ជនជាតិចិនបើកឡានដេញបុក ចោរកង់៣ឥណ្ឌា២នាក់ដែលបានចូលលួចកាត់ខ្សែភ្លើង
ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល បន្ទាប់ពីបើករថយន្តដេញបុក ក្រឡាប់កង់៣ឥណ្ឌា បន្ទាប់ពីពួកគេលួចកាត់ខ្សែភ្លើង កាលពីវេលាម៉ោង ៣:១៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ទល់មុខក្រុមហ៊ុនលក់រថយន្ត BYD សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីអ្នកបកប្រែឲ្យជនជាតិចិន បានឱ្យដឹងថា ជាញឹកញាប់សម្ភារប្រើប្រាស់ និងខ្សែភ្លើងដែលមាននៅក្នុងក្រុមហុនគ្រឿងសំណង់ និងអគ្គិសនីក្រុង សុងឆេងតុង ត្រូវបានគេលួច ធ្វើឲ្យជនជាតិចិនដែលជាម្ចាស់ទីតាំងមានការខឹងជាខ្លាំង។ លុះមកដល់យប់កើតហេតុ ក្រុមជនជាតិចិនខាងលើ បានតាមដានកាមេរ៉ាសុវត្ថិភាពក្នុងក្រុមហ៊ុន ស្រាប់តែឃើញជនសង្ស័យ ២នាក់ ក្នុងនោះម្នាក់ចូលកាត់ខ្សែភ្លើង និងម្នាក់ទៀតឈរក្បែរកង់បីឥណ្ឌា ជាអ្នកចាំមើលផ្លូវ ឃើញដូចនេះ ក្រុមជនជាតិចិនខាងលើ បាននាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ ដែលជាអ្នកកាត់ខ្សែភ្លើង នៅពេលជនសង្ស័យធ្វើសកម្មភាពលើកខ្សែភ្លើងទាំងនោះដាក់ចូលក្នុងកង់៣ឥណ្ឌា។
បន្ទាប់ពីក្រឡាប់កង់៣ឥណ្ឌា ពួកគេបាននាំគ្នាឃាត់ខ្លួនជនសង្ស័យខាងលើ ដែលជាអ្នកបើកកង់បីឥណ្ឌានោះ រួចទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនជនសង្ស័យទាំង ២នាក់ រួមទាំងភាគីជនជាតិចិន ដែលជាម្ចាស់ខ្សែភ្លើង ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕
Nº.0661