមាន វិញ ភ្លាម លោក ដូណាល់ត្រាំ បាន ចេញ ក្រិត្យ ដំឡើង ពន្ធ លើ ផលិតផល នាំចូល ចិន ចំនួន ១៤៥%។ ហើយ ប៉េកាំង សង សឹក វិញ ដោយ ដំឡើង ពន្ធ នាំ ចូល ១២៥%។ ជាមួយ នឹង ការ ដំឡើង ពន្ធ ដល់ កំរិត ដូច ដាក់ ទណ្ឌកម្ម នេះ អាមេរិក ប្រឈម នឹង ហានិភ័យ មាន សេដ្ឋកិច្ច ដើរ ថយក្រោយ ហើយចិន ជាពិសេស មិន អាច ទ្រាំទ្រ រួច ទេ។ ដើម្បី គាំទ្រ សេដ្ឋកិច្ច ដ៏ អាប់អួរ ព្រោះ ពុំ សូវ មាន សេចក្តីត្រូវការ ក្នុង ស្រុក និងមាន សង្គ្រាម ពាណិជ្ជកម្ម អាមេរិក នេះ ចិន បាន ចេញ វិធានការ ជា ច្រើន ជា បន្ត បន្ទាប់។ នៅ ក្នុង ថ្ងៃពុធ នេះ ចិន បាន ថែម ទាំង ប្រកាស ទម្លាក់ អត្រា ការ ប្រាក់ និង ប្រាក់ បម្រុង កាតព្វកិច្ច របស់ធនាគារ ទៀត ដើម្បី សម្រួល ការ ខ្ចី ប្រាក់៕

Nº.0662

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top