មេដឹកនាំថ្មីរបស់ស៊ីរី ទៅបំពេញទស្សនកិច្ច ផ្លូវការ ជាលើកដំបូង នៅប្រទេសបារាំង
ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥៖
ប្រមុខដឹកនាំថ្មីរបស់ស៊ីរី លោក Ahmed al Charaa បានបំពេញទស្សនកិច្ចនៅប្រទេស បារាំង កាលពីថ្ងៃ ពុធទី ៧ឧសភា។ នៅក្នុង ដំណើរទស្សនកិច្ច ជាលើកទី១ នៅទឹកដីអឺរ៉ុប ប្រធានាធិបតីស្តីទី ដែល បានចូលកាន់អំណាច ដឹកនាំ ស៊ីរីនៅក្រោយផ្តួលរំលំរបបផ្តាច់ការរបស់ លោកបាស្ហា អាល់អាសាដ បានទាមទារ ឲ្យ អឺរ៉ុប ដកទណ្ឌកម្ម ដែលបាន បំបាក់ សេដ្ឋកិច្ចស៊ីរី ឲ្យសឹងដល់ ចំណុចសូន្យ។ នៅក្នុង សន្និសីទកាសែតនៅវិមានអេលីហ្សេ លោកប្រធានាធិបតី បារាំង ម៉ាក្រុង បាន និយាយការពារជំហរ របស់បារាំង ក្នុងការទទួល មេដឹកនាំ ស៊ីរី ដែលធ្លាប់ ជា គ្នីគ្នា របស់ ក្រុមអាល់កៃដា ក្រុមជីហាត ប៉ុន្តែ លោក បានទាមទារ ឲ្យ ប្រធានាធិបតី ស្តីទីរបស់ ស៊ីរី ត្រូវតែការពារប្រជាជន ស៊ីរី ដោយ មិន រើសអើង សាសនា ក្រុមជាតិពន្ធុអ្វីទាំងអស់។
បី ខែ ក្រោយ ការ បោះឆ្នោត ថ្ងៃ ២៣ កុម្ភៈ ២០២៥ សភា អាល្លឺម៉ង់ ទើប សម្រេច ផ្តល់ ទំនុក ចិត្តនៅ ថ្ងៃអង្គារ ទី ៦ ឧសភា លើ លោក ហ្វ្រីដ្រិកមែក្ស ប្រធាន គណបក្ស គ្រិស្តសាសនិក ប្រជាធិបតេយ្យ ឱ្យ ដឹកនាំ រដ្ឋាភិបាល អាល្លឺម៉ង់។ គ្រាន់ បាន ក្លាយ ជា នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ ជា ផ្លូវការ ភ្លាម លោកហ្វ្រីដ្រិក មែក្ស ត្រូវ មក ដល់ ក្រុង ប៉ារីស នៅ ថ្ងៃ ពុធ ទី ៧ ឧសភា នេះ។ ជា ប្រពៃណី របស់ អាល្លឺម៉ង់ គ្រប់ នាយករដ្ឋមន្ត្រី ថ្មី ត្រូវ ទៅ បំពេញ ទស្សនកិច្ច ផ្លូវការ នៅបរទេស ដំបូង គេ នៅ ប្រទេស បារាំង បន្ទាប់ មក នៅ ប៉ូឡូញ។ លោកប្រមុខ រដ្ឋាភិបាល អាល្លឺម៉ង់ ថ្មី បាន សន្យា ពង្រឹង មិត្តភាព បារាំង អាល្លឺម៉ង់ និង អាល្លឺម៉ង់ ប៉ូឡូញ ក្នុង ក្របខ័ណ្ឌ នៃវេទិកា សហប្រតិបត្តិការ ត្រីភាគី “ត្រីកោណWeimar” ដែល បង្កើត ឡើង នៅ ឆ្នាំ ១៩៩១។
សម្រាប់បារាំង ប៉ារីស បាន ចិញ្ចឹម ក្តី រំពឹង ខ្លាំង លើ ប្រធាន បក្ស គ្រិស្តសាសនា ប្រជាធិបតេយ្យ អាល្លឺម៉ង់ ហ្វ្រីដ្រិកមែក្ស ព្រោះ អាច និយាយ គ្នា ដោយ ចំហ ជុំ វិញ ការ ពង្រឹង បូរណភាព អឺរ៉ុប រាប់ ទាំង ការ ពង្រឹង សមត្ថភាព យោធា អឺរ៉ុប។ ល្បី ខាង មាន និន្នាការ អឺរ៉ុប និយម លោក ហ្វ្រីដ្រិក មែក្ស យល់ ស្រប ក្នុង គំនិត ចង់ ដាក់ ប្រទេសដែល រហូត មក ទល់ ពេល នេះ រំពឹង លើ ការពារ នុយក្លេអ៊ែរ របស់ អាមេរិក ឱ្យ ស្ថិត នៅ ក្រោមឆ័ត្រ ការពារ របស់ បារាំង និង អង់គ្លេស។ ក្នុង បរិបទ នៃ សង្គ្រាម អ៊ុយក្រែន ដែលអាមេរិក របស់ លោក ត្រាំ ចង់ ក្រឡាស់ ពី អឺរ៉ុបផងនោះ លោក ហ្វ្រីដ្រិកមែក្ស ក៏ បើក ចំហ ដោយ ប្រុង ប្រយ័ត្ន នៅ ឡើយ គំនិត ចង់ ផ្តល់ មីស៊ីល រយៈ ឆ្ងាយ ឱ្យ កៀវ ទៀត។ ហេតុ ដូច្នេះ ហើយ បាន ជា នៅ ក្នុង សារ អបអរ លោកហ្វ្រីដ្រិក មែក្ស ទទួល តំណែង ជា នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ ថ្មី លោកប្រធានាធិបតី បារាំងអេម៉ានុយអែល ម៉ាក្រុង បាន បង្ហាញ ទំនុក ចិត្ត ជា មុន ថា ក្បាល ម៉ាស៊ីនបារាំង-អាល្លឺម៉ង់ដឹកនាំ អឺរ៉ុបនឹង កាន់ តែ ខ្លាំង ក្លា ជាង ពេល ណា ទាំងអស់។
ប៉ុន្តែ ជាមួយ ប៉ូឡូញ ទំនាក់ទំនង មិន សូវ រលូន ខ្លាំង ដូច ជាមួយ បារាំង ទេ។ ប៉ូឡូញ មិនស្ថិត ក្នុង តំបន់ អឺរ៉ូ ទេ ហើយ ម្យ៉ាង ទៀតបក្ស ប្រឆាំង ប៉ូឡូញ នៅ តែ បន្ត ទាមទារ សំណង ខូច ខាត ពី សង្គ្រាម លោក លើក ទីពីរ ពី អាល្លឺម៉ង់។ ប្រធានបទ រសើប ខ្លាំង ព្រោះ ប៉ូឡូញ កំពុង រៀប ចំ បោះឆ្នោត សភា នៅ ថ្ងៃ ទី ១៨ ឧសភា ខាង មុខ ទើប ធ្វើ ឱ្យ នាយករដ្ឋមន្ត្រី ផុត អាណត្តិ ប៉ូឡូញ ដូណាល់ ទូស្ក៍ មិន សូវ ហ៊ាន ជិត ស្និទ្ធ នឹង ប្រមុខ រដ្ឋាភិបាល អាល្លឺម៉ង់ ថ្មី។
ប៉ុន្តែដំណើរ មក ដល់ របស់ លោក នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ ថ្មី មិន អាច លុប បំបាត់ គំនិត ខ្វែង គ្នា ជា ច្រើន ទៀតរវាង ប្រទេស ទាំង បី ដោយ ភ្លាម ភ្លែត បាន ឡើយ។ អាល្លឺម៉ង់ បាន បន្ទន់ ឥរិយាបថ ខ្លះ ក្នុង ផ្នែក បំណុល សាធារណៈ ដែល ចង់កំរិត សមត្ថភាព ខ្ចី លុយ ដើម្បី បង្កើន ចំណាយ ផ្នែ ក យោធា និង សម្រាប់ តំបន់ តែ មិន យល់ ស្រប តាម ជំហរ បារាំង ទាំង ស្រុង ទេ ។ អាល្លឺម៉ង់ នឹង បន្ត រុញ ច្រាន អឺរ៉ុប ឱ្យ មិន កិច្ចព្រមព្រៀង ផ្តោះប្តូរ សេរី ដែល បារាំង ប្រឆាំង។ ឯ បញ្ហា ថាមពល ប្រទេស ទាំង បី មាន ទស្សនៈ ចម្រូង ចម្រាស គ្នា ខ្លាំង ណាស់ បើ ទោះ បី ជា ប៉ូឡូញ ផ្តើម ងាក ទៅ រក ថាមពល កើត ឡើង វិញក៏ ដោយ៕
Nº.0665