លោកដូណាល់ ត្រាំ ប្រកាសអត្រាពន្ធ៥០% លើទំនិញអឺរ៉ុបនាំចូលទឹកដីអាមេរិក
ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥៖
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រ អំពីការដំឡើងពន្ធ ៥០% លើទំនិញអឺរ៉ុបនាំចូលទឹកដីអាមេរិក និង ថាឈប់ចង់រកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងសហភាពអឺរ៉ុប។ អត្រាពន្ធ ៥០% លើសហភាពអឺរ៉ុបនឹងចាប់អនុវត្ត នៅថ្ងៃអាទិត្យទី ១ មិថុនា ចុងសប្តាហ៍ក្រោយ។ ឆ្លើយតបនឹងការប្រកាសគំរាមរបស់លោកដូណាល់ ត្រាំ អឺរ៉ុបចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងអាមេរិក ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក និង មិនមែនគំរាមកំហែងឡើយ។
ការប្រកាសដំឡើងពន្ធ ៥០% សម្រាប់ទំនិញអឺរ៉ុបនាំចូលទឹកដីអាមេរិក របស់លោកប្រធានាធិបតីអាមេរិក ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន កាលពីថ្ងៃសុក្រ ទី២៣ ឧសភា ប៉ុន្មានម៉ោងក្រោយពីបានបង្ហោះសារ នៅលើបណ្តាញសង្គម Truth Social របស់លោក។ នៅក្នុងវីដេអូនេះ លោកដូណាល់ ត្រាំ បានអះអាងថាលែងចង់រកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប ដោយសារតែអឺរ៉ុបនាំគ្នាកេងចំណេញលើអាមេរិក។ អត្រាពន្ធ ៥០% លើសហភាពអឺរ៉ុបនឹងចូលជាធរមាន នៅថ្ងៃអាទិត្យទី ១ មិថុនា ខាងមុខ។ លោកប្រធានាធិបតីអាមេរិករូបនេះបានបន្តទៀតថា ប្រសិនជាក្រុមហ៊ុនអឺរ៉ុបសាងសង់រោងចក្រលើទឹកដីអាមេរិក អាមេរិកនឹងមិនយកពន្ធឡើយ។ ហើយអំឡុងពេលកំពុងសាងសង់រោងចក្រ លោកនឹងអាចពន្យាពេល ឬ ផ្អាកការយកពន្ធលើក្រុមហ៊ុននោះ។ ឆ្លៀតក្នុងឱកាសនេះ លោកដូណាល់ ត្រាំ ក៏បានអះអាងថា អាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹង អង់គ្លេសនិងចិនរួចរាល់ហើយ។ ក្រោយពីការប្រកាសរបស់ប្រធានាធិបតីអាមេរិករូបនេះ តម្លៃភាគហ៊ុននៅផ្សារមូលប័ត្រនៅអាមេរិក និងជាពិសេសនៅអឺរ៉ុប បានធ្លាក់ដាំក្បាលចុះ។
ឆ្លើយតបនឹងការគំរាមដំឡើងពន្ធ ៥០% លើទំនិញអឺរ៉ុប របស់លោកដូណាល់ ត្រាំ សហភាពអឺរ៉ុបនឹងធ្វើការជាមួយនឹងអ្នកតំណាងពាណិជ្ជកម្មអាមេរិក ដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក មិនមែនមកគំរាមកំហែងឡើយ។ កិច្ចព្រមព្រៀងនេះទៀតសោត នឹងធ្វើឡើងដាច់ដោយឡែកពីគ្នាសម្រាប់ប្រទេសអឺរ៉ុបទាំង ២៧ប្រទេស។ សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការអឺរ៉ុប។ កាលពីដើមខែឧសភានេះ អឺរ៉ុបក៏បានគំរាមដំឡើងពន្ធលើរថយន្តនិងយន្តហោះរបស់អាមេរិក នាំចូលទឹកដីអឺរ៉ុប ដែលមានទំហំទឹកប្រាក់រហូតដល់ ៩៥ពាន់លានដុល្លារ បើសិនការចរចាពន្ធគយរវាងអឺរ៉ុបនិងអាមេរិកទទួលបរាជ័យ។
សូមរំឭកថា នៅប៉ុន្មានខែចុងក្រោយនេះ សហភាពអឺរ៉ុបក៏ធ្លាប់បានរងគ្រោះ ដោយសារការ ដំឡើង ពន្ធរបស់រដ្ឋបាលលោកដូណាល់ ត្រាំ ក្នុងនោះ ២៥% លើដែក អាលុយមីញ៉ូម និងរថយន្ត ព្រមទាំង ២០% លើទំនិញផ្សេងទៀត នាំចូលទៅអាមេរិក។ ក្រោយមក លោកដូណាល់ ត្រាំ បានប្រកាស ផ្អាក ការអនុវត្ត ពន្ធគយ បដិការ រយៈ ពេល ៩០ ថ្ងៃ។
ក្រៅពីប្រកាសដំឡើងពន្ធលើសហភាពអឺរ៉ុប លោកដូណាល់ ត្រាំ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ដោយគំរាមដំឡើងពន្ធ ២៥% លើទូរស័ព្ទដៃ Iphone របស់ក្រុមហ៊ុន Apple ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះមិនព្រមរើរោងចក្ររបស់ខ្លួនមកផលិតក្នុងទឹកដីអាមេរិក។ បើតាមអ្នកវិភាគអាមេរិកមួយរូបបានលើកឡើងថា ការរើរោងចក្រមកផលិតទូរស័ព្ទដៃ Iphone ក្នុងស្រុក ត្រូវចំណាយពេលយ៉ាងហោចណាស់ ពី៥ឆ្នាំ ទៅ១០ឆ្នាំ។ ប្រសិនបើរើរោងចក្រមកផលិតនៅអាមេរិកពិតមែន នោះតម្លៃទូរស័ព្ទដៃ Iphone នឹងឡើងថ្លៃកប់ពពក។ សូមបញ្ជាក់ថា អគ្គនាយកក្រុមហ៊ុន Apple លោក Tim Cook បានអះអាងកាលពីដើមខែឧសភា កន្លងទៅ ថាក្រុមហ៊ុន Apple សន្យាសាងសង់រោងចក្រនៅលើទឹកអាមេរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០០ពាន់លានដុល្លារ សម្រាប់រយៈពេល ៤ឆ្នាំខាងមុខ។
Nº.0706