ក្នុងហេតុការណ៍គ្រោះអគ្គិភ័យដែលផ្ដើមចេញពីការបូមប្រេងចេញពីរថយន្ដដឹកប្រេងបណ្ដាលឲ្យស្លាប់ក្មេងប្រុសស្រីចំនួន៣នាក់

7News

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យដែលផ្ដើមចេញពីការបូមប្រេងចេញពីរថយន្ដដឹកប្រេងបណ្ដាលឲ្យស្លាប់ក្មេងប្រុសស្រីចំនួន៣នាក់

ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៖

ក្មេងប្រុសស្រីចំនួន៣នាក់ដែលជាបងប្អូនបង្កើតមានអាយុទើបតែ ១៣ឆ្នាំ ១៥ឆ្នាំ និង១៨ឆ្នាំ ត្រូវបានអណ្ដាតភ្លើងឆាបឆេះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងគ្រោះអគ្គិភ័យដែលផ្ដើមចេញពីការបូមប្រេងចេញពីរថយន្ដដឹកប្រេងមួយគ្រឿង និងឆេះរាលដាលដល់ផ្ទះពីរខ្នង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០ នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុច ភូមិ ព្រែកប្រស់ ឃុំ ទឹកថ្លា ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងករណីនេះ បណ្ដាលឲ្យឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) និងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង អស់ទាំងស្រុង និងម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន ៥០.០០០ ម៉ឺនដុល្លារ ព្រមទាំងបណ្ដាលអោយស្លាប់មនុស្សចំនួន០៣នាក់។



ជនរងគ្រោះមានឈ្មោះ យ៉ារី សុខសិលា ភេទ ប្រុស អាយុ ១៨ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ឈ្មោះ ភក្ដី រីតា ភេទ ស្រី អាយុ ១៥ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។ ឈ្មោះ ភក្ដី សំមេន ភេទ ប្រុស អាយុ ១៣ ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ បាត ស្រីមុំ អាយុ ៣៥ ឆ្នាំ (រងរបួសស្រាល) ។

តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថា មុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlES បានបង្ហូរសាំងលក់អោយទៅម្ចាស់ផ្ទះខាងលើរួចគាត់បានបង្ហូរសាំងបានចំនួន០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។

ប្រតិបត្តិការអន្តរាគមន៍ កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ស្មើនិង០១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់០២រថយន្ត ស្មើនិង០៨ម៉ែត្រគូប៕

Nº.0660

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top