អ៊ុយក្រែន បានបញ្ជាយានដ្រូន ចំនួន ១០៥គ្រឿងចូលវាយ ប្រហារក្នុងទឹកដី រុស្ស៊ី
ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥៖
នៅយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារទី ៦ឧសភា អ៊ុយក្រែនបានបញ្ជូនយានដ្រូន ប្រមាណជាង ១០០គ្រឿងចូលទៅដល់ ក្បែរ រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ។ នេះអាចចាត់ទុក បានថា ជាការបង្ហាញកម្លាំង យ៉ាងច្បាស់ ថាអ៊ុយក្រែន អាចមានលទ្ធភាពវាយ ប្រហារដល់ទីក្រុងម៉ូស្គូ ខណៈដែលនៅ បាំងតែ៣ថ្ងៃទៀតប៉ុណ្ណោះ រុស្ស៊ីនឹង រៀបចំ ពិធី បុណ្យ រំឭកខួបជ័យជំនះ នៃកងទ័ពក្រហមសូវៀត កាលពីអំឡុងសង្គ្រាមលោក លើកទី ២។ តាមការគ្រោងទុក លោក ស៊ី ជីនពីង ក៏នឹងមានវត្តមានដែរ នៅក្នុងកម្មវិធីនេះ នៅទីក្រុង ម៉ូស្គូ។
អ៊ុយក្រែន បានបញ្ជាយានដ្រូន ចំនួន ១០៥គ្រឿងចូលមកវាយ ប្រហារក្នុងទឹកដី រុស្ស៊ី កាលពីយប់ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារទី ៦ឧសភា។ ផ្អែកតាម អភិបាលក្រុងម៉ូស្គូ យ៉ាងហោចណាស់ មានដ្រូន ចំនួន ១៩ គ្រឿងដែលបានហោះសំដៅចូលមកវាយដល់ក្រុងម៉ូស្គូ តែត្រូវប្រព័ន្ធខែល ការពារផ្លូវអាកាសចាប់កម្ទេចបាន ។ ដ្រូន ទាំងជាង ១០០គ្រឿងរបស់អ៊ុយក្រែន បានបង្ខំឲ្យអាជ្ញាធររុស្ស៊ី បិទផ្អាក ដំណើរការ អាកាសយានដ្ឋានចំនួន ជាង ១០ ទីតាំង ក្នុងនោះ មាន ៤ស្ថិតនៅក្បែររដ្ឋធានីម៉ូស្គូ ។
នៅព្រឹកថ្ងៃអង្គារ ទី៦ឧសភា បណ្តាញទូរទស្សន៍ រុស្ស៊ីបានផ្សាយរូបភាពបង្ហាញ ឲ្យឃើញ ជញ្ជាំងកញ្ចក់ ហាងទំនិញនៅទីក្រុង ម៉ូស្គូ ត្រូវបែក ខាតបន្ទាប់ពីរង កម្លាំងផ្ទុះរបស់ដ្រូនអ៊ុយក្រែន កាលពីពេលយប់។ រូបភាពខ្លះទៀត បង្ហាញ ឲ្យ ឃើញ បំណែកដ្រូនអ៊ុយក្រែន ធ្លាក់នៅលើ ផ្លូវ ក្នុងក្រុងម៉ូស្គូ ។
ការសំរុក បង្ហោះដ្រូនបង្ហាញ កម្លាំង និងដើម្បី គំរាមពីសំណាក់អ៊ុយក្រែន បានធ្វើ ឲ្យ មានការភ័យបុកពោះ មិន តិចដែរ សម្រាប់រុស្ស៊ី ដែលកំពុងតែត្រៀមរៀបចំកម្មវិធី ដ៏ធំប្រចាំឆ្នាំ នៅទីក្រុង ម៉ូស្គូ។ ថ្ងៃសុក្រ ទី ៩ ឧសភា លោក ពូទីននឹងធ្វើជាអធិបតី នៅក្នុងកម្មវិធី រំឭកខួប នៃជ័យជំនះរបស់ កងទ័ពក្រហម សូវៀត កាលពីជំនាន់ សង្គ្រាមលោក លើក ទី ២។ ដូចជារៀងរាល់ដង កម្មវិធីនេះ នឹងមាន ការដើរដង្ហែរក្បួនយោធាយ៉ាងអធិ កអាធំ ជាមួយនឹងការបង្អួតកម្លាំង កងទ័ព ព្រមទាំងគ្រឿងសព្វាវុធរបស់សព្វមុខរបស់រុស្ស៊ី។ ផ្អែកតាមការគ្រោងទុក លោក ប្រធានាធិបតីចិន ស៊ី ជីនពីង ក៏នឹងមានវត្តមាននៅក្នុងកម្មវិធី នេះដែរ ជាមួយ នឹងមេដឹកនាំពិភពលោក ជិត ៣០ប្រទេសទៀត។
ទន្ទឹមគ្នានេះ កងទ័ពចិន និង កងទ័ពប្រទេសប្រមាណ ១២ប្រទេសទៀត ក៏នឹងមានវត្តមានដើរដង្ហែរក្បួន ជាមួយកងទ័ពរុស្ស៊ីដែរ ។ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ក្រសួងការបរទេសអ៊ុយក្រែនបានចេញ លិខិតប្រកាសមួយ អំពាវនាវ ទៅកាន់ ប្រទេសទាំងអស់ ថាមិនត្រូវ បញ្ជូន កងទ័ព ឲ្យ ទៅដើរក្បួនជាមួយ កងទ័ពរុស្ស៊ីនៅថ្ងៃ៩ឧសភា ព្រោះថាដើរព្យុហយាត្រាកងទ័ពជាមួយរុស្ស៊ីនៅពេលនេះ គឺមាននន័យថា ចូលរួមទទួលខុសត្រូវចំពោះការបង្ហូរឈាម សម្លាប់កុមារនិងប្រជាជនស្លូតត្រង់អ៊ុយក្រែន ដែល រុស្ស៊ីបាននិងកំពុងតែធ្វើ ជាង ៣ឆ្នាំមកនេះ ។
កាលពីថ្ងៃសៅរ៍ ដែរ លោក ពូទីន បានអនុញ្ញាតឲ្យគេចូលទៅថតនិងសម្ភាសន៍ លោក នៅក្នុងវិមានក្រេមឡាំង ដោយ លោក បានបង្ហាញ ឲ្យឃើញជាលើកទី មួយ នៅ ព្រះវិហារមួយកន្លែងដែលលោកតែងតែទៅ ស្មឹងស្មាត សូត្រធម៌បន់ស្រន់។ បន្ថែមពីនេះ លោក បានប្រកាសថា ថានឹងផ្អាកការប្រយុទ្ធ រវាង ពីថ្ងៃទី ៨ដល់ថ្ងៃទី ១០ឧសភា ក្នុងឱកាសបុណ្យជ័យជំនះ ៩ ឧសភា។
លោក ហ្សេឡេនស្គី បាន ប្រតិកម្ម សរសើរថាលោកពូទីន ពូកែសំដែងឆាកល្ខោនណាស់ តែសម្រាប់អ៊ុយក្រែន មិនចាញ់ បោកនោះឡើយ។ ទាក់ទិននឹងការព្រួយបារម្ភផ្នែកសន្តិសុខ ពីខាងរុស្ស៊ី នៅ ក្នុងកម្មវិធីដង្ហែរក្បួនកងទ័ពនៅទីក្រុងម៉ូស្គូនេះ លោក ហ្សេឡេនស្គី បាន លើកឡើងក្នុងន័យគំរាមដោយ ប្រយោលថា រុស្ស៊ី គិតត្រូវហើយដែល ភ័យនោះ ព្រោះអ៊ុយក្រែន មានសមត្ថភាព វាយប្រហារដល់ក្រុងម៉ូស្គូ។ ដូច្នេះ អ្នកទៅចូលរួម ត្រូវដឹងនិងយល់ពីហានិភ័យនេះ៕
Nº.0659