គិតចាប់ពីខែ មករាដើមឆ្នាំ ២០២៥មក នៅបារាំង មានករណីចាប់ជំរិតទារប្រាក់ យ៉ាងហោច ៤ករណី

7News

គិតចាប់ពីខែ មករាដើមឆ្នាំ ២០២៥មក នៅបារាំង មានករណីចាប់ជំរិតទារប្រាក់ យ៉ាងហោច ៤ករណី 

ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥៖

មួយរយៈចុងក្រោយនេះ មានករណី សកម្មភាពឧក្រិដ្ឋ ចាប់ជំរិតទារប្រាក់ពីអ្នកមាន ប្រាក់ឌីជីថល កាន់តែច្រើនឡើងៗមិនថានៅសហរដ្ឋអាមេរិក ឬនៅអឺរ៉ុប។ ការចាប់ជំរិតដែល ពេលខ្លះ បានកើតឡើងនៅទីសាធារណៈ កណ្តាលក្រុងថែមទៀតផង។ នៅព្រឹកថ្ងៃទី ៣០ឧសភា សមត្ថកិច្ចបារាំង បានចាប់ឃាត់ខ្លួន មនុស្ស យ៉ាងហោច ២៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណី ប៉ុនប៉ងចាប់ជំរិត សមាជិក ក្រុមគ្រួសារ ថៅកែ ក្រុមហ៊ុនលុយ ឌីជីថលម្នាក់ដ៏ល្បីឈ្មោះ។

គិតចាប់ពីខែ មករាដើមឆ្នាំ ២០២៥មក នៅបារាំង មានករណីចាប់ជំរិត ឬប៉ុនប៉ងជំរិត ចំនួនយ៉ាងហោច ៤ករណី ដែលជនរងគ្រោះសុទ្ធតែជាមនុស្ស ស្ថិតក្នុង វិស័យ លុយឌីជីថល ឬក៏ជាសមាជិកក្រុមគ្រួសារ។ រៀងរាល់លើក គឺក្រុមជនទុច្ចរិតបានទាមទារប្រាក់រំលស់ ជាលុយឌីជីថលដ៏ច្រើនសន្ធឹក ។

ជាក់ស្តែង កាលពីខែមករា លោក David Balland ស្ថាបនិក ក្រុមហ៊ុនចាត់ចែង លុយ ឌីជីថលឈ្មោះ Ledger ជាមួយនឹងភរិយា ត្រូវបាន ក្រុមជនឧក្រិដ្ឋចាប់ជំរិត នៅភាគកណ្តាល ប្រទេសបារាំង។ ក្រុមចាប់ជំរិតបានកាត់ម្រាមដៃ ថតវីដេអូ ផ្ញើ និងទារប្រាក់រំលស់ ជាលុយឌីជីថល។ ទីបំផុត ២៤ម៉ោង ក្រោយ មក សមត្ថកិច្ចបារាំង បាន រំដោះជនរងគ្រោះ មកវិញ នៅថ្ងៃទី ២២មករា ចំណែក ភរិយាលោកម្នាក់នេះ ត្រូវសមត្ថកិច្ចរកឃើញ ដៃជើង ជាប់ចំណងក្នុងឃ្លុប រថយន្ត មួយនៅថ្ងៃបន្ទាប់ ។ ករណីនេះ សមត្ថកិច្ចបារាំងបានចាប់ឃាត់ខ្លួន មនុស្ស ចំនួន ៩នាក់ ។


ដើមខែមករាដែរ បុរសម្នាក់អាយុ ៥៦ឆ្នាំ ត្រូវបានសមត្ថកិច្ចប្រទះឃើញក្នុង ឃ្លុបរថយន្ត ដៃជាប់ចំណង ជិតទីក្រុង ឡឺ ម៉ង់ ខាងលិចប្រទេសបារាំង។ ផ្អែកតាម បណ្តាញព័ត៌មានបារាំង ជនរងគ្រោះនោះ គឺជាឪពុករបស់ បុរសអ៊ីនហ្វ្លូអិនសឺម្នាក់ នៅទីក្រុងឌូបៃ ដែលតែងតែងបង្ហោះវីដេអូ អួតអំពី ប្រាក់ចំណូលជាលុយឌីជីថល ដ៏ច្រើន សំបើម របស់ខ្លួន ។ ហើយ នៅថ្ងៃទី ១ឧសភា ឪពុករបស់ សេដ្ឋីលុយឌីជីលម្នាក់ទៀត ត្រូវបាន ក្រុមចាប់ជំរិត ចាប់នៅ សង្កាត់ លេខ ១៤កណ្តាលក្រុងប៉ារីស។ នគរបាល បារាំងបាន រំដោះបានមកវិញ ២ថ្ងៃក្រោយ មក ។ មនុស្សយ៉ាងហោច៦ នាក់ ត្រូវសមត្ថកិច្ចបារាំងវែកមុខនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ចំណែក កាលពីថ្ងៃទី ១៣ឧសភាថ្មីៗនេះ ស្ត្រីម្នាក់និងកូន ប្រុសត្រូវបាន ក្រុមទុច្ចរិតប៉ុនប៉ងចាប់អូសដាក់ក្នុងរថយន្ត នៅវេលាម៉ោង ៨ព្រឹក ក្នុងសង្កាត់ទី ១១ក្រុងប៉ារីស។ ជនរងគ្រោះនៃអំពើប៉ុនប៉ងចាប់ជំរិត នេះ គឺជាកូនស្រីនិងចៅប្រុសរបស់ លោកអគ្គនាយក្រុមហ៊ុនលុយឌីជីថល ដ៏ល្បីម្នាក់ ឈ្មោះក្រុមហ៊ុន Paymium។ អ្នកជិត ខាងបានថតវីដេអូហេតុការណ៍ ធ្វើ ឲ្យ ផ្អើលពេញបណ្តាញសង្គមនៅបារាំង។ សមត្ថកិច្ច បារាំងបាន បើកការស៊ើបអង្កេតទ្រង់ទ្រាយធំ ចាប់ឃាត់ខ្លួនមនុស្ស បាន ២៥នាក់ បញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី ៣០ឧសភា ។

គួរកត់សំគាល់ថា ករណី ចាប់ជំរិតផ្ទួន ៗគ្នា ធ្វើទៅ លើ សេដ្ឋីឬអ្នករកស៊ីមានលុយឌីជីថលច្រើនទាំងនេះ បានធ្វើ ឲ្យ អ្នកធ្វើការក្នុងវិស័យនេះ មានការព្រួយបារម្ភជាខ្លាំង។ កាលពីថ្ងៃទី ១៦ ឧសភា ក្រុមអ្នកជំនួញក្នុងវិស័យនេះ បានជួបប្រជុំជាមួយ លោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Bruneau Retailleau ដើម្បីនិយាយអំពីបញ្ហាសន្តិសុខរបស់ពួកគេ ។ អ្នកខ្លះបាន លើកឡើងថា ថាបារាំង បច្ចុប្បន្ន មានអសន្តិសុខ អំពើឧក្រិដ្ឋយ៉ាង អាណាធិបតេយ្យ ជិតដូចប្រទេសម៉ិកស៊ិក ហើយ ។

គួរបញ្ជាក់ដែរថាករណី ចាប់ជំរិតអ្នកមាន លុយ ឌីជីថល មិនមែនមាននៅតែបារាំងទេ គឺបាន កើតឡើងច្រើនករណីនៅតាមប្រទេសផ្សេងៗ។ ករណីចាប់ជំរិតស្រដៀងនេះ ផ្សេងៗទៀត បាន កើតឡើងនៅអេស្ប៉ាញ និង នៅប៊ែលហ្សិកជាដើម ។ កាលពីដើមខែឧសភា សេដ្ឋីលុយឌីជីថលជនជាតិអ៊ីតាលីម្នាក់ ត្រូវបាន ជន ឃុប ឃិត ២នាក់ បោកប្រាស់ចាប់ជំរិត និងធ្វើទារុណកម្ម រយៈពេល២សប្តាហ៍ នៅសង្កាត់សូហូ ទីក្រុងញូយ៉ក ដើម្បីយកលេខសម្ងាត់ គណនី លុយBitcoin។ ជនដៃម្នាក់ ត្រូវបានសមត្ថកិច្ច ក្រុងញូយ៉កចាប់ឃាត់ខ្លួន និងម្នាក់ទៀតបាន ប្រគល់ខ្លួន ឲ្យសមត្ថកិច្ច បន្ទាប់ពីបានរត់គេចខ្លួន អស់ ៣សប្តាហ៍ ៕

Nº.0725

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top