ចរចា បរាជ័យ រុស្ស៊ី បាញ់ ដ្រូនយ៉ាង ប្រសាចខ្លាំង និងប្រកាសកាន់កាប់ដី១ដុំទៀតរបស់ អ៊ុយក្រែន
ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥៖
ក្រោយ ពិធី សូត្រ ធម៌ ចូល កាន់ តំណែង ជា ផ្លូវ ការ រួច ភ្លាម សម្តេច ប៉ាប ឡេអ៊ុង ១៤ បាន ទទួល ជួប ប្រធានាធិបតី អ៊ុយក្រែន ហ្សេឡេនស្គី នៅ បុរី វ៉ាទីកង់ មុន គេ។ ជា មួយ នឹង សេចក្តី អំពាវនាវ ឱ្យ មាន ការ កសាង ពិភពលោក ថ្មី ក្នុង សន្តិភាព សម្តេច ប៉ាបថា អ៊ុយក្រែន រង់ចាំ ការ ចរចាដើម្បី បាន ទទួល សន្តិភាព ដ៏ យុត្តិធម៌ និង ជា និរន្តន៍។ ប៉ុន្តែ រុស្ស៊ី របស់ លោក ពូទីន មិន ខ្វល់ ឮ ទេ។ យោធា រុស្ស៊ី បាន វាយប្រហារ ដោយ ដ្រូន ក្នុង ចំនួន ដ៏ ច្រើន បំផុត មិនធ្លាប់ មានលើ អ៊ុយក្រែន និង ប្រកាស ដណ្តើមកាន់កាប់ ដី អ៊ុយក្រែនបាន មួយ ដុំ បន្ថែម ទៀត។
នៅក្នុង ពិធី សម្ពោធ ចូល កាន់ តំណែង ជា ផ្លូវ ការ ដែល មាន ថ្នាក់ ដឹកនាំ រដ្ឋ- រដ្ឋាភិបាល នៃ បណ្តា ប្រទេស ជា ច្រើន នៅ លើ ពិភពលោកចូល រួម សម្តេច ប៉ាប ឡេអុង ១៤ បាន អំពាវនាវ ឱ្យ មាន ការ កសាង ពិភពលោក ថ្មី រស់ ក្នុង សន្តិភាព។ ក្រៅ អំពី ថ្លែង ទុក្ខ ចំពោះ មហន្តរាយ មនុស្សធម៌ នៅហ្កាហ្សា ដែល មនុស្ស ក្មេង ចាស់ ប្រុស ស្រី ទាំងគ្រួសារៗ កំពុង រងគ្រោះ អត់ ឃ្លាន និង ទុក្ខវេទនា របស់អ៊ុយក្រែន ដែលរង់ចាំ ការ ចរចា ដើម្បី ទទួល បាន សន្តិភាព ដ៏យុត្តិធម៌ និង យូរ អង្វែង សម្តេច ប៉ាប បាន ទទួល ជួប ប្រធានាធិបតី អ៊ុយក្រែន ដោយ ផ្ទាល់ទៀត នៅ បុរី វ៉ាទីកង់។ លោក ហ្សេឡេនស្គី បាន ថ្លែង អំណរ គុណ សម្តេចសង្ឃ ដោយ សង្ឃឹម ថាការ ប្រសិទ្ធិ ពរ ជ័យសុំ សន្តិភាព របស់ព្រះ អង្គនឹង ក្លាយ ជា ការ ពិត។ ក្នុង ឱកាស នេះ ដែរ លោក ប្រធានាធិបតី អ៊ុយក្រែន បាន ជួបជជែក គ្នា ជាមួយ លោក អនុប្រធានាធិបតី អាមេរិក JD Vances ជា លើក ទីមួយ តាំង ពី បាន ប្រទាក់ សំដី គ្នា ខ្លាំង នៅ សេតវិមានមក។
ប៉ុន្តែ នៅក្នុងផ្ទៃ ប្រទេស អ៊ុយក្រែន កំពុង រង ការ វាយប្រហារ ដោយ ដ្រូន ពី សំណាក់ រុស្ស៊ី ក្នុង ចំនួន ដ៏ ច្រើន បំផុត មិន ធ្លាប់ មាន ពី មុន មក ទេ។ បើ តាម យោធា អ៊ុយក្រែន ក្នុងយប់ ថ្ងៃ សៅរ៍ ឆ្លង ចូល ថ្ងៃអាទិត្យ រុស្ស៊ី បាន បាញ់ ដ្រូនអត្តឃាត ប្រភេទ Shahed ចំនួន ២៧៣គ្រឿង ចូល ទឹក ដី អ៊ុយក្រែន ជា ច្រើន តំបន់ រាប់ ទាំង ក្រុង កៀវ ផង។ ប្រព័ន្ធ ការពារ អ៊ុយក្រែនកម្ទេច បានតែ ៨៨ គ្រឿង ឯ១២៨ គ្រឿង ទៀតរបូត បាត់ ។ ២៧៣ ដ្រូន ក្នុង មួយយប់ ជា ឯតទគ្គកម្ម ថ្មី របស់ រុស្ស៊ី ដែល ចង់បង្ហាញឱ្យ ឃើញ កាន់ តែ ច្បាស់ អំពី ឆន្ទៈបន្តសង្គ្រាម សម្លាប់ ជន ស៊ីវិល។ នេះជា ប្រតិកម្ម របស់ ថ្នាក់ នាំ អ៊ុយក្រែន ។
ការ វាយប្រហារ ដោយ ដ្រូន យ៉ាង សន្ធាប់ នេះ ប្រព្រឹត្ត ទៅ តែ ប៉ុន្មាន ម៉ោង ក្រោយ ពី លោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិក ប្រកាស ចង់ ទូរស័ព្ទ ទៅ សមភាគី រុស្ស៊ី លោក ពូទីន ដើម្បីសាកល្បង រក ដំណោះស្រាយ បញ្ចប់ ជម្លោះ និង តែ មួយ ថ្ងៃ ក្រោយ កិច្ចចរចា ដោយ ផ្ទាល់រវាង ភាគី អ៊ុយក្រែន និង រុស្ស៊ី នៅ តួកគី បាន បិទ បញ្ចប់ ដោយ គ្មាន លទ្ធផល ជុំ វិញ បទ ឈប់ បាញ់។ សម្រាប់ ប្រធានាធិបតី ពូទីន ដែល ទើប ចេញមុខ ថ្លែង ជា សាធារណៈនៅ ថ្ងៃ អាទិត្យនេះ រុស្ស៊ី ចង់ លុប បំបាត់ មូល ហេតុ ដើម នៃ សង្គ្រាមដោយ បង្កើត លក្ខខណ្ឌ សន្តិភាព ជានិរន្តន៍ និង ធានា បាន នូវ សន្តិសុខ សម្រាប់ រុស្ស៊ី។ ហើយ យោធា រុស្ស៊ី មានកម្លាំង និង មធ្យោបាយ គ្រប់ គ្រាន់ ក្នុង ការ សម្រេច កម្មវត្ថុនេះ។ សូម បញ្ជាក់ ថា តាំង ពី ចូល ឈ្លានពាន នៅ ខែ កុម្ភៈ ឆ្នាំ ២០២២ មក យោធា រុស្ស៊ី ដណ្តើម កាន់ កាប់ទឹក ដី អ៊ុយក្រែន បាន ២០%។ ថ្ងៃ នេះ រុស្ស៊ី បាន ប្រកាស ដណ្តើម កាន់ កាប់ ភូមិ ថ្មី មួយ ទៀត នៃ តំបន់Donetsk៕
Nº.0690