វិបត្តិថវិកា៖ អង្គការសហប្រជាជាតិគ្រោងធ្វើកំណែទម្រង់កាត់បន្ថយបុគ្គលិក

7News

វិបត្តិថវិកា៖ អង្គការសហប្រជាជាតិគ្រោងធ្វើកំណែទម្រង់កាត់បន្ថយបុគ្គលិក

ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥

នៅក្នុងបរិបទវិបត្តិសេដ្ឋកិច្ច សកល ស្ថាប័នអន្តរជាតិកំពូល ដូចជាអង្គការសហប្រជាជាតិក៏មិនអាចគេចរួចខ្លួន ពីវិបត្តិហិរញ្ញវត្ថុ។ យោងតាម កំណត់ទូត របស់ អង្គការ សហប្រជាជាតិ ដែលបាន បែកលេចធ្លាយ ដល់ ដៃរបស់អ្នកកាសែត នៅ សប្តាហ៍នេះ ស្ថាប័នកំពូលដែលមាន ទីស្នាក់ការ នៅទីក្រុង ញូវយ៉ក កំពុង ត្រៀមធ្វើ កំណែទម្រង់ស៊ីជម្រៅខ្លាំងមិនធ្លាប់មាននៅក្នុងប្រវត្តិ កកើតរបស់ខ្លួន។ កំណែទម្រង់ ដែលធ្វើ ឲ្យ បុគ្គលិក របស់ អង្គការ សហប្រជាជាតិ ទាំងនៅ ញូវយ៉ក និង ទីក្រុង ហ្សឺណែវ កាន់តែ ព្រួយបារម្ភពី អនាគត ជោគវាសនា របស់ខ្លួន។ នៅ ថ្ងៃទី ១ ឧសភា បុគ្គលិក ជាង ៥០០នាក់ របស់ អង្គការ សហប្រជាជាតិ បាន ធ្វើបាតុកម្ម ម្តងហើយ នៅទីក្រុង ហ្សឺណែវ ដើម្បី តវ៉ា ប្រឆាំង នឹង ការកាត់ច្រិប ថវិកា និង ការបណ្តេញបុគ្គលិកដ៏ច្រើនរាប់ម៉ឺននាក់។

បង្កើតឡើង នៅ ឆ្នាំ ១៩៤៥ និង មានអាយុ ៨០ឆ្នាំគត់ នៅ ខែ តុលា អង្គការ សហប្រជាជាតិ គ្រោង នឹង ធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅមិនធ្លាប់មាន នៅចំពោះមុខ វិបត្តិខ្វះថវិកា។ នេះបើតាម យោងតាម កំណត់ទូត ដែល បាន បែកលេចធ្លាយ ទៅដល់ ដៃ អ្នកកាសែត កាលពីពេល ថ្មីៗនេះ។

កាត់បន្ថយ បុគ្គលិក រើទីស្នាក់ការ ទៅនៅតាមទឹកដីអាហ្វ្រិក និង ច្របាច់បញ្ចូល គ្នា នូវ ទីភ្នាក់ងារ របស់ អង្គការសហប្រជាជាតិ ដើម្បី សន្សំសំចៃ កាត់បន្ថយចំណាយ។ ទាំងនេះជា សំណើដែល គេ បាន សរសេរ នៅក្នុងកំណត់ទូត ដែល អង្គការ សហប្រជាជាតិ ត្រូវ ផ្ញើទៅកាន់ ប្រទេស សមាជិក ទាំង ១៩៣។

កំណត់ទូតនៅ បាន លម្អិត ពី ឆន្ទៈ របស់ អង្គការ សហប្រជាជាតិ ដើម្បី រុះរើ រៀបចំ ស្ថាប័នអន្តរជាតិកំពូលមួយនេះ ឡើងវិញ តាមរយៈ ការបង្រួមខ្លួន ឲ្យតូចជាងមុន ដើម្បី ឆ្លើយតប នឹងកញ្ចប់ថវិកា ដែលខ្លួនមាន។

បើតាម កំណត់ទូត ខាងលើ ទីភ្នាក់ងារ ទាំងអស់ របស់ អង្គការ សហប្រជាជាតិ នឹង ត្រូវ ច្របាច់បញ្ចូលគ្នា បែងចែក ទៅតាមក្រុមសំខាន់ចំនួន ៤ គឺ ក្រុមទទួលបន្ទុក សន្តិភាព និងសន្តិសុខ ក្រុមកិច្ចការមនុស្សធម៌ ក្រុមអភិវឌ្ឍចីរកាល ក្រុមទទួលបន្ទុកសិទ្ធិមនុស្ស។

ទីភ្នាក់ងារ របស់ អង្គការ សហប្រជាជាតិ ដូចជា អង្គការ ស្បៀងអាហារពិភពលោក អង្គការ យូនីសេហ្វ អង្គការ សុខភាពពិភពលោក និងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក ជនភៀសខ្លួន នឹង ត្រូវ ច្របាច់បញ្ចូលគ្នា ដាក់ នៅក្រោមការគ្រប់គ្រង របស់ ទីភ្នាក់ងារ តែមួយ។

បើតាម Memo របស់អង្គការសហប្រជាជាតិ កំណែទម្រង់ជារឿងដ៏ចាំបាច់ ដើម្បី ធានាថា អង្គការ សហប្រជាជាតិ អាច បន្ត បេសកកម្ម យូរអង្វែង និងមាន ប្រសិទ្ធភាព ជួយ មនុស្ស ជាតិ នៅលើ ផែនដី។ អង្គការ សហប្រជាជាតិ ត្រូវ រុះរើ រចនាសម្ព័ន្ធឡើងវិញ ដើម្បីសម្របទៅតាម កញ្ចប់ថវិកា ដែលកាន់តែស្តួចស្តើងទៅៗ ដោយសារ តែ ប្រទេស សមាជិក បង់វិភាគទាន កាន់តែ តិចទៅៗ។ លើសពីនេះ បើតាម អង្គការ សហប្រជាជាតិ នៅ ៧ឆ្នាំចុងក្រោយនេះ អង្គការ សហប្រជាជាតិ ប្រឈម បញ្ហាខ្វះសាច់ប្រាក់ខ្លាំង ព្រោះថា ប្រទេស សមាជិក បង់វិភាគទាន យឺតយ៉ាវ ឬ មិន បង់តែម្តង។ ឧទាហរណ៍ អាមេរិក ដែលជា ម្ចាស់ជំនួយធំជាងគេ របស់ អង្គការ សហប្រជាជាតិ តំណាង ឲ្យ ២២% នៃ កេសថវិកា នៅជំពាក់ បង់មិនទាន់ គ្រប់ចំនួន ជាង១៥០០លាន ដុល្លារ គិត ត្រឹមចុងឆ្នាំ ២០២៤។ ១៥០០លានដុល្លារ ជាចំនួន ដ៏ច្រើន ព្រោះវាសឹងតែ ស្មើនឹងជិត ពាក់កណ្តាល នៃ ថវិកា ជាង ៣៧០០លាន ដុល្លារ ដែល អង្គការ សហប្រជាជាតិត្រូវការសម្រាប់ដំណើរការរបស់ ស្ថាប័ន និង បេសកកម្ម ជួយដោះស្រាយវិបត្តិមនុស្ស ធម៌ក្នុងពិភពលោកសម្រាប់ឆ្នាំ២០២៥។ នេះបើតាម អ្នកនាំពាក្យ របស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ មុន នឹង បន្ថែមថា ចិន ឯណោះវិញ ដែលជាអ្នកផ្តល់វិភាគទាន ធំទី ២បន្ទាប់ពី អាមេរិក ក៏នៅ មិនទាន់ បង់គ្រប់ ប្រាក់ ដែល ចិន សន្យាសម្រាប់ ឆ្នាំ ២០២៥នៅឡើយទេ។

កេសថវិកា ដែលប្រហោងក្រហត ដោយសារ រដ្ឋសមាជិក បង់មិនទាន់ពេលវេលា ឬ មិនបង់តែម្តង ជារឿងមួយ។ ប៉ុន្តែ ការគំរាម កាត់ផ្តាច់ ជំនួយទាំងស្រុង របស់ រដ្ឋបាល លោកដូណាល់ ត្រាំ ជាកង្វល់ពិតៗ ដែល អង្គការ សហប្រជាជាតិ ប្រញាប់រួសរាន់ រិះរក មធ្យោបាយ ជាបន្ទាន់ ។ បើតាម កំណត់ទូត របស់ ក្រសួងការ បរទេស អាមេរិក រដ្ឋបាលលោកដូណាល់ ត្រាំ គ្រោង នឹង លែងបង់វិភាគទាន របស់ខ្លួន ទៅក្នុងកេសថវិការបស់អង្គការ សហប្រជាជាតិ ។

រាល់កំណែទម្រង់ ការរឹតត្បិតថវិការបស់អង្គការ សហប្រជាជាតិនឹង ត្រូវ ឆ្លងកាត់ការបោះឆ្នោត យល់ ព្រម ជាមុន ពីប្រទេស សមាជិក ចំនួន ១៩៣ របស់អង្គការ សហប្រជាជាតិ ជាពិសេស ក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែ នៅមុន កំណែទម្រង់អាច លេចរូបរាងឡើង ទៅទៀត  វិបត្តិខ្វះថវិកា បានជំរុញ ឲ្យ ស្ថាប័នមួយចំនួន របស់ អង្គការ សហប្រជាជាតិ ប្រកាសរួចជាស្រេច កាត់បន្ថយ ការចំណាយ ចំនួន បុគ្គលិក តួយ៉ាង យូនីសេហ្វ គ្រោង នឹង កាត់បន្ថយ ការចំណាយ ២០% ការិយាល័យ កិច្ចការមនុស្ស ធម៌ ដែល កំពុង ផ្តោតការងារជួយ ប្រជាជន នៅតាម ប្រទេស ដែលកំពុង ជួបសង្រ្គាមដូចជា អ៊ុយក្រែន ស៊ូដង់ជាដើម បាន ប្រកាសកាត់បន្ថយ បុគ្គលិក ២០%។ អង្គការ ទទួលបន្ទុកជួយ ជនអន្តោប្រវេសន៍នឹង កាត់បន្ថយ ថវិកា៣០% ។ ដើម្បីសន្សំសំចៃ កាត់បន្ថយ ការចំណាយ ឲ្យបាន កាន់តែច្រើន ទីស្នាក់ការ របស់ស្ថាប័ន អង្គការសហប្រជាជាតិមួយចំនួន នឹង ត្រូវ រើចេញពីទីក្រុង ញូវយ៉ក ហ្សឺណែវ ទៅនៅ ទីក្រុង ណៃរ៉ូប៊ី របស់ ប្រទេស កេនយ៉ាវិញ ដែលមានតម្លៃចំណាយតិច៕

Nº.0655




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top