សិង្ហបុរី៖ ប្រឈមនឹងភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មប្រជាជនបោះឆ្នោតឲ្យបក្សកាន់អំណាចដឹកនាំ១អាណត្តិទៀត

7News

សិង្ហបុរី៖ ប្រឈមនឹងភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មប្រជាជនបោះឆ្នោតឲ្យបក្សកាន់អំណាចដឹកនាំ១អាណត្តិទៀត

ចេញផ្សាយនៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៥៖

គណបក្សកាន់អំណាចសិង្ហបុរីបានទទួលជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកល ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៣ ឧសភា ដោយទទួលបានអាសនៈច្រើនបំផុតក្នុងសភា ពោលគឺ ៨៧ អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន ៩៧។ លោកនាយករដ្ឋមន្រ្តី ឡរ៉ែនស៍ វ័ង Lawrence Wong នៅបន្តដឹកនាំរដ្ឋាភិបាលសិង្ហបុរី មួយអាណត្តិទៀត ដើម្បីប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចសកល ដោយសារការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ។

នៅសិង្ហបុរី គណបក្សសកម្មភាពប្រជាជនដែលជាបក្សកាន់អំណាចចាស់វស្សា ដឹកនាំប្រទេស ៦០ឆ្នាំមកហើយ បានឈ្នះឆ្នោតសាជាថ្មី។ គណបក្សកាន់អំណាចទទួលបាន ៨៧អាសនៈ ពោលគឺប្រមាណ៩០% ក្នុងចំណោមអាសនៈសរុបក្នុងសភា។ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ទី ៣ឧសភា គណបក្សកាន់អំណាចទទួលបានសន្លឹកឆ្នោតគាំទ្រ ប្រមាណ ៦៥,៥៧% ច្រើនជាងជ័យជំនះនៃការបោះឆ្នោតសកលឆ្នាំ២០២០ ដែលទទួលបាន ៦១,២%។ រីឯ គណបក្សពលករដែលជាបក្សប្រឆាំងដ៏សំខាន់ ទទួលបានតែ ១០អាសនៈប៉ុណ្ណោះ។ ដូច្នេះ លោក ឡរ៉ែនស៍ វ័ង ដែលទើបឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីបន្តពីលោក លី សៀនឡុង កាលពីខែឧសភា ឆ្នាំ២០២៤ នឹងបន្តដឹកនាំប្រទេសមួយអាណតិ្តទៀត។

ប្រឈមនឹងភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មបង្កឡើងដោយសហរដ្ឋអាមេរិក ប្រជាជនសិង្ហបុរីបានសម្រេចជ្រើសរើសលោក ឡរ៉ែនស៍ វ័ង មកពីគណបក្សកាន់អំណាច ឲ្យបន្តកាន់តំណែងនាយករដ្ឋមន្រ្តីដឹកនាំប្រទេស។ នៅក្នុងសុន្ទរកថា អបអរជ័យជំនះនៅយប់ថ្ងៃសៅរ៍ទី ៣ឧសភា លោកនាយករដ្ឋមន្រ្តីសិង្ហបុរី វ័យ៥២ឆ្នាំ រូបនេះ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានផ្តល់ទំនុកចិត្តដល់គណបក្សសកម្មភាពប្រជាជន ឲ្យបន្តដឹកនាំប្រទេសមួយអាណត្តិទៀត។ លោក ឡរ៉ែនស៍ វ័ង បានបន្តទៀតថា ជ័យជំនះនេះនឹងធ្វើឲ្យរដ្ឋាភិបាលរបស់លោកបន្តដោះស្រាយបញ្ហាប្រឈមចម្បងមួយចំនួន រួមមាន ទំនិញឡើងថ្លៃ និងតម្លៃអចលនទ្រព្យកើនឡើង។

ជាក់ស្តែង លោកសង្ឃឹមថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ឡរ៉ែនស៍ វ័ង នឹងផ្តល់ភាពងាយស្រួលក្នុងការទទួលបានលំនៅឋានរបស់រដ្ឋ។ មូលហេតុដែលយុវជនរសិង្ហបុរីភាគច្រើនបោះឆ្នោតឲ្យគណបក្សកាន់អំណាចបន្តដឹកនាំប្រទេស ក៏ព្រោះតែពួកគេយល់ថា លោក ឡរ៉ែនស៍ វ័ង ជាបុគ្គលមួយរូបមានសមត្ថភាពគ្រប់គ្រាន់ អាចដោះស្រាយបញ្ហាចម្បងចំពោះមុខ ដោយសារការដំឡើងពន្ធគយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ៕

Nº.0654




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top