នៅអឺរ៉ុប ស្លាប់ជាង ១២ម៉ឺននាក់ ដោយសាររថយន្ត ម៉ាស៊ូតជាង២០០ម៉ូដែល មានកម្រិតផ្សែងពុល
ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៖
នៅអឺរ៉ុប រឿងអាស្រូវពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់ Volkswagen ដែលផ្ទុះឡើងកាលពី១០ឆ្នាំមុន នៅបន្តបង្កផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន។ ក្រុមហ៊ុនអាឡឺម៉ង់មួយនេះបានប្រើបច្ចេកវិទ្យាបន្លំ ពេលធ្វើតេស្តវាស់ស្ទង់កម្រិតបញ្ចេញផ្សែងបំពុលបរិយាកាសចំពោះរថយន្តប្រើម៉ាស៊ីនម៉ាស៊ូតរបស់ខ្លួន។ មូលហេតុនេះហើយបានជាអង្គការការពារបរិស្ថាន ClientEarth ស្នើឲ្យមជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិងខ្យល់ស្អាតរបស់ប្រទេសហូឡង់ ស្រាវជ្រាវលើការបញ្ចេញផ្សែងពុលក្នុងបរិយាកាសពីរថយន្តម៉ាស៊ូត។
ឆ្នាំបន្ទាប់ពីរឿង អាស្រូវពាក់ព័ន្ធនឹង ក្រុមហ៊ុនផលិតរថយន្ត អាល្លឺម៉ង់ Volkswagen រថយន្តប្រើម៉ាស៊ីនម៉ាសូតរាប់លានគ្រឿងដែលបញ្ចេញផ្សែងពុលខ្លាំងកក្នុងបរិយាកាស បន្តធ្វើចរាចរណ៍នៅតាមដងផ្លូវដដែល។ ប្រសិនបើពុំមានវិធានការទប់ស្កាត់ណាមួយចំពោះបញ្ហានេះ វានឹងបង្កគ្រោះថ្នាក់ដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច នៅសភាពអឺរ៉ុប និង អង់គ្លេស។ នេះបើតាមរបាយការណ៍របស់អង្គការបរិស្ថាន ClientEarth ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ឧសភា។
របាយការណ៍ដដែលនេះបានបង្ហាញថា រថយន្តប្រើម៉ាស៊ីនម៉ាស៊ូត ជាង ២០០ម៉ូដែល ដែលផលិតនៅរវាងឆ្នាំ ២០០៩ ដល់ ២០១៩ បាន ប្រើ បច្ចេកវិទ្យា លួច បន្លំ ពេល ធ្វើ តេស្តវាស់ ស្ទង់កម្រិតរ បញ្ចេញ ផ្សែង បំពុលបរិយាកាស។ អ្នកស្រាវជ្រាវបានធ្វើតេស្តឡានម៉ាស៊ូតទាំង ២០០ម៉ូដែលនោះ ឃើញមានកម្រិតផ្សែងពុលអាស៊ូតអុកស៊ីតខ្លាំង និង ភាគល្អិតដែលបញ្ចេញដោយម៉ាស៊ីនម៉ាស៊ូត លើសការកំណត់អនុញ្ញាតិ។ អង្គការក្រៅរដ្ឋាភិបាលបានរិះគន់អាជ្ញាធរសភាពអឺរ៉ុបនិងអាជ្ញាធរអង់គ្លេស ថាបានព្រងើយកន្តើយនឹងបញ្ហានេះ និង មិនបានចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះក្រហ៊ុនផលិតរថយន្តទាំងនោះ។
ចំណែកឯ ផ្សែងពុលក្នុងបរិយាកាសក៏អាចបង្កផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតប្រជាជន ជាពិសេសអាចបង្កជាជំងឺគាំងបេះដូង និង ដាច់សសៃឈាមក្នុងខួរក្បាល។ លើសពីនេះ វាក៏អាចធ្វើឲ្យសួតរបស់កុមារលូតលាស់យឺត និង អាចបង្កឲ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដែរ។ លទ្ធផលស្រាវជ្រាវថ្មីៗបង្ហាញថា ផ្សែងពុលក្នុងបរិយាកាសនេះក៏ជាប្រភពនៃជំងឺមហារីក និង អាចបង្កឲ្យមានជំងឺវង្វេងផង។
សូមបញ្ចាក់ថា នៅរវាងឆ្នាំ២០0៩និងឆ្នាំ២០២៤ ផ្សែងពុលបរិយាកាសចេញពីរថយន្តប្រើម៉ាស៊ីនម៉ាស៊ូត បានបណ្តាលឲ្យមនុស្ស ចំនួន ១សែន២ម៉ឺន៤ពាន់នាក់ ស្លាប់មុនអាយុ និង កុមារចំនួនប្រមាណ ៩ម៉ឺននាក់កើតជំងឺហឺត ព្រមទាំងមានការឈប់សម្រាកពីការងារ ចំនួនសរុបប្រមាណ ១៥លានថ្ងៃ។ តាមការប៉ាន់ស្មាន ផលប៉ះពាល់នេះត្រូវចំណាយថវិកា ប្រមាណ ៧៦០ពាន់លានអឺរ៉ូ។ ប្រសិនបើរថយន្តទាំងនេះនៅបន្តធ្វើចរចារណ៍នៅលើផ្លូវ ពីពេលនេះដល់ឆ្នាំ២០៤០ វានឹងអាចបង្កហានិភ័យកាន់តែធ្ងន់ធ្ងរជាងនេះ។
បើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវថាមពលនិងខ្យល់ស្អាតរបស់ប្រទេសហូឡង់ ចំនួនអ្នកស្លាប់នឹងអាចកើនឡើង ៨១០០នាក់បន្ថែម និងចំនួនកុមារកើតជំងឺហឺត នឹងអាចកើនឡើង ៥ម៉ឺន៥ពាន់នាក់បន្ថែម ព្រមទាំងចំណាយថវិកា ៤៣០ពាន់លានអឺរ៉ូបន្ថែមទៀត៕
Nº.0722