កម្លាំងជំនាញបង្រ្កាបបានមេក្លោងគ្រឿងញៀនម្នាក់ និងបក្ខពួកសរុប៨នាក់ នៅខណ្ឌច្បារអំពៅ
ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥៖
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងនគរបាលខណ្ឌច្បារអំពៅ បានបង្រ្កាបឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងបក្ខពួកផ្សេងទៀតសរុប៨នាក់ ដែលតែងបង្កអុកឡុកក្នុងមូលដ្ឋាន។ បើតាមសមត្ថកិច្ច ក្រុមជនសង្ស័យទាំងនេះ ជាមុខសញ្ញាលួច ឆក់ ប្លន់ និងបងតូចបងធំបង្កអសន្តិសុខក្នុងមូលដ្ឋាន។
ប្រតិបត្តិការបង្ក្រាបក្រុមមេក្លោងគ្រឿងញៀន និងជាក្រុមបងតូចបងធំនេះ ធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយដំបូងឃាត់បានមេក្លោងជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ម៉ូវ សុភា ហៅ អាស្រម៉ូវ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ និងបន្តចាប់ឃាត់ខ្លួនបក្ខពួកបន្ថែមទៀតនៅទីតាំងចំនួន០៤កន្លែងផ្សេងទៀត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ។ តាមរបាយការណ៍ ជនសង្ស័យជាមេក្លោងឈ្មោះ ម៉ូវ សុភា ហៅ អាស្រម៉ូវ ក៏មានដីកាចាប់ខ្លួនរបស់តុលាការផងដែរ។
ប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាង និងថ្នាំញៀនមួយចំនួន។ តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រុមជនសង្ស័យទាំងនេះ គឺជាក្រុមជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្ម និងបង្កភាពអសន្តិសុខក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ហើយបានបង្កើតបក្ខពួកបងតូចបងធំ បង្កអុកឡុកក្នុងមូលដ្ឋាន និងការប្រើហិង្សា និងលួច ឆក់ ប្លន់ ផងដែរ៕
Nº.0663