លោកដូណាល់ត្រាំ បញ្ជាឲ្យផ្អាកផ្តល់ទិដ្ឋាការដល់និស្សិតបរទេស និង ហាមឃាត់មិនឲ្យទទួលនិស្សិតបរទេសចូលរៀននៅសកលវិទ្យាអាមេរិក

7News

លោកដូណាល់ត្រាំ បញ្ជាឲ្យផ្អាកផ្តល់ទិដ្ឋាការដល់និស្សិតបរទេស និង ហាមឃាត់មិនឲ្យទទួលនិស្សិតបរទេសចូលរៀននៅសកលវិទ្យាអាមេរិក

ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥៖

ក្រសួងការបរទេសអាមេរិកបានចេញបទបញ្ជា នៅថ្ងៃពុធ ទី២៨ ឧសភា  ឲ្យស្ថានទូតនិងកុងស៊ុលអាមេរិកទាំងអស់ ផ្អាកជាបណ្តោះអាសន្នផ្តល់ទិដ្ឋាការដល់និស្សិតបរទេស។ សេចក្តីសម្រេចនេះធ្វើឡើងចំពេលដែលរដ្ឋបាលលោកដូណាល់ត្រាំកំពុងកាត់មូលនិធិសម្រាប់សកលវិទ្យាល័យទូទាំងប្រទេស និង ហាមឃាត់មិនឲ្យទទួលនិស្សិតបរទេសចូលរៀននៅសកលវិទ្យាអាមេរិក។  

រដ្ឋបាលលោកដូណាល់ត្រាំ ទើបតែបានហាមឃាត់ សកលវិទ្យាល័យ Harvard មិន ឲ្យទទួលនិស្សិតបរទេសចូលរៀន ជាមួយនឹងទិដ្ឋាការប្រភេទ F និងប្រភេទJ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ នៅថ្ងៃពុធ ទី២៨ ឧសភា ក្រសួងការបរទេសអាមេរិកបានបញ្ជាឲ្យស្ថានទូតនិងស្ថានកុងស៊ុលរបស់ខ្លួនទាំងអស់ នៅក្រៅប្រទេស ផ្អាកជាបណ្តោះអាសន្ន ការផ្តល់ទិដ្ឋាការដល់និស្សិតបរទេស ឬ កម្មវិធីផ្លាស់ប្តូរនិស្សិត ដោយរងចាំបទបញ្ជាថ្មី។ សេចក្តីសម្រេចនេះធ្វើឡើងចំពេលដែលរដ្ឋបាលលោកដូណាល់ត្រាំកំពុងកាត់មូលនិធិសម្រាប់សកលវិទ្យាល័យទូទាំងប្រទេស និង ហាមឃាត់មិនឲ្យទទួលនិស្សិតបរទេសចូលរៀននៅសកលវិទ្យាល័យអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានលើកឡើងថា ការផ្អាកជាបណ្តោះផ្តល់ទិដ្ឋាការដល់និស្សិតបរទេសនេះ គឺដើម្បីពិនិត្យមើលថាតើនិស្សិតដែលមានបំណងមកបន្តការសិក្សានៅសហរដ្ឋអាមេរិក ចេះដឹងពីច្បាប់អាមេរិកកម្រិតណា និង គ្មានចេតនាប្រព្រឹត្តបទឧក្រិដ្ឋណាមួយ ដែលបង្កអសន្តិសុខ នៅលើទឹកដីអាមេរិក។

ក្រុមនិស្សិតអាមេរិកកាំងនិងនិស្សិតបរទេសបាននាំគ្នាចុះផ្លូវធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរដ្ឋបាលលោកដូណាល់ ត្រាំ បញ្ឈប់ការធ្វើទុកបុកម្និញ និងឈប់បំបិទសិទ្ធសេរីភាពរបស់និស្សិតបរទេសតទៅទៀត។ ចាប់តាំងពីវិលត្រឡប់មកកាន់អំណាចសាជាថ្មីនៅសេតវិមាន កាលពីថ្ងៃទី២០ មករា លោកដូណាល់ ត្រាំ ក៏ធ្លាប់បានបញ្ជាឲ្យដកហូតទិដ្ឋាការរបស់និស្សិតបរទេសរាប់ពាន់នាក់រួចមកហើយ។ ចំណែកឯ និស្សិតបរទេសដែលបានចូលរួមធ្វើបាតុកម្មគាំទ្រប្រជាជនប៉ាឡេស្ទីន នៅទឹកដីអាមេរិក ត្រូវចាប់ខ្លួន និង ប្រឈមនឹងការបណ្តេញចេញពីអាមេរិក។

សកលវិទ្យាលអាមេរិកជាច្រើនបានចោទលោក ដូណាល់ ត្រាំ ថាបានរំលោទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់និស្សិតបរទេសទាំងនោះ។ ទង្វើដែលលោកកំពុងធ្វើ គឺជាការបញ្ចូលមនោគមវិជ្ជាជាតិនិយម និងអភិរក្សនិយមទៅក្នុងវិស័យអប់រំ ការស្រាវជ្រាវ និងវប្បធម៌ ជាពិសេសការធ្វើទុកបុកម្និញនិសិ្សតបរទេស។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មាននិស្សិតបរទេសចំនួនប្រមាណ ១ភាគ៤ កំពុងបន្តការសិក្សា នៅតាមបណ្តាសកលវិទ្យាល័យអាមេរិក។ ដូច្នេះ បទបញ្ជាផ្អាកផ្តល់ទិដ្ឋាការដល់និស្សិតបរទេសរបស់រដ្ឋបាលលោកដូណាល់ ត្រាំ នឹងអាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលរបស់សកលវិទ្យាល័យអាមេរិក៕

Nº.0720




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top