លោកដូណាល់ ត្រាំ ប្រកាសចេញ «បទឈប់បាញ់ទាំងស្រុងនិងជាបន្ទាន់» រវាងឥណ្ឌានិងប៉ាគីស្ថាន
ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥៖
បន្ទាប់ពីបានវាយប្រហារគ្នាទៅវិញទៅមកយ៉ាងសន្ធាប់ ៤ថ្ងៃជាប់គ្នា ឥណ្ឌានិងប៉ាគីស្ថានសុខចិត្តទទួលយកបទឈប់បាញ់ទាំងស្រុង និងជាបន្ទាន់ តាមសំណើរបស់អាមេរិក កាលពីថ្ងៃសៅរ៍ ទី១០ ឧសភា។ ក៏ប៉ុន្តែភាគីជម្លោះទាំងពីរបន្តប្រយុទ្ធគ្នា នៅតាមបណ្តោយព្រំដែនក្នុង តំបន់ កាស្មៀរ រហូតដល់ព្រឹកថ្ងៃអាទិត្យ ដោយបានចោទដាក់គ្នាអំពីការរំលោភបទឈប់បាញ់នេះ។
លោកដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា«បទឈប់បាញ់ទាំងស្រុងនិងជាបន្ទាន់»រវាងឥណ្ឌានិងប៉ាគីស្ថានចូលជាធរមាន នៅថ្ងៃសៅរ៍ ទី១០ ឧសភា វេលាម៉ោង៥ល្ងាច (ម៉ោងក្នុងស្រុក) មុនការបញ្ជាក់ជាផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌានិងប៉ាគីស្ថាន។ លោកប្រធានាធិបតីអាមេរិករូបនេះ បានសម្តែងការត្រេកអរ និងមោទនភាព ដែលភាគីជម្លោះទាំងពីរយល់ព្រមតាមសំណើបទឈប់បាញ់របស់អាមេរិក បន្ទាប់ពីបានជជែកគ្នាអស់ជាច្រើនម៉ោង។ លោកត្រាំក៏បានសន្យានៅថ្ងៃអាទិត្យនេះ ថានឹងបង្កើនការដោះដូរពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសទាំងពីរ។
ដោយឡែក ប្រមុខដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប តួយ៉ាង បារាំង អង់គ្លេស និង អាល្លឺម៉ង់ បានចូលរួមសាទរចំពោះបទឈប់បាញ់រវាងប្រទេសទាំងពីរ។ រីឯ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សង្ឃឹមថាកិច្ចព្រមព្រមព្រៀងបទឈប់បាញ់រវាងឥណ្ឌានិងប៉ាគីស្ថាន នឹងអាចនាំទៅរកសន្តិភាពយូរអង្វែង ព្រមទាំងបង្កើតការសន្ទនា ដើម្បីដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃដណ្តើម តំបន់កាស្មៀររវាង ប្រទេសទាំងពីរ ។
ប៉ុន្មានម៉ោងក្រោយពីការប្រកាសបទឈប់បាញ់ រដ្ឋាភិបាលឥណ្ឌានិងប៉ាគីស្ថាន បានចោទដាក់គ្នាអំពីការរំលោភបទឈប់បាញ់នេះ។ ក្រសួងការបរទេសឥណ្ឌាបានស្នើឲ្យភាគីប៉ាគីស្ថានចាត់វិធានការសមស្រប ដើម្បីឆ្លើយតបនឹងការរំលោភបំពានបទឈប់បាញ់ ព្រមទាំងដោះស្រាយស្ថានការណ៍ដោយយកចិត្តទុកដាក់និងទទួលខុសត្រូវ។ ឆ្លើយតបនឹងការចោទប្រកាន់របស់ឥណ្ឌា ប៉ាគីស្ថានបានបញ្ជាក់យ៉ាងច្បាស់ ថាខ្លួនបានប្តេជ្ញាអនុវត្តបទឈប់បាញ់ដោយស្មោះត្រង់ ហើយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន កំពុងដោះស្រាយស្ថានការណ៍ដោយទទួលខុសត្រូវនិងអត់ធ្មត់។
បើទោះបីជា មានកិច្ចព្រមព្រៀងបទឈប់បាញ់ ក៏ប៉ុន្តែភាគីជម្លោះទាំងពីរនៅបន្តបាញ់ប្លោងដាក់គ្នាទៅវិញទៅមក។ អ្នករាយការណ៍ ព័ត៌មាន បានឱ្យដឹងថា ពិតមានសំឡេងផ្ទុះយ៉ាងសន្ធឹក នៅយប់ថ្ងៃសៅរ៍ នៅទីក្រុង ស្រីនគរ (Srinagar) ទីក្រុងធំរបស់ តំបន់កាស្មៀរ ឥណ្ឌា ។ ការវាយប្រហារគ្នារវាងកងកម្លាំងប្រដាប់អាវុធទាំងពីរនៅបន្តប្រយុទ្ធគ្នា នៅតាមបណ្តោយព្រំដែនក្នុងតំបន់កាស្មៀរប៉ាគីស្ថាន។
សូមរំឭក ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថានបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃពុធ ទី៧ ឧសភា បន្ទាប់ពីក្រុមសកម្មជនប្រដាប់អាវុធ ចូលទៅបាញ់រះ សម្លាប់មនុស្សនៅកន្លែងទេសចរណ៍ ក្នុង តំបន់ ចាមុ និងកាស្មៀរឥណ្ឌា(Jammu Kashmir) នៅថ្ងៃទី ២២មេសា។ គិតត្រឹមពេលនេះ ជម្លោះរវាងភាគីទាំងពីរបានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាច់ ៦០នាក់៕
Nº.0671