មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះអ្នកលួចនាំចូលទុរេនមានសារធាតុគីមីមកកម្ពុជា
ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អះអាងថា ទុរេនដែលបានដាក់តាំងលក់នៅតាមផ្សារទំនើបនិងហាងធំៗគឺជាផលិតផលរបស់ខ្មែរដែលគ្មានសារធាតុគីមី ខណៈដែលមានអាជីវករដែលប្រកបអាជីវកម្មលក់មួយចំនួនតូចតែប៉ុណ្ណោះលួចនាំចូលទុរេនពីប្រទេសជិតខាងដោយបន្លំថាជាទុរេនរបស់ខ្មែរ។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ ឲ្យដឹងថា ការលួចក្លែងបន្លំផលិតផលរបស់ខ្មែរពីសំណាក់អាជីវករខិលខូចមួយក្តាប់តូចនោះ បើសិនជាមន្ត្រីគយ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធនៅតាមច្រកព្រំដែនកម្ពុជារកឃើញបែបនេះមែននឹងពិន័យដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់ជាធរមាន។
ជុំវិញបញ្ហានេះដែរ, លោក ប៉ែន សុវិជាតិ បានបន្តថា មន្ត្រីគយនិងអាជ្ញាធរស្ថាប័នពាក់ព័ន្ធនៅតាមច្រកព្រំដែនកម្ពុជា បានដាក់ចេញវិធានទប់ស្កាត់ការហាមឃាត់ទុរេន ដែលមានសារធាតុគីមីលួចនាំចូលមកកម្ពុជា ខណៈដែលក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការព្រួយបារម្ហ និងសំណូមពរដល់ម្ចាស់អាជីវកម្មលក់ទុរេនចូលរួមគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ។
លោក ប៉ែន សុវិជាតិ បានសង្កត់ធ្ងន់ថា កាលពីកន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញវិធានការហាមឃាត់ការនាំចូលទុរេនពីក្រៅស្រុក ដែលមានសារធាតុគីមីនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដោយក្រសួងពាណិជ្ជកម្មបានសហការជាមួយភាគីពាក់ព័ន្ធបានចុះត្រួតពិនិត្យតាមច្រកព្រំដែន ដើម្បីបង្កាការនាំចូលទុរេនខុសច្បាប់ ដូច្នេះរឿងនេះមិនមែនជាថ្មីសម្រាប់យើងឡើយ ប៉ុន្តែក្រសួងនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតែបន្តសកម្មភាពត្រួតពិនិត្យផលិតផលទាំងនោះជានិច្ច។
លោក បន្ថែមថា ក្រសួងពាណិជ្ជកម្មបានចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។ ម្យ៉ាងទៀត ក្រសួងក៏បានអប់រំឱ្យម្ចាស់ចម្ការទុរេន និងអ្នកលក់ផ្លែឈើទាំងអស់កុំឱ្យនាំចូលទុរេនរបស់គេហើយបន្លំថា ជាទុរេនរបស់ខ្មែរ ដើម្បីការពារអ្នកប្រើប្រាស់ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគ្រាដែលក្រសួងពាណិជ្ជកម្ម បានសហការជិតស្និទ្ធជាមួយអាជ្ញាធរគយ និងមន្ត្រីអនាម័យ និងភូតគាមអនាម័យរបស់ក្រសួងកសិកម្ម ក្នុងការត្រួតពិនិត្យរកមើលទំនិញដែលផ្ទុកសារធាតុគីមី។
យោងតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីកន្លងទៅនេះ បានឱ្យដឹងថា ថ្មីៗនេះមានសារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គមអំពីករណីមានការនាំចូលផ្លែទុរេនពីប្រទេសជិតខាងដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថា ជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។
យោងតាមលទ្ធផលស្រាវជ្រាវបឋមអាជីវករលក់ផ្លែទុរេន បានអះអាងថា ផ្លែទុរេនដែលពួកគាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាងក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។
កាលពីពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងពាណិជ្ជកម្មយកចិត្តទុកដាក់លើនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុគីមី ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រកព្រំដែននៅពេលដែលមានការនាំចូលផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់។
សូមបញ្ជាក់ថា យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម បានឲ្យដឹងថា តម្លៃទុរេនវៀតណាមនៅតំបន់ដីសណ្តទន្លេមេគង្គបានធ្លាក់ចុះខ្លាំងនៅចំពេលរដូវប្រមូលផល ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីលើទុរេននាំចូលរបស់ចិន ធ្វើឱ្យការនាំចេញធ្លាក់ចុះជាគំហុក ហើយបង្កើនការផ្គត់ផ្គង់ដែលធ្វើឱ្យចាល់នៅលើទីផ្សារក្នុងស្រុក៕
Nº.0664