កម្លាំងសមត្ថកិច្ច បង្រ្កាបបានក្មេងទំនើងជាង ៣០នាក់ បញ្ជូនទៅកាន់ពន្ធនាគារ
ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥
ភ្នំពេញ៖ រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបន្តបង្រ្កាប និងបញ្ជូនក្មេងទំនើងជាង ១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជាង ៣០នាក់ ទៅពន្ធនាគារ។ នេះបើយោងតាមការឱ្យដឹងពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ បានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើង ត្រូវបានអនុវត្តជាប្រចាំ បើទោះបីរយៈពេលកន្លងមកនេះមានការថយចុះ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងការដឹកនាំអនុវត្តរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ប្រតិបត្តការបង្ក្រាបក្មេងទំនើងបាន ៣០នាក់ និងបានបញ្ជូនទៅពន្ធនាគារក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង សៀមរាប ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ៕
Nº.0656